ជាតិ
​​​ន​យោ​បាយ​ជាតិ​
អឺរ៉ុប ចង់ព្យួរប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង, មន្រ្តី តបថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេច
09, May 2022 , 10:59 pm        
រូបភាព
កិច្ចប្រជុំសភាអឺរ៉ុប កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២
កិច្ចប្រជុំសភាអឺរ៉ុប កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២
ដោយ៖ ទេពញាណ 
 
សភាអឺរ៉ុប បានបើកកិច្ចប្រជុំ កាលពីថ្ងៃ៥ ខែឧសភា ឆ្នាំ២០២២ ហើយបានអនុម័តញត្តិមួយស្តីពីដំណោះស្រាយនៅកម្ពុជា ដោយក្នុងញត្តិនោះ មាននិយាយពីប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ (EBA)។ ក្នុងចំណោមសមាជិកសភាអឺរ៉ុប៥៩៤នាក់ ដែលស្ថិតក្នុងកិច្ចប្រជុំ មាន៥២៦នាក់ ដែលបោះឆ្នោតគាំទ្រញត្តិស្តីពីដំណោះស្រាយនៅកម្ពុជា។

 
តាមរយៈញត្តិនោះ សភាអឺរ៉ុប បានអំពាវនាវទៅគណៈកម្មការអឺរ៉ុប ដែលមានសមត្ថកិច្ចក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ថា៖«ត្រូវឃ្លាំមើលឲ្យបានដិតដល់លើការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា ដែលនឹងមកដល់នៅពេលខាងមុខ ហើយត្រូវត្រៀមខ្លួនប្រើគ្រប់យន្តការលើកម្ពុជា បូករួមទាំងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង និងការដាក់ទណ្ឌកម្មផ្សេងទៀត បើអ្នកសង្កេតការណ៍ រកឃើញភស្តុតាងថា ការបោះឆ្នោតមិនត្រឹមត្រូវ»។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា គឺស្ថិតក្នុងបន្ទាត់ក្រហម។ លោក ពន្យល់ថា បើប្រជាពលរដ្ឋខ្មែរម្នាក់ រកចំណូលបានជាមធ្យមចាប់ពី១៥០០ដុល្លារឡើងទៅ ក្នុង១ឆ្នាំ (ឆ្លងផុតពីបន្ទាត់ក្រហម) នោះគណៈកម្មការអឺរ៉ុប នឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជាវិញ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ អ្នកនាំពាក្យរូបនេះ អត្ថាធិប្បាយដូច្នេះថា៖«អ្វីដែលជាលទ្ធផលល្អសម្រាប់កម្ពុជា នៅពេលគេផ្តាច់ EBA គឺបង្កើតឱកាសមួយ សម្រាប់ការប្រឹងប្រែងរបស់យើង ដែលយើង បានត្រៀមលក្ខណៈរួចស្រេចហើយ ហើយក្លាយជាប្រជាជាតិមួយ ដែលមានមោទនភាព ដែលស្ថិតក្នុងភាពឯករាជ្យ ក្នុងការចូលរួមបង់ពន្ធដារឲ្យសហភាពអឺរ៉ុប»។   
 
យោងតាមរបាយការណ៍ពីធនាការពិភពលោក ប្រជាពលរដ្ឋខ្មែរម្នាក់ រកចំណូលបានជាង១៥០០ដុល្លារ ក្នុង១ឆ្នាំនៃឆ្នាំ២០២០។   
 
លោក ផៃ ស៊ីផាន រិះគន់ត្រឡប់ទៅវិញថា អ្នកនយោបាយមួយក្តាប់តូចនៅសហភាពអឺរ៉ុប បានយករឿង EBA មកគាបសង្កត់លើការបោះឆ្នោត និងលើនយោបាយកម្ពុជា ដែលខុសនឹងលក្ខខណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។ ខុសលក្ខខណ្ឌ ដែលលោកចង់មានន័យនោះ គឺនៅត្រង់ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា គឺដោយសារចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា ឈានដល់កម្រិតដែលតម្រូវឲ្យសហភាពអឺរ៉ុប ត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញវិញ តែពួកគេ បែរជានិយាយថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា គឺពាក់ព័ន្ធនឹងនយោបាយ។  
 
ក្រៅពីនេះ សភាអឺរ៉ុប បានអំពាវនាវឲ្យរដ្ឋាភិបាល ក៏ដូចជាតុលាការកម្ពុជា ទម្លាក់បទចោទចេញពីថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដូចជា លោក សម រង្ស៊ី លោក កឹម សុខា អ្នកស្រី មូរ សុខហួរ និងអ្នកប្រឆាំងផ្សេងទៀត ព្រមទាំងដោះលែងរាល់អ្នកទោសមនសិការ។ សភាអឺរ៉ុប ថែមទាំងជំរុញឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់ការរឹតត្បិតការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការសាធារណៈ ហើយអាជ្ញាធរ ត្រូវធានាដល់គ្រប់គណបក្សនយោបាយ ឲ្យអាចធ្វើយុទ្ធនាការបោះឆ្នោតដោយស្មើភាព និងតម្លាភាព ចំពោះការពោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣។  
 
ក្នុងញត្តិរបស់ខ្លួន សភាអឺរ៉ុប ក៏បានរំលេចពីឈ្មោះគណបក្សភ្លើងទៀនដែរ។ សភាអឺរ៉ុប អំពាវនាវឲ្យតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ ជួយឃ្លាំមើលស្ថានការណ៍នៅកម្ពុជា ដើម្បីធានាថា គណបក្សភ្លើងទៀន មិនត្រូវបានរំលាយដូចគណបក្សសង្គ្រោះជាតិឡើយ។ 
 
សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០​ភាគរយ ​មានន័យថា កម្ពុជា ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​ប្រមាណ​២០​ភាគរយ ពេល​នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។​
 
លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលកម្ពុជា បានជួយសម្រួលជាច្រើនដល់ដៃគូពាណិជ្ជកម្មរបស់កម្ពុជា តាមរយៈការបន្ធូរបន្ថយពន្ធ ដ្បិតដៃគូពាណិជ្ជកម្មទាំងនោះ ត្រូវបង់ពន្ធប្រមាណ២០ភាគរយ ក្នុងការនាំចូលទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕ 
 
 

Tag:
 កម្ពុជា
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com