អន្តរជាតិ
អ្នកសារព័ត៌មានAl Jazeera មួយរូប ត្រូវបានសម្លាប់ ក្នុងពេលទ័ពអ៊ីស្រាអែលវាយឆ្មក់ West Bank
11, May 2022 , 5:33 pm        
រូបភាព
លោកស្រីShireen Abu Aqleh អ្នកសារព័ត៌មាន Al Jazeera។ រូបភាព៖ AP
លោកស្រីShireen Abu Aqleh អ្នកសារព័ត៌មាន Al Jazeera។ រូបភាព៖ AP
លោកស្រីShireen Abu Aqleh អ្នកសារព័ត៌មាន Al Jazeera មួយរូប ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល នៅថ្ងៃទី១១ ខែឧសភា បើទោះលោកស្រីមានពាក់អាវបញ្ជាក់អ្នកសារព័ត៌មាន និងមួកការពារក៏ដោយ។

 
អ្នកសារព័ត៌មាន Al Jazeera លោកស្រីShireen Abu Aqleh ត្រូវបានបាញ់ឱ្យស្លាប់ ក្នុងពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ West Bank ទាំងក្នុងសំលៀកបំពាក់អ្នកសារព័ត៌មាន។ លោកស្រីត្រូវបានបាញ់សម្លាប់ក្នុងពេលយកព័ត៌មានលើការវាយឆ្មក់មួយ នៅជំរំជនភៀសខ្លួន Jenin។ 
 
 
តាមសេចក្តីថ្លែងការណ៍របស់សារព័ត៌មាន Al Jazeera នៅក្នុងឃាតកម្មមួយ ដែលបំពានច្បាប់ និងបទដ្ឋានអន្តរជាតិ កម្លាំងទ័ពអ៊ីស្រាអែល បានធ្វើឃាតអ្នកឆ្លើយឆ្លងសារព័ត៌មានរបស់ Al Jazeeraមួយរូប នៅប៉ាឡេស្ទីន។ ក្រៅពីលោកស្រី Abu Aqleh អ្នកសារព័ត៌មានមួយរូបផ្សេងទៀត ក៏ត្រូវបានរងរបួសផងដែរ។ 
 
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មានAl Jazeera បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជំរុញឱ្យកម្លាំងទ័ពអ៊ីស្រាអែលទទួលខុសត្រូវ លើចេតនាបាញ់សម្លាប់អ្នកសារព័ត៌មានដ៏សំខាន់របស់ខ្លួន។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett បានអះអាងថា ឃាតកម្មនោះ ទំនងជាបង្កដោយក្រុមប្រដាប់អាវុធជនជាតិប៉ាឡេស្ទីន។ 
 
បន្ទាប់ពីហេតុការណ៍ខាងលើ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនបានបើកប្រតិបត្តិការយោធានៅជំរំJenin នៅថ្ងៃទី១១ ខែឧសភា ប៉ុន្តែខ្លួនមិនបានផ្តោតលើអ្នកសារព័ត៌មានឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ស្របគ្នានេះ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានលើកឡើងថា អ៊ីស្រាអែល កំពុងស្វះស្វែងរកការស៊ើបអង្កេតមួយទៅក្នុងករណីបាញ់សម្លាប់អ្នកសារព័ត៌មានវ័យ ៥១ឆ្នាំ។ បើតាមលោក Lapid អ្នកសារព័ត៌មាន ត្រូវតែការពារក្នុងតំបន់ជម្លោះ ហើយអ៊ីស្រាអែល នឹងទទួលខុសត្រូវចំពោះការពិត។ 
 
គួររម្លឹកថា នៅក្នុងប្រតិបត្តិការនាតំបន់កាហ្សានៅឆ្នាំមុន អ៊ុស្រាអែល ក៏ធ្លាប់បាញ់កម្ទេចអគារសារព័ត៌មាន Al Jazeera និងទីភ្នាក់ងារព័ត៌មាន AP ផងដែរ។ កាលនោះអ៊ីស្រាអែល បាននិយាយការពារថាអគារនោះ មានសមាជិកក្រុមឥស្លាមជ្រុលនិយម ហាម៉ាស់៕ 
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com