ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ថា លោក កឹម សុខា ឆ្លាត ឯម្នាក់ទៀតល្ងង់ មិនចេះចាប់ឱកាស
12, May 2022 , 9:16 am        
រូបភាព
ដោយ: រួបរួម
«អ្នកដែលឆ្លាត កឹម សុខា។ ខ្ញុំគោរពដល់គាត់ និងនូវអ្វីដែលជាទង្វើរបស់គាត់»។ នេះជាការគូសបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅសហរដ្ឋអាម៉េរិក និងកាណាដា ជាង២០០០នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវនឹងព្រឹកថ្ងៃទី១២ ខែឧសភា (ម៉ោងនៅកម្ពុជា)។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ ដោយសារតែលោក កឹម សុខា បានផ្ញើសាររំលឹកទុក្ខ និងទៅចូលរួមពិធីបុណ្យសព សម្តេច ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច ខណៈអ្នកនយោបាយម្នាក់ទៀតមិនចេះចាប់យកឱកាស។



«ខ្ញុំគួរតែនិយាយថា នៅពេលវេលាដែលខ្ញុំមានទុក្ខក្រៀមក្រំ គឺជាឱកាសនយោបាយនៃអ្នកនយោបាយ ប៉ុន្តែ ដោយសារការស្អប់ សូម្បីតែសាច់ឈាមយើងស្លាប់ អ្វីដែលយើងធ្លាប់ធ្វើចំពោះគេ គេមិនបានធ្វើមកយើងវិញ ខ្ញុំអរគុណណាស់ បើកុំអីគេរុញខ្ញុំទល់នឹងជញ្ជាំង ប្រសិនបើមនុស្សហ្នឹងធ្វើលិខិត មកចូលរួមរំលែកទុក្ខចំពោះខ្ញុំស្មើនឹងរុញខ្ញុំចូលទៅទល់នឹងជញ្ជាំងបណ»។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ ដែលអាចឲ្យយើងសន្និដ្ឋានថា សម្តេចសំដៅលើ លោក សម រង្ស៊ី។

សម្តេច ហ៊ុន សែន បានបន្ថែមថា បើអ្នកនយោបាយរូបនោះ ផ្ញើសាររំលែកទុក្ខ ហើយសម្តេចមិនទទួលមានន័យថា សម្តេចមិនទទួលយកនូវការគោរព តែបើសម្តេចទទួល វាក៏ជាការផ្តល់សញ្ញាមួយថា អ្នកនោះ [លោក សម រង្ស៊ី] អាច មានលទ្ធភាពចូលស្រុក ដោយសារសម្តេច បាន ឆ្លើយតប។

«សូមអរគុណ ដែលលោកឯងល្ងង់ ឱកាសនយោបាយរបស់អ្នកឯងមាន ប៉ុន្តែដោយសារអ្នកឯងស្អប់ខ្ញុំ កីឡាករកីឡាការិនីឈ្នះ អ្នកឯងក៏មិន អបអរសាទរ ម្តាយខ្ញុំស្លាប់ បងខ្ញុំស្លាប់ក៏អ្នកឯងមិនចូលរួមមរណទុក្ខ ខ្ញុំអរគុណអ្នកឯងណាស់ អ៊ីចឹងលទ្ធផលទាំងអស់ ល្មមដែលអ្នកឯងទទួលទៅ»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ។

ប្រមុខរដ្ឋាភិបាល បានសម្តែងការហួសចិត្តថា អ្នកនយោបាយមួយចំនួនល្ងង់ អ្នកដែលឆ្លាត លោក កឹម សុខា។ ការលើកឡើងរបស់សម្តេច មានការស្រែកហ៊ោ និងទះដៃយ៉ាងកងរំពងក្នុងសាលនៃជំនួប។

សម្តេចនិយាយទាក់ទងនឹងលោក កឹម សុខា ថា៖ «ខ្ញុំគោរពដល់គាត់នូវអ្វីដែលជាទង្វើរបស់គាត់ គាត់វាយតាម Whatsapp មកខ្ញុំ ខ្ញុំឆ្លើយ ហើយគាត់សួរថា ខ្ញុំអាចមកគោរពវិញ្ញាណក្ខន្ធបានទេ ខ្ញុំវាយត្រឡប់ទៅវិញថា អញ្ជើញ។ អញ្ជើញមកក៏ជក់មាត់និយាយជាមួយគ្នា៤ម៉ោង។ ព្រោះបើយើងជានយោបាយខុសគ្នា តែយើងជាខ្មែរជាមួយគ្នា...»៕




© រក្សាសិទ្ធិដោយ thmeythmey.com