ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា និងសម្តេច ហ៊ុន សែន អង្គុយពិសាអាហារ និងជជែកគ្នាអស់៤ម៉ោង
09, May 2022 , 11:22 am        
រូបភាព
ឆ្វេងដៃ៖ សម្តេច ហ៊ុន សែន (សម្លៀកបំពាក់ពណ៌ស) និង លោក កឹម សុខា។ ស្តាំដៃ៖ លោក មុត ចន្ថា (ពាក់ម៉ាស់) អ្នកស្រី ម៉េង សុភារី និង លោក មាជ សុវណ្ណារ៉ា។ រូបពីតេឡេក្រាមរបស់សម្តេច ហ៊ុន សែន
ឆ្វេងដៃ៖ សម្តេច ហ៊ុន សែន (សម្លៀកបំពាក់ពណ៌ស) និង លោក កឹម សុខា។ ស្តាំដៃ៖ លោក មុត ចន្ថា (ពាក់ម៉ាស់) អ្នកស្រី ម៉េង សុភារី និង លោក មាជ សុវណ្ណារ៉ា។ រូបពីតេឡេក្រាមរបស់សម្តេច ហ៊ុន សែន
ដោយ៖ ទេពញាណ 
 
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានឱកាសបានអង្គុយពិសាអាហារ និងនិយាយគ្នា ពេលលោក កឹម សុខា ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេច ហ៊ុន សែន នៅឯខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២។



លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី៩ ខែឧសភានេះថា លោក កឹម សុខា និង សម្តេច ហ៊ុន សែន បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងពិស្តារ អំពីបញ្ហាជាតិចម្បងៗ មានជាអាទិ៍ យុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជន និង ការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយបរិបទជំងឺកូវីដ-១៩ ជាដើម។ លោក មុត ចន្ថា ដែលស្ថិតក្នុងជំនួបរវាងអ្នកនយោបាយជាន់ខ្ពស់ទាំង២រូបដែរនោះ បានអះអាងថា៖«កិច្ចសន្ទនានេះ បានចំណាយរយៈពេល៤ម៉ោង ប្រកបដោយការស្ថាបនា និងការយោគយល់គ្នា ដែលបានបញ្ចប់ដោយអាហារសម្រន់សាមគ្គីក្នុងមនោសញ្ចេតនាសប្បាយរីករាយ»។ 
 
តើលោក កឹម សុខា មានបានស្នើឲ្យសម្តេច ហ៊ុន សែន ជួយសម្រួល ឬជួយរកដំណោះស្រាយលើសំណុំរឿងរបស់លោកដែរឬទេ? ក្នុងសំណេររបស់លោក មុត​ ចន្ថា មកកាន់សារព័ត៌មានថ្មីៗ ពុំមានចម្លើយត្រង់កន្លែងនេះឡើយ។ 
 
លោក កឹម សុខា សរសេរសារខ្លីលើទំព័រហ្វេសប៊ុកថា៖«[…] ខ្ញុំ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរផងដែរ»។ 
 
លោក មាជ សុវណ្ណារ៉ា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះលើគណនីហ្វេសប៊ុក (Meach Sovannara CNRP) ថា ជំនួប៤ម៉ោងរវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា ជាដំណើរឆ្ពោះទៅរកការផ្សះផ្សារបួសស្នាមបែកបាក់ និងជំនឿជឿជាក់គ្នា សម្រាប់ជាផលប្រយោជន៍ជាតិ។ មានវត្តមានក្នុងជំនួបរវាងសម្តេច ហ៊ុន សែន និង លោក កឹម សុខា ដែរនោះ មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ បង្ហាញការមើលឃើញថា៖«ដំណោះស្រាយចំពោះមុខប្រឈមនឹងជម្លោះវិបត្តិនយោបាយកម្ពុជា ខ្មែរគ្រប់និន្នាការ អាចនិយាយគ្នាបាន។ ខ្មែរធ្វើបាន គឺត្រូវបង្ហាញ និងពង្រឹងស្មារតីសាមគ្គីជាតិនិយម ជាជាងពង្រីកជម្លោះរវាងខ្មែរនិងខ្មែរ»។ 
 
សូមជម្រាបថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការជំនាញទី៤នៃរដ្ឋសភា បានទទួលមរណភាព ក្នុងវ័យ៧២ឆ្នាំ ដោយជំងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ សពសម្តេច នឹងត្រូវរៀបចំបញ្ចុះនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ។ 
 
កាលពីមហាឧបាសិកា ប៊ុន ស៊ាងលី ម្តាយបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងជាម្តាយក្មេករបស់សម្តេច ហ៊ុន សែន ទទួលមរណភាពក្នុងខែឧសភា ឆ្នាំ២០២០ ក៏លោក កឹម សុខា បានទៅគោរពវិញ្ញាណក្ខន្ធដែរ ហើយបានជួបពិភាក្សាគ្នាជាមួយសម្តេច ហ៊ុន សែន ប្រមាណ១ម៉ោង ក្នុងរោងបុណ្យនាពេលនោះ៕ 
 
 

Tag:
 ហ៊ុន សែន
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com