ជាតិ
បំបួសកុលបុត្រ កុលធីតា១០២រូប អបអរបុណ្យវិសាខបូជា នៅសៀមរាប
14, May 2022 , 6:59 pm        
រូបភាព
សៀមរាប៖ យុវជន យុវតី នៅខេត្តសៀមរាបសរុប ១០២ រូប បានសាងផ្នួសបួសជាក្រុម ក្នុងក្រុមវិធីដែលរៀបចំឡើងដោយព្រះសង្ឃ ក្នុងក្រុងសៀមរាប។ នេះជាឆ្នាំទី១០ហើយ ដែលកម្មវិធីបួសអបអរបុណ្យវិសាខបូជា។

 
យុវជន យុវតី ដែលជាកុលបុត្រកុលធីតា ជាង១០០រូប ត្រូវបានឪពុកម្ដាយ និងអាណាព្យាបាល ជូនដំណើរមកចូលរួមក្នុងកម្មវិធីបំបួសជាក្រុម ដែលឆ្នាំនេះរៀបចំឡើងនៅវត្តទេពប្រណម្យ នៃក្រុងអង្គរធំ។ អ្នកទាំងនោះ ភាគច្រើនស្លៀកពាក់ស ដោយមិនរាប់បញ្ចូលអ្នកដែលត្រូវសាងផ្នួសនោះទេ។ 


 
អនុគណក្រុងសៀមរាប និងជាប្រធានរៀបចំកម្មវិធីបុណ្យខាងលើ ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង មានសង្ឃដី ដោយបញ្ជាក់ថា នេះជាឆ្នាំទី១០ហើយ ដែលកម្មវិធីបំបួសកុលបុត្រកុលធីតា បានបង្កើតឡើង។ ព្រះអង្គថា កម្មវិធីនេះបង្កើតឡើងនៅឆ្នាំ ២០១១ និងបានក្លាយជាប្រពៃណីមួយសម្រាប់អ្នកខេត្តសៀមរាប ក៏ដូចជាក្លាយជាកម្មវិធីប្រចាំឆ្នាំរបស់ខេត្តផងដែរ។ ពិធីនេះបានអវត្តមាន២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយគិតពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៩ មានយុវជន យុវតី ជាសិស្សនិស្សិតជាង ៦០០នាក់ហើយ បានចូលរួមសាងផ្នួសរយៈពេលខ្លី។ 


 
កម្មវិធីដែលរៀបចំឡើងដោយសាលាអនុគណក្រុងសៀមរាប សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងអាជ្ញាធរជាតិអប្សរា នៅឆ្នាំ២០២២ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែឧសភា។ 


 
នៅម៉ោងប្រមាណ៩ និង៣០នាទីព្រឹក ពេលព្រះអាទិត្យកំពុងចាំងពន្លឺក្ដៅល្មម ពិធីកោសក់ និងបួងសក់ ក៏ចាប់ផ្តើមឡើង ដោយបញ្ជាក់ថា យុវជន យុវតី ទាំងនោះ នឹងចាប់ផ្តើមចាកចេញពីគ្រហត្ថ ទៅជាអ្នកបួសមួយរូប។ 


 
ព្រះគ្រូ ឡាច លាង មានសង្ឃដីកាយ៉ាងដូច្នេះថា៖« ពិធីកោសក់ បួងសក់ កុលបុត្រកុលធីតានៅពេលនេះ គឺជាប្រពៃណីទំនៀមទម្លាប់ខ្មែរយើងដ៏យូរលង់ណាស់មកហើយ ដែលជាកម្មវិធីមួយ ត្រូវធ្វើមុនពេលបួសតាមក្រឹត្យក្រមព្រះវិន័យព្រះពុទ្ធសាសនា។ សក់ គឺជាវត្ថុដែលមនុស្សស្រឡាញ់ណាស់ ថែរក្សាការពារ សម្អិតសម្អាងរៀងរាល់ថ្ងៃ ប៉ុន្តែយុវជន កុលបុត្រ បានស្ម័គ្រចិត្តលះបង់សក់ដែលជាទីស្រឡាញ់នេះ គឺជាការលះបង់មួយដ៏អស្ចារ្យ ជាពលិកម្មដ៏ធំធេងក្នុងភាពជាយុវវ័យ ដើម្បីសាងផ្នួសបួសសងគុណ តបគុណលោកឪពុក អ្នកម្ដាយនិងអ្នកមានគុណទាំងឡាយ ជាពិសេសបានថ្វាយព្រះរាជកុសលចំពោះអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្នាក់ដឹកនាំទាំងមូល»។


 
យុវតី ម៉ី សុខវិមាន បានសុំម្ដាយមកបួសហ្នឹងគេដែរ ដើម្បីជាការសងគុណ ក៏ដូចសុំខុមាលទោសចំពោះទង្វើដែលធ្វើឱ្យអ្នកមានគុណខឹង និងអន់ចិត្តចំពោះខ្លួនកន្លងមក។ សុខវិមាន រៀបរាប់យ៉ាងដូច្នេះថា៖« មិនធ្លាប់បួសទេកន្លងមក តែធ្លាប់ជូន និងកំដរម៉ាក់ ពេលគាត់បួសនៅភ្នំគូលែន ចង់សងគុណគាត់ កន្លងមកធ្លាប់ខុសឆ្គង ធ្វើឱ្យគាត់ខឹង»។ 


 
ជាមួយគ្នានេះ យុវតីអាយុ១៤ឆ្នាំ រៀនថ្នាក់ទី៨ រូបនេះ តាំងចិត្តថា នឹងអំណត់ ព្យាយាមប្រណិប័តន៍ធម៌ អប់រំចិត្តឱ្យល្អប្រសើរ កំឡុងពេលបួសរយៈពេល៥ថ្ងៃនេះ។
 
រីឯយុវជន សឿម សឿន រស់នៅភូមិភ្នំក្រោមឯណោះវិញ ក៏បានសម្រេចក្ដីបំណងដែលចង់បួសសងគុណម្ដាយជាយូរមកហើយដែរ។ យុវជនរូបនេះបង្ហាញអារម្មណ៍ស្រងេះស្រងោចបន្ដិច ដ្បិតជាក្មេងកំព្រា ម្ដាយស្លាប់តាំងពីអាយុ២ខួប និងរស់នៅជាមួយម្ដាយធំ និងបានតាំងចិត្តថា ក្នុងមួយជីវិតនេះត្រូវបួសសងអ្នកមានគុណឱ្យបាន។ 


 
យុវជន សឿន ប្រាប់ថា មិនស្ដាយសក់ និងភាពសប្បាយរីករាយរបស់ខ្លួនទេ អំឡុងពេលបួសនេះ និងតាំងចិត្តថា នឹងប្រណិប័តន៍ធម៌វិន័យឱ្យល្អក្នុងនាមអ្នកបួសរៀនមួយរូប។ យុវជនរូបនេះរៀបរាប់ថា៖« មិនបានស្ដាយសក់ ចញ្ចើមទេ ព្រោះបានបួសបំពេញបំណង ហើយក៏មិនអាឡោះអាល័យការសប្បាយជាយុវវ័យដែរ អំឡុងពេលនេះ ធ្វើតាមលោកប្រាប់ ប្រណិប័តន៍តាមធម៌វិន័យ»៕


 
 
 

Tag:
 វិសាខបូជា
  បំបួសកុលបុត្រកុលធីតា
© រក្សាសិទ្ធិដោយ thmeythmey.com