ជាតិ
សេដ្ឋកិច្ច
យូណេស្កូ ផ្តល់សម្ភារអេឡិចត្រូនិកដល់ក្រសួងអប់រំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​សមត្ថភាពគ្រូបង្រៀន ​
10, May 2022 , 6:59 pm        
រូបភាព
ពិធីប្រគល់ទទួលជាផ្លូវការនូវសម្ភារអេឡិចត្រូនិចសម្រាប់រង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ។ រូបថត ៖ Moeys
ពិធីប្រគល់ទទួលជាផ្លូវការនូវសម្ភារអេឡិចត្រូនិចសម្រាប់រង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ។ រូបថត ៖ Moeys
ដោយ ៖ ធន់ សេងហុង 
 
ក្រសួងអប់រំ បានទទួលកុំព្យូរទ័រយួរដៃ ២គ្រឿង, ថេមប្លេតចំនួន ១០២គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយ LCD ចំនួន១គ្រឿង ពីអង្គការយូណេស្កូ សម្រាប់ប្រើប្រាស់ក្នុងការងាររង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៅក្នុងគម្រោង STPEcam-GPE3។ គម្រោង STEPCam មានគោលបំណងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់គុណភាពអប់រំទាំងមូលដោយពង្រឹងសមត្ថភាពគ្រូបង្រៀននៅកម្រិតបឋមសិក្សា។ ​

 
អង្គការយូណេស្កូ បាននៅថ្ងៃទី៩ ឧសភា ​ប្រគល់កុំព្យូរទ័រយួរដៃ ២គ្រឿង, ថេមប្លេតចំនួន ១០២គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយ LCD ចំនួន១គ្រឿង ដល់ក្រសួងអប់រំ សម្រាប់ប្រើប្រាស់ក្នុងការងាររង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៅក្នុងគម្រោង STPEcam-GPE3។ ​
 
​លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអរគុណដល់អង្គការយូណេស្កូ ចំពោះការផ្តល់សម្ភារអេឡិចត្រូនិចទាំងអស់នេះ។ បើតាមលោក ណាត ប៊ុនរឿន យូណេស្កូ បានសហការអនុវត្តរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៃគម្រោងពង្រីកកម្មវិធីអប់រំគ្រូនៅកម្ពុជា(STEPcam-GPE3) តាមប្រព័ន្ធអនឡាញ នៅតាមសា​លារៀនចំនួន៣៤០ ក្នុងខេត្តគោលដៅចំនួន៩ ដោយបានអនុវត្តរង្វាយតម្លៃនៅឆ្នាំ២០​២​០ ហើយគ្រោងអនុវត្តន៍រង្វាយតម្លៃ នៅចុងឆ្នាំ២០២២បន្តទៀត។ គោលបំណងនៃការធ្វើ       រង្វាយតម្លៃ គឺដើម្បីឱ្យការអនុវត្តរង្វាយតម្លៃ អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង (EGRA និងEGMA) ដែលគាំទ្រដោយគម្រោងពង្រឹងការអប់រំគ្រូនៅកម្ពុជា (STEPcam-GPE3) ក្លាយជាមធ្យោបាយមួយ ដែលអាចយកមកប្រើសម្រាប់វាស់វែងគុណភាព នៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយភាពត្រឹមត្រូវ។
 
រដ្ឋលេខាធិការក្រសួងអប់រំ ក៏មិនភ្លេចជំរុញមន្ត្រីអនុវត្តគម្រោងទាំងអស់ ត្រូវពង្រឹងសមត្ថភាពប្រើប្រាស់កម្មវិធី Tangerine នៅក្នុង Tablet ដើម្បីគ្រប់គ្រង និងប្រមូលទិន្ន័យតេស្តរង្វាយតម្លៃអំណានដំបូង និងគណិតវិទ្យាដំបូង។ លោក ក៏បានជំរុញឱ្យសហការជាមួយគ្រប់ដៃគូអភិវឌ្ឍក្នុងអនុវត្តគម្រោងទាក់ទងនឹងអំណាន និងគណិតវិទ្យាថ្នាក់បូង ដើម្បីសិក្សាស្វែងយល់ ក៏ដូចជាពិនិត្យមើលការអនវត្តកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅ​កម្ពុជា​។ «ត្រូវពង្រីងកិច្ចសហការជាមួយនាយកដ្ឋានជំនាញ និងនាយកដ្ឋានពាក់ព័ន្ធ ក្នុងការប្រើប្រាស់កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ឱ្យបានដល់គ្រប់សាលារៀនបឋ​មសិក្សា នៅទូទាំងប្រទេស។ ចូលរួមពិភាក្សាជាមួយអ្នកពាក់ព័ន្ធ និងគ្រូបង្រៀន ដើម្បីរិះរកវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ជាពិសេសលើផ្នែកដែលរកឃើញថាមានបញ្ហាខ្លាំង។ ចូលរួពង្រឹងការបញ្ជា្របវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៅតាមស្ថាប័នបណ្តុះបណ្តាលគ្រូ។»។ នេះជាការណែនាំរបស់ លោក ណាត ប៊ុនរឿន ទៅមន្ត្រីអនុវត្តគម្រោង។
 
ជុំវិញការពង្រឹងសមត្ថភាពមន្ត្រីអប់រំនេះ លោក Sadar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា គូសបញ្ជាក់ថា គ្រូបង្រៀនដែលមានសមត្ថភាពផ្នែកឌីជីថល និងមានសម្ភារឌីជីថ​ល​ចាំបាច់ ដើម្បីឲ្យពួកគេផ្តល់ការអប់រំប្រកបដោយគុណភាព។ ការវិនិយោគលើបច្ចេកវិទ្យាឌីជីថល នៅកម្រិតផ្សេងផ្សេងនៃប្រព័ន្ធអប់រំ នឹងធានាថា ប្រព័ន្ធអប់រំដែលរឹងមាំ និងបរិយាប័ន្នកាន់តែមានភាពប្រសើរ ដែលពិតជាផ្ដល់ការអប់រំពិតប្រាកដ ដល់សិស្សានុសិស្សទាំងអស់ក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ៩ ខែឧសភា។ 
 
នៅក្នុងសនិ្នបាតបូក​សរុបប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ  សម្តេច ហ៊ុន សែន បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន គឺជាអាទិភាពមួយ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ដំណើរវិវត្តន៍ឌីជីថលនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់ផងដែរ អំពីតម្រូវការក្នុងការបញ្ចូលបច្ចេកវិទ្យា ទៅក្នុងកម្មវិធីសិក្សានៅគ្រប់កម្រិត នៃប្រព័ន្ធអប់រំ។ ហើយការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងអក្ខរកម្មឌីជីថល នឹងជួយឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រៀមលក្ខណៈកាន់តែប្រសើរឡើង ដើម្បីជួយដល់ការអប់រំកុមារ ក៏ដូចជាយុវជនកម្ពុជា និងការកាត់បន្ថយការប៉ះពាល់អវិជ្ជមាន នៃការរាតត្បាតជំងឺកូវីដ-១៩ ឬការរំខានស្រដៀងគ្នានេះ នៅពេលអនាគត។
 
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០២១ អង្គការយូណេស្កូ បានផ្តល់កុំព្យូទ័របន្ទះ (ថេបប្លេត)ចំនួន ៦៥៨ កុំព្យូទ័រយួរដៃចំនួន ៤៩គ្រឿង និងឧបករណ៍សម្រាប់រៀបចំសន្និសីទតាមប្រព័ន្ធវីដេអូ ដល់ក្រសួងអប់រំ យុវជន និងកីឡា។ UNESCO ក៏បានផ្តល់កុំព្យូទ័របន្ទះ និងកុំព្យូទ័រយួរដៃ ចំនួន១០៤គ្រឿងបន្ថែមទៀត នៅក្នុងកម្មវិធីនាថ្ងៃនេះ​ដែរ៕
 
 

Tag:
 UNESCO អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com