ជាតិ
ពីនេះ ពីនោះ
ច្រូង, ជ្រង និង ជ្រោង មានន័យខុសគ្នាយ៉ាងណាខ្លះ?
× ច្រូង, ជ្រង និង ជ្រោង មានសូរដូចគ្នា ដូច្នេះមនុស្សមួយចំនួនអាចមានការភាន់ច្រឡំនៅពេលសរសេរឃ្លាទាក់ទងនឹងសទិសសព្ទទាំងនេះ។ សារព័ត៌មានថ្មីៗ សូមលើកយកពាក្យនីមួយៗមកពន្យល់ ដោយផ្អែកតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
«ច្រូង» ជាកិរិយាវិសេសន៍ និងជាគុណសព្ទ ដែលមានន័យថា ដែលឈររកឹងដូចជាចម្រូង។ ឈរច្រូង, លើកម្រាមដៃច្រូង ។ ពាក្យនេះ ច្រើនប្រើជាមួយពាក្យ «ច្រាង»។ ច្រូងច្រាង គឺច្រូងក្រញាងមិនរៀបរយ។
ចម្រូង គឺឈើ, ឫស្សី ឬអ្វីដែលស្រួចដែលបោះឬដាំនៅដីច្រូងឡើង ។
«ជ្រង» ជាកិរិយាសព្ទ គឺ លើកកើចសក់ឲ្យឈរ, ឲ្យត្រង់ឡើង។ យកដៃជ្រងសក់ ។ រីឯជានាមវិញ គឺ បែបភាពសក់ដែលកាត់ឈរដោយគេនិយមហៅថា សក់ជ្រង។ ក្នុងសម័យពីដើម ពួកស្រ្តីខ្មែរកាត់សក់ជ្រងទាំងអស់គ្នា តាមសម័យនិយម ។
ក្រៅពីនេះ «ជ្រង» ក៏ជាឈ្មោះបទភ្លងមួយប្រភេទផងដែរ។ ភ្លេងជ្រង ។
ចំណែក «ជ្រោង» វិញ មានន័យថា ទ្រស្ទួយឡើង។ ហែលទឹកជ្រោងបង្វេចឆ្លងទៅត្រើយម្ខាង ។ លើកបញ្ឈរអ្វីៗ មានដើមឫស្សី និងឧសជាដើម តាំងអំពី៣ដើមឡើងទៅ ធ្វើគល់ឲ្យកន្ធែក ខាងចុងឲ្យរួមចូលទល់គ្នាឬខ្វែងទប់គ្នា។ ជ្រោងឫស្សី, ជ្រោងឧស, ជ្រោងកាំភ្លើង ។
ជានាមសព្ទ «ជ្រោង» សំដៅលើចំនួនចំនួនអ្វីៗដែលដាក់ជ្រោង។ ឧស ១ ជ្រោង ។ ឈើឬឫស្សីដែលគេដាក់ខ្វែងឲ្យកន្ធែកខាងគល់រួមចុងចងភ្ជាប់គ្នា ( ហៅថា ចងជ្រោង )។ ជ្រោងស្នាច ៕
© រក្សាសិទ្ធិដោយ thmeythmey.com