ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនអាម៉េរិក Walmart មានបំណងពង្រីកធុរកិច្ច និងនាំចូលផលិតផលបន្ថែមពីកម្ពុជា
11, May 2022 , 7:59 pm        
រូបភាព
តំណាងក្រុមហ៊ុន Walmart លោកស្រី Anbinh Phan និង លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារានាឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ។ រូបថត៖ MOC
តំណាងក្រុមហ៊ុន Walmart លោកស្រី Anbinh Phan និង លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារានាឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក ។ រូបថត៖ MOC
ដោយ ៖ ធន់ សេងហុង 
 
ក្រុមហ៊ុន Walmart មានបំណងពង្រីកការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ព្រមទាំងនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក។

 
តំណាងក្រុមហ៊ុន Walmart លោកស្រី Anbinh Phan បានជួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ ជំនួបភាគីទាំងពីរ ក្រោយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១០ ខែឧសភា។ 
 
បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានលើកឡើងពីបរិយាកាសធុរកិច្ចនៅកម្ពុជា​ រួមមានការចរចាបង្កើតទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ជាពិសេសការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ព្រមទាំងកាត់បន្ថយនីតិវិធី និងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។
 
លោកស្រី Anbinh Phan បានសាទរចំពោះការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ព្រមទាំងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក។ 
 
តំណាងក្រុមហ៊ុន Walmart រូបនេះ មានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសក្នុងការលើកកម្ពស់សមត្ថភាពស្រ្តី ជាមួយសកម្មភាពជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
 
សូមជម្រាបថា ៤ខែដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៣,០២ពាន់លានដុល្លារ ​។ ទំហំនេះ បានកើនឡើងរហូតដល់៥១,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 
 

Tag:
 អាម៉េរិក Walmart ប៉ាន សូរស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com