ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ចាត់ទុកជំនួបលោកជាមួយខ្មែរ និងបរទេស ថាបង្ហាញពីការផ្តល់តម្លៃដល់លោក «ដែលមិនរត់ចោលស្រុក»
11, May 2022 , 11:23 am        
រូបភាព
ជំនួបរវាងលោក កឹម សុខា និង សម្តេច ហ៊ុន សែន ក្នុងពិធីបុណ្យសពសម្តេ​ច ហ៊ុន ណេង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ (រូបពីតេឡេក្រាមរបស់សម្តេច)។ ជំនួបរវាងលោក កឹម សុខា និងលោក ផាទ្រិក មើហ្វី កន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)។
ជំនួបរវាងលោក កឹម សុខា និង សម្តេច ហ៊ុន សែន ក្នុងពិធីបុណ្យសពសម្តេ​ច ហ៊ុន ណេង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ (រូបពីតេឡេក្រាមរបស់សម្តេច)។ ជំនួបរវាងលោក កឹម សុខា និងលោក ផាទ្រិក មើហ្វី កន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)។
ដោយ៖ ទេពញាណ 
 
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះលើទំព័រហ្វេសប៊ុកនូវរូបភាពមួយចំនួន ដែលលោក ជួបជាមួយទូត និងតំណាងរដ្ឋបរទេសនានា ដោយអមជាមួយនឹងសំណេរអំពីជំនួបទាំងនោះ។ ក្នុងសំណេរ លោក មិនមែននិយាយតែពីជំនួបរវាងលោកជាមួយបរទេសនោះទេ ដោយលោក ក៏បាននិយាយពីជំនួបរវាងលោកជាមួយខ្មែរគ្នាឯងដែរ។

 
តាមរយៈសំណេរ ដែលបង្ហោះចេញនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក កឹម សុខា លើកឡើងថា ទោះជាជំនួបរវាងលោកជាមួយខ្មែរដូចគ្នា និងជាមួយបរទេសកន្លងមក មិនទាន់មានលទ្ធផលនៃដំណោះស្រាយជាដុំកំភួនក្តី ក៏ជំនួបនេះ បានបង្ហាញឲ្យឃើញទិដ្ឋភាព២យ៉ាង។ ទី១ លោក ជាតួអង្គតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយលោក អាចចូលរួមស្វែងរកដំណោះស្រាយពីបញ្ហាជាតិរវាងខ្មែរ និងខ្មែរ ដោយមានការសាទរពីសហគមន៍អន្តរជាតិ។ ទី២ គឺផ្តល់តម្លៃដល់លោក ដែលប្តេជ្ញាចិត្ត «មិនរត់ចោលមាតុភូមិកម្ពុជា» មិនបោះបង់ចោលឆន្ទៈប្រជាពលរដ្ឋខ្មែរ មានការអត់ធ្មត់ ប្រកាន់យកគោលការណ៍អហិង្សា និងមិនបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ។ 
 
បរទេស ដែលលោក កឹម សុខា បានជួបជាបន្តបន្ទាប់ ហើយត្រូវបានលោកបង្ហាញនោះ មានជាអាទិ៍ លោក ផាទ្រិក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អ្នកស្រី កាមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និង លោក គ្រិស្ទាន បឺហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ ចំណែក ជំនួបជាមួយភាគីខ្មែរនោះ លោក ទំនងជាចង់សំដៅលើសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដ្បិតអ្នកនយោបាយកំពូលទាំង២រូបនេះ ទើបនឹងបានជួបគ្នា ក្នុងពិធីបុណ្យសពសម្តេច ហ៊ុន ណេង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com