​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូនអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន ជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន
10, May 2022 , 8:33 am        
រូបភាព
លោក Ferdinand Marcos Jr ជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន។ រូបថត៖ AFP
លោក Ferdinand Marcos Jr ជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន។ រូបថត៖ AFP
លោក Ferdinand Marcos Jr ដែលត្រូវជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន នៅថ្ងៃទី៩ ខែឧសភា បានឈ្នះការបោះឆ្នោតប្រធានាធិបតី ក្នុងសំឡេងគាំទ្រដ៏ច្រើនលើសលុប។ នេះជាការវិលត្រលប់មកវិញរបស់គ្រួសារ Marcos មកកាន់តំណែងមេដឹកនាំហ្វីលីពីនវិញ។



តាមទិន្នន័យបោះឆ្នោតបឋម បន្ទាប់សន្លឹកឆ្នោតច្រើនជាង ៩០ភាគរយត្រូវបានរាប់រួច លោក Ferdinand Marcos Jr បានទទួលសន្លឹកឆ្នោតគាំទ្រស្ទើរតែ ៣០លានសន្លឹក ដោយចំនួននេះ គឺលើសពីដៃគូប្រជែង លោកស្រី Leni Robredo រហូតដល់ពាក់កណ្តាល។ ចំណែកប្រជាជនចេញទៅបោះឆ្នោតសរុបមានប្រមាណ ៨០ភាគរយ នៃប្រជាជនចេញទៅបោះឆ្នោតសរុប។ នេះបើតាមទិន្នន័យរបស់គណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន។

បន្ទាប់ពីទទួលបានសំឡេងគាំទ្រដ៏លើសលុប អតីតកូនមេដឹកនាំផ្តាច់ការលោក Ferdinand Edralin Marcos បានថ្លែងសារអរគុណចំពោះអ្នកគាំទ្រខ្លួន តាមរយៈវីដេអូ ៩នាទី។ បើតាមលោក Marcos Jr ហ្វីលីពីនមានរឿងជាច្រើនត្រូវធ្វើ ហើយការជម្នះលើគោលដៅទាំងនោះ ទាមទារឱ្យមានការចូលរួមពីប្រជាជនហ្វីលីពីនទាំងអស់។

បន្ទាប់ពីចាញ់ការប្រជែងយកតំណែងអនុប្រធានាធិបតីហ្វីលីពីននាឆ្នាំ ២០១៦ លោក Marcos Jr បានប្តេជ្ញាបង្រួបបង្រួមជាតិ, បង្កើតការងារដល់ប្រជាជន និងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងតម្លៃទំនិញនៅក្នុងប្រទេស ដើម្បីជាផ្នែកមួយកើតចេញពីជំងឺឆ្លងរាតត្បាតកូវីដ-១៩។ មិនតែប៉ុណ្ណោះ ការពួតដៃគ្នាជាមួយកូនស្រីប្រធានាធិបតីហ្វីលីពីនជិតផុតអាណត្តិ លោ​កស្រី Sara Duterte និងមានការគាំទ្រពីសំណាក់ក្រុមអភិជន និងអ្នកមានឥទ្ធិពលនៅហ្វីលីពីន ក៏ជាកត្តាចម្បងមួយជួយឱ្យ អ្នកនយោបាយរូបនេះទទួលបានសំឡេងគាំទ្រច្រើនដែរ។

អត្ថបទទាក់ទង


ការជាប់ឆ្នោតរបស់លោក Marcos Jr ជាការវិលត្រលប់មកវិញនៃគ្រួសារ Marcos បន្ទាប់ពីត្រូវបានប្រជាជនធ្វើបដិវត្តទម្លាក់លោក Ferdinand Edralin Marcos ចេញពីតំណែងនៅក្នុងឆ្នាំ១៩៨៦​។ ក្នុងការដឹកនាំរបស់ឪពុក នៅទសវត្សរ៍ឆ្នាំ១៩៨០ អ្នកនយោបាយប្រឆាំងជាច្រើនពាន់នាក់ ត្រូវបានធ្វើទណ្ឌកម្ម ចាប់ខ្លួន និងបាត់ខ្លួន។ មិនតែប៉ុណ្ណោះ ថវិកាប្រមាណ ១០ពាន់លានដុល្លារ ត្រូវបានលួចថែមទៀត។

យ៉ាងណាមិញ មុនការបោះឆ្នោតនេះ វេបសាយត្រួតពិនិត្យការពិត Tsek.ph បានអះអាងថា វាមានព័ត៌មានមិនពិតមួយចំនួន ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម។ ដោយព័ត៌មានទាំងនោះ បានវាយប្រហារលោកស្រី Robredo ដៃគូប្រជែង និងលើកតម្កើងលោក Marcos Jr។

កន្លងមក អ្នកការពារសិទ្ធិមនុស្ស មិនពេញចិត្តលោក Marcos Jr ឡើយ ដោយប្រៀបធៀបការដឹកនាំរបស់លោកទៅនឹងឪពុកថែមទៀត។ លោកស្រី Mae Paner សកម្មជនហ្វីលីពីនមួយរូប បានយល់ថា វានឹងមានស្ថានភាពអាក្រក់រយៈពេល ៦ឆ្នាំខាងមុខ។ ទន្ទឹមនេះ អ្នកវិភាគផ្សេងទៀត ព្រមានថា ការឡើងកាន់អំណាចរបស់លោក Marcos Jr នឹងធ្វើឱ្យតុល្យភាព និងការត្រួតពិនិត្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ ខណៈអំពើពុករលួយនឹងកើនឡើង៕

© រក្សាសិទ្ធិដោយ thmeythmey.com