ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖ បើសិនខ្ញុំជាតុលាការ ខ្ញុំឱ្យលោក កឹម សុខា ទៅក្រៅប្រទេស
12, May 2022 , 3:59 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបសន្ទនាជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពិធីបុណ្យសពលោក ហ៊ុន ណេង បងប្រុសបង្កើតសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី៨ ឧសភា ២០២២។ រូបពីហ្វេសប៊ុកលោក កឹម សុខា
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបសន្ទនាជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពិធីបុណ្យសពលោក ហ៊ុន ណេង បងប្រុសបង្កើតសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី៨ ឧសភា ២០២២។ រូបពីហ្វេសប៊ុកលោក កឹម សុខា
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ មានបំណង​ទៅពិនិត្យសុខភាព និងសួរសុខទុក្ខសាច់ញាតិនៅក្រៅប្រទេស ប៉ុន្តែលុះត្រាមានសេចក្តីសម្រេចពីតុលាការ ដែលកំពុងកាន់សំណុំរឿងក្តីក្តាំមេបក្សប្រឆាំងមួយនេះ។ បំណងរបស់លោក កឹម សុខា នេះ ត្រូវបានសម្ដេច ហ៊ុន សែន លើកយកមកបង្ហើបប្រាប់សាធារណជន នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរ រស់នៅអាម៉េរិក និងកាណាដា នៅថ្ងៃទី១២ ឧសភា។




សម្ដេច ហ៊ុន សែន បានលើកយកខ្លឹមសារក្នុងកិច្ចសន្ទនា៤ម៉ោង ជាមួយលោក កឹម សុខា មកបង្ហាញដោយសង្ខេបពីចំណុចមួយ ដែលអតីតមេបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជានេះ ចង់ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីពិនិត្យសុខភាពផង និងជួបជុំអ្នកគាំទ្រផង។ សម្ដេច ហ៊ុន សែន អះអាងថា ខ្លួនមិនអាចសម្រេចបំណងរបស់លោក កឹម សុខា ដែលចង់ទៅក្រៅប្រទេសបាននោះទេ ព្រោះវាស្ថិតនៅក្រោមឆន្ទានុសិទ្ធិរបស់តុលាការ ក្នុងការសម្រេចលើសំណើរបស់អតីតមេបក្សប្រឆាំងមួយនេះ។
 
ថ្លែងចំពោះមុខពលរដ្ឋខ្មែរ រស់នៅអាម៉េរិក និងកាណាដា សម្ដេច ហ៊ុន សែន បាននិយាយថា៖ «រឿង កឹម សុខា សុំមកក្រៅប្រទេសអី អាហ្នឹងគឺស្រេចតែតុលាការទេ ព្រោះឥឡូវគាត់ (លោក កឹម សុខា) មានសិទ្ធដើរនៅក្នុងប្រទេស»។
 


ប្រមុខរដ្ឋាភិបាលកម្ពុជា មិនហ៊ានបកស្រាយអ្វី លើសពីសេចក្តីសម្រេចណាមួយរបស់តុលាការឡើយ ក្រៅពីជំរុញឱ្យលោក កឹម សុខា តាមរយៈមេធាវី បន្តដាក់សំណើទៅចៅក្រម ឬតុលាការ ដើម្បីសុំការអនុញ្ញាត ទៅក្រៅប្រទេសតាមបំណង។ តែយ៉ាងណាសម្ដេច ហ៊ុន សែន ក៏មានការយល់ឃើញផ្ទាល់ខ្លួនថា គ្រាន់តែលោក កឹម សុខា ស្នើសុំទៅក្រៅប្រទេសនោះ វាមិនគួរមានឧបសគ្គនោះទេ។
 
«ថ្ងៃហ្នឹង(សម្ដេច ហ៊ុន សែន ជួបលោក កឹម សុខា) ខ្ញុំបង្ហាញអារម្មណ៍របស់ខ្ញុំថា ទេ ! គ្រាន់តែសុំទៅក្រៅប្រទេស ដូចជារឿងទៅពិនិត្យសុខភាព ឬមកសួរសុខទុក្ខកូនចៅអី ដូចជាមិនគួរជាឧបសគ្គនៃបញ្ហាទេ។ ខ្ញុំប្រាប់គាត់(លោក កឹម សុខា) អ៊ីចឹង។ ប៉ុន្តែអាហ្នឹង មិនមែនជាអំណាចរបស់ខ្ញុំទេ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលនៅបន្តរក្សាពាក្យសម្តីដដែលថា រាល់ការសម្រេចអនុញ្ញាតឱ្យលោក កឹម សុខា ចេញទៅ ឬមិនឱ្យទៅក្រៅប្រទេស គឺស្ថិតនៅក្រោមតុលាការ។
 
ដ្បិតមិនមានសិទ្ធិសម្រេចជំនួសតុលាការ លើសំណើរបស់លោក កឹម​ សុខា ដែលសុំទៅក្រៅប្រទេសក្តី តែសម្ដេច ហ៊ុន សែន ក៏យល់ឃើញថា លោក កឹម សុខា គួរតែមាន​ឱកាសទៅតាមបំណងខ្លួនដែរ។ «តែបំណងរបស់ខ្ញុំ ខ្ញុំគិតថា បើខ្ញុំជាតុលាការ បើសិនជា(លោក កឹម សុខា)សុំ ខ្ញុំឱ្យ(ទៅក្រៅប្រទេស) បើសិនខ្ញុំជាចៅក្រម។ ប៉ុន្តែខ្ញុំមិនមែនជាចៅក្រម ខ្ញុំគ្រាន់តែសម្ដែងបង្ហាញ នូវយោបល់របស់ខ្ញុំទេ។ សូមកុំយល់ថា នែ! លោក ហ៊ុន សែន សង្កត់តុលាការឱ្យលោក កឹម សុខា ចាកចេញ គឺមិនមែនទេ គឺអត់ទេ ។ សុំទោស »។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តី។
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ចាន់ ចេន ប្រធានក្រុមមេធាវី និងអ្នកនាង ម៉េង សុភារី មេធាវីលោក កឹម សុខា ដើម្បីសាកសួរជុំវិញករណីនេះដែរ ប៉ុន្តែមេធាវីទាំងពីរ មិនទទួលទូរសព្ទ។
 
តែយ៉ាងណាលោក កឹម សុខា តាមរយៈមេធាវី បានដាក់លិខិតទៅតុលាការជាច្រើនលើក ច្រើនសារមកហើយ ដើម្បីសុំឱ្យកូនក្តីខ្លួន ទៅពិនិត្យសុខភាពក្រៅប្រទេស ប៉ុន្តែសំណើទាំងនោះ ត្រូវបានតុលាការសម្រេចបដិសេធគ្រប់ពេល។ លើកចុងក្រោយ នាខែមីនាកន្លងមកនេះ មេធាវីលោក កឹម សុខា បានដាក់លិខិតទៅតុលាការជាថ្មីដែរ ប៉ុន្តែមិនទទួលបានចម្លើយវិជ្ជមាន ពីតុលាការដូចគ្នា។
 
សូមរម្លឹកថា លោក កឹម សុខា ជាប់ចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។ បទចោទនេះ សំដៅថា លោក គប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០២២ តុលាការ បានបើកសវនាការលើកទី៣៩ លើសំណុំរឿងរបស់លោក។ សវនាការទាំង៣៩លើកនេះ មិនទាន់មានការសម្រេចសេចក្តីអ្វីលើលោកនៅឡើយទេ។
 
ទាក់ទងនឹងបទចោទនេះ សម្ដេច ហ៊ុន សែន បានថ្លែងនៅលើទឹកដីអាម៉េរិក ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ ដោយបានរម្លឹកថា តុលាការ មានវីដេអូមួយ កាលពីឆ្នាំ២០១៣ ដែលលោក កឹម សុខា បាននិយាយពីអាម៉េរិក និងបរទេសនៅពីក្រោយនយោបាយខ្លួន ក្នុងការរៀបចំផែនការនានា ។ បើតាមសម្ដេច ហ៊ុន សែន វីដេអូនេះហើយ ដែលតុលាការដាក់បទចោទលោក កឹម សុខា ខណៈអតីតមេបក្សប្រឆាំងរូបនេះ និងក្រុមមេធាវី ក៏បានយកឯកសារពាក់ព័ន្ធទៅបង្ហាញតុលាការ ដែលមានលក្ខណៈដូចគ្នាជាមួយវីដេអូ ក្នុងដៃតុលាការដែរ។
 
«ហើយឃ្លីបវីដេអូនេះ ខ្ញុំសូមជម្រាប យើងបានទទួលអាហ្នឹង។ ដល់ទៅពេលរឿងក្តីចាប់ផ្ដើមនោះ ខាងឯកឧត្តម កឹម​ សុខា និងមេធាវីរបស់ខ្លួន បានដាក់ឯកសារមួយទៀត​ ហើយឯកសារដែលគាត់បានដាក់មកជូនតុលាការហ្នឹង គឺឯកសារដូចគ្នា អត់មានអីខុសគ្នាម៉ាតិច។ អ៊ីចឹងឯកសារខាងផ្នែកតុលាការដែលមាន ខាងដើមបណ្ដឹមក៏មាន ក៏ដូចគ្នា ឯកសាររបស់គាត់ដាក់មក ក៏ដូចគ្នាទៅជាសំណុំរឿងមួយ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជា មិនបានចោទអាម៉េរិក មានបំណងមិនល្អក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាឡើយ ប៉ុន្តែវាជាបញ្ហារវាងលោក កឹម សុខា និងអាម៉េរិក។
 
ក្នុងន័យនេះ សម្ដេច បានពន្យល់ថា លោក កឹម សុខា អះអាងពីអាម៉េរិកនៅពីក្រោយនយោបាយកន្លងមក ដូច្នេះបើអាម៉េរិក ចង់បង្ហាញថាខ្លួនល្អស្អាតស្អំ ឬយ៉ាងណានោះ គឺមានតែបកស្រាយ។
 
កាលពីថ្ងៃទី១១ ឧសភា អ្នកនាង ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា បាននិយាយថា ក្រុមមេធាវី បានត្រៀមសំណើរួចរាល់ហើយ ដើម្បីដាក់ជូនទៅចៅក្រម សុំឱ្យអញ្ជើញតំណាងរដ្ឋបរទេស ចូលបំភ្លឺក្នុងសំណុំរឿងកូនក្តីខ្លួន៕
 
 

Tag:
 ហ៊ុន សែន
  កឹម សុខា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com