ជាតិ
គ.ជ.ប អំពាវនាវពលរដ្ឋឲ្យត្រៀមខ្លួនបោះឆ្នោតឃុំសង្កាត់
16, May 2022 , 3:01 pm        
រូបភាព
ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ។ រូបដោយ ញឹក ស្រីល័ក្ខ
ប្រជាពលរដ្ឋទៅបោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ។ រូបដោយ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ ត្រៀមខ្លួននិងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដើម្បីចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា។

 
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥មិថុនា ឆ្នាំ២០២២នេះ ដោយចាប់ផ្ដើមពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ ការបោះឆ្នោតនេះ កាន់តែខិតជិតមកដល់ហើយ គ.ជ.ប បានឲ្យពលរដ្ឋត្រៀមឯកសារពាក់ព័ន្ធដើម្បីទៅចូលរួមបោះឆ្នោត តាមពេលកំណត់។ 
 
សេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលចេញថ្ងៃទី១៦ឧសភា ប្រាប់ឲ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ទាំងអស់ ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីចូលរួមបោះឆ្នោត។ ចំពោះពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែ អត្តសញ្ញាណប័ណ្ណអស់សុពលភាព បាត់ ខូច ឬមិនទាន់ទទួលបាន ត្រូវប្រញាប់ស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ឬអាជ្ញាធរឃុំសង្កាត់ ឲ្យបានទាន់ពេល។ 
 
ជាមួយគ្នាដែរ គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត បានចាប់ផ្ដើមពីថ្ងៃទី ៥ ឧសភា ដល់ ៣ មិថុនា ឆ្នាំ២០២២។ គ.ជ.ប បានអំពាវនាវបន្ថែមដល់អាជ្ញាធរមូលយ៉ាងដូច្នេះ៖ «ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិ ត្រូវធ្វើការផ្សព្វផ្សាយសេចក្ដីអំពាវនាវនេះ ឲ្យបានទូលំទូលាយ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ មកស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត បានទាន់ពេលវេលា ដោយឥតបង់ថ្លៃ»។ 
 
ទន្ទឹមនឹងនេះ គ.ជ.ប សង្ឈឹមថា អាជ្ញាធរមូលដ្ឋាន នឹងយកចិត្តទុកដាក់ជំរុញពលរដ្ឋ និងរៀបចំឯកសារដល់ប្រជាជនស្របតាមនីតិវិធី៕ 
 

Tag:
 បោះឆ្នោត
  គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com