អន្តរជាតិ
ប្រមុខUN៖ ភាពច្រំដែលនៃការបាត់បង់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញ ត្រូវតែបញ្ឈប់
06, May 2022 , 10:29 pm        
រូបភាព
ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ United Nations
ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ United Nations
ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៥ ខែឧសភា បានទទូចឱ្យបញ្ឈប់ភាពច្រំដែលនៃបាត់បង់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលកំពុងកើតមាននៅអ៊ុយក្រែន។ បើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ ការបញ្ឈប់ទង្វើអមនុស្សធម៌ទាំងនោះ គឺដើម្បីប្រយោជន៍ប្រជាជនអ៊ុយក្រែន រុស្ស៊ី និងពិភពលោកទាំងមូល។

 
សង្រ្គាមនៅអ៊ុយក្រែន ដែលអូសបន្លាយរយៈពេលជាង ៧០ថ្ងៃ បានបង្កឱ្យប្រជាជនស៊ីវិលស្លាប់ និងរបួសជាច្រើន ខណៈប្រជាជនជាច្រើនលាននាក់ បានភៀសខ្លួនចេញពីប្រទេស។ តាមទិន្នន័យស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNCHR) គិតត្រឹមថ្ងៃទី៣ ខែឧសភា ប្រជាជនអ៊ុយក្រែនចំនួន ៣១៩៣នាក់ បានបាត់បង់ជីវិត និងរបួសចំនួន ៣៣៥៣នាក់។ ចំណែកប្រជាជន ដែលភ្លៀសខ្លួនចេញពីអ៊ុយក្រែនមានប្រមាណជាង ៥,៧លាននាក់។ 
 
ជាមួយនឹងវិនាសកម្មទាំងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានជំរុញជាថ្មីឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានដើម្បីបង្ការការស្លាប់នៃជីវិតមនុស្ស និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងៗ។ បើតាមលោក ហ្គូតេរ៉េស ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាការបំពានបូរណភាពដែនដី និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ 
 
«វាត្រូវតែបញ្ចប់ ដើម្បីប្រយោជន៍ប្រជាជនអ៊ុយក្រែន រុស្ស៊ី និងពិភពលោកទាំងមូល។...ភាពច្រំដែលនៃការស្លាប់ ការបំផ្លិចបំផ្លាញ, ការភៀសខ្លួន, និងការបាក់បែក ត្រូវតែបញ្ឈប់»។ ប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខក្នុងថ្ងៃទី៥ ខែឧសភា។ 
 
ជាមួយគ្នានេះ លោក ហ្គូតេរ៉េស បានបញ្ជាក់ជាថ្មីពីជំនួបរវាងលោក និងលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជុំវិញការផ្តល់ជំនួយមនុស្សធម៌ និងទីក្រុងគ្រប់គ្រងដោយរុស្ស៊ី ដោយក្នុងនោះរួមមានក្រុង Mariupol ផង។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរៀបចំការបើកច្រកមនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនស៊ីវិលចាកចេញពីរោងចក្រដែក Azovstal នៅក្នុងក្រុង Mariupol។ កន្លងមក រុស្ស៊ី បានប្រកាសបើកច្រកមនុស្សធម៌ឱ្យប្រជាជនស៊ីវិលភៀសខ្លួនចេញពីរោងចក្រដែករយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា។ 
 
នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខ ប្រមុខUN បានប្តេជ្ញា បន្ថែមប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ ជួយសង្រ្គោះប្រជាជន និងកាត់បន្ថយការរងគ្រោះរបស់ប្រជាជន។ លោក ហ្គូតេរ៉េស បានអះអាងថា សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ទីផ្សារប្រភពថាមពល, បង្អាក់ប្រព័ន្ធហិរញ្ញវត្ថុ និងជះឥទ្ធិពលដល់ប្រទេសកំពុងអភិវឌ្ឍ។
 
លោ​ក ហ្គូតេរ៉េស ក៏ប្រាប់ក្រុមប្រឹក្សាសន្តិសុខដែរថា ប្រតិបត្តិការ​ជម្លៀសជនស៊ីវិលចេញពីទីក្រុងកំពង់ផែ Mariupol របស់អ៊ុយក្រែន និងរោងចក្រដែកថែប Azovstalលើកទី៣ កំពុងដំណើរការ។ 
 
មកទល់ពេលនេះ UN និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានជួយជនស៊ីវិលជាង៥00នាក់ ភៀសខ្លួនចេញពីទីក្រុង Mariupol ក្នុងអំឡុងពេលប្រតិបត្តិការជាលើកទីពីរក្នុងសប្តាហ៍មុន។ យ៉ាងណាមិញលោក ហ្គូតេរ៉េស បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតពីប្រតិបត្តិការជម្លៀសពលរដ្ឋថ្មីជាលើកទី៣នេះ  ដើម្បីជៀសវាងផលប៉ះពាល់ដែលអាចកើតមាន៕
 
 

Tag:
 UN
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com