ជាតិ
ប្រជានេសាទនៅតំបន់ចុងឃ្នៀសរំពឹងថា ទិន្នផលត្រីនឹងកើនឡើងវិញ ក្រោយការរិតត្បិតឧបករណ៍ខុសច្បាប់
14, May 2022 , 7:59 pm        
រូបភាព
សៀមរាប៖ ប្រជានេសាទនៅតំបន់ចុងឃ្នៀស បានបង្ហាញការអបអរ ជាមួយនឹងវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ ​ ពួកគេរំពឹងថា ក្រោយការរិតត្បិតឧបករណ៍ខុសច្បាប់ ទិន្នផលត្រី អាចនឹងមានឡើងវិញនៅឆ្នាំបន្តបន្ទាប់។

 
ដ្បិតភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ក្ដី តែរបបទឹកក្នុងអាងទន្លេសាប ហាក់នៅទាបនៅឡើយ។ ប្រជានេសាទមួយចំនួន នៅតំបន់ចុងឃ្នៀស មិនទាន់អាចចេញទៅរាយមងបានទេ ដោយសារកម្ពស់ទឹកនៅទាប ខ្លះចេញទៅរកត្រីនៅតំបន់ឆ្ងាយៗ រហូតដល់តំបន់ព្រែកទាល់ ខេត្តបាត់ដំបង។ 
 
គ្រួសារលោក ម៉ាត់ ឡោះ បាននិងកំពុងពឹងអាស្រ័យលើបឹងទន្លេសាប ជិត៤០ឆ្នាំមកហើយ។ កំពុងឈរនិយាយនៅមុខផ្ទះបណ្ដែតទឹក នាច្រាំងទន្លេក្នុងភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប លោក ម៉ាត់ ឡោះ មានវ័យ៦០ឆ្នាំ បាននិយាយថា ការនេសាទសព្វថ្ងៃមិនទៀងទេ ថ្ងៃខ្លះបានត្រី ថ្ងៃខ្លះក៏អត់ ដែលអ្នកនេសាទរូបនេះ ចាត់ទុកថា ​វាជារឿងធម្មតាទៅហើយ។


 
នេសាទជាលក្ខណៈគ្រួសារ លោក ម៉ាត់ ឡោះ ប្រើមងក្រឡា៣ហ៊ុន អូសដៃប្រវែង១០០ម៉ែត្រ ដោយមានជំនួយពីកូនៗ ចំនួន៣នាក់ទៀត។ លោកបន្ថែមថា ការប្រើប្រាស់ឧបករណ៍នេសាទបែបនេះ ត្រូវត្រីចម្រុះ ដូចជាត្រីឆ្កោក ឆ្កែង ឆ្ពិនជាដើម ដោយថ្ងៃខ្លះបានត្រី១០ ទៅ២០គីឡូក្រាម ហើយក្រោយកាត់ថ្លៃសាំងរួច សល់លុយ៣ទៅ៤ម៉ឺនរៀល។ 
 
យ៉ាងណាមិញ អ្នកនេសាទរូបនេះកត់សម្គាល់ឃើញថា ទិន្នផលត្រីក្នុងអាងបឹងទន្លេសាប កាន់តែថមថយទៅៗ និងបង្កការលំបាកដល់ជីវិតរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតំបន់ចុងឃ្នៀស ក៏ដូចជាតាមតំបន់ដទៃទៀត។ ខ្លះត្រូវចេញរកនៅតាមតំបន់ឆ្ងាយៗ ទើបរកត្រីបានខ្លះ រីឯកម្ពស់ទឹកក៏កាន់តែទាបដែរ។
 
ទាក់ទងនឹងការចាប់ផ្តើមបន្ដឹងច្បាប់ ស្ដីពីការប្រើប្រាស់ឧបករណ៍នេសាទ លោក ម៉ាត់ ឡោះ យល់ថា៖« ល្អដែរ ដើម្បីកុំឱ្យអស់ត្រី ទុកទៅកូនចៅទៅថ្ងៃក្រោយ»។ 


 
ទំនេរពីការនេសាទ និងកំពុងហាលសម្លៀកបំពាក់នៅមុខផ្ទះបណ្ដែតទឹក ដែលមានទឹកពណ៌រៀងក្រហមបន្ដិចនារដូវប្រាំង អ្នកស្រី វ៉ុន សាវី វ័យ ៣៤ឆ្នាំ រៀបរាប់ថា ខានចេញទៅរាយមងមួយរយៈហើយ ដោយសារទឹករាក់ និងមិនមានត្រី។ មួយរយៈក្រោយនេះ គ្រួសារអ្នកស្រី សាវី ចេញអូសលៀស និងរកបានកម្រៃខ្លះចូលគ្រួសារ តែឈ្មួញចង់បានលៀសគុណភាពល្អវិញ ទើបផ្អាកចេញរក ព្រោះថាលៀសទាំងនោះ មាននៅតំបន់ព្រែកទាល់ តែទីនោះគេបិទមិនឱ្យចូលរក ទើបអ្នកស្រី សាវី ងាកទៅស៊ីឈ្នួល គេធ្វើត្រីនៅតាមស្ដង់វិញ។ ហើយការងារនេះ ក្នុងមួយថ្ងៃអ្នកស្រីអាចរកប្រាក់បានពី១ម៉ឺន ទៅ២ម៉ឺនរៀល។ ចំណែកប្ដីអ្នកស្រី សាវី វិញ ឡើងទៅធ្វើសំណង់ និងឆ្លៀតជួសសៃយ៉ឺន ទុកដាក់កំពិស នារដូវទឹកឡើងបន្ដិចទៀតនេះ។
 
តាំងពីអាជ្ញាធរចាប់ផ្តើមរិតត្បិតការនេសាទខុសច្បាប់មក អ្នកស្រី សាវី ដែលមានកូន៤នាក់ក្នុងបន្ទុកនេះ មើលឃើញថា ការនេសាទខុសច្បាប់ថមថយខ្លាំង។ អ្នកស្រី សាវី៖« របរខុសច្បាប់រៀងថមថយជាងមុន ពីមុនអារបរខុសច្បាប់ គេហ៊ានរកពេលថ្ងៃ។ ឥឡូវស្ងាត់ អត់ហ៊ាន ទាំងថ្ងៃទាំងយប់ស្ងាត់។ បើបិទបានចឹងរហូត ឆ្នាំក្រោយៗវិញ អាចសម្បូរត្រីវិញ»។
 
ចៅសង្កាត់ចុងឃ្នៀស លោក អ៊ុំ ណារី បានឱ្យដឹងថា ក្នុងប្រតិបត្តិការដ៏ក្ដៅ បង្រ្កាបការនេសាទខុសច្បាប់នេះ អាជ្ញាធរបានដកហូតស្បៃមងមួយចំនួនធំ និងកាណូតទូកជាង៣០គ្រឿង។ លោកបន្តថា ពលរដ្ឋមួយចំនួនធំ បានសហការ ចូលរួម និងពុំមានការលួចលាក់នេសាទខុសច្បាប់ទៀតទេ។ 
 
លោក អ៊ុំ ណារី យល់ថា វិធានការនេះ នឹងអាចផ្តល់ជាសញ្ញាល្អសម្រាប់ធនធានត្រី ក្នុងបឹងទន្លេសាបឡើងវិញ នាពេលដ៏ឆាប់ខាងមុខនេះ។ លោក អ៊ុំ ណារី៖« ខ្ញុំយល់ថា បើសិនជាយើងមានវិធានការជាក់លាក់ តឹងរឹងទៅលើឧបករណ៍ខុសច្បាប់ល្មើស និងបំផ្លាញទៀត ខ្ញុំគិតថា ទិសដៅខាងមុខផលត្រីនឹងកើនឡើង»។
 
ក្រៅពីនេះ អាជ្ញាធររូបនេះ ក៏កត់សម្គាល់ពីវត្តមាននៃជនជាតិវៀតណាម នៅតំបន់ចុងឃ្នៀសនេះ បន្ទាប់ពីការដាក់ចេញវិធានការក្ដៅ មិនឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ផងដែរ។ ដ្បិតមិនមានតួលេខជាក់លាក់ តែចៅសង្កាត់ចុងឃ្នៀសមើលឃើញថា ជនជាតិវៀតណាម ដែលត្រូវបានគេយល់ថា មានសកម្មភាពខ្លាំង ក្នុងការនេសាទខុសច្បាប់នោះ បានចាកចេញពីតំបន់នេះ ជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់ផងដែរ។
 
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប  បានបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាប ក្នុងទឹកដីខេត្តសៀមរាប បានចំនួន៥៣ករណី ចាប់ខ្លួនមនុស្ស៤នាក់ ខណៈ១១នាក់ទៀតបញ្ជូនសំណុំរឿងទៅកាន់តុលាការ៕
 
 
 

Tag:
 ទន្លេសាប
  ការនេសាទខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com