ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាម៉េរិក សុំឲ្យកម្ពុជា ទម្លាក់បទចោទចេញពីក្រុមអ្នកប្រឆាំង ដើម្បីបានចូលរួមការបោះឆ្នោត
16, May 2022 , 6:29 pm        
រូបភាព
ជំនួបរវាងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និង លោក ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា នាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
ជំនួបរវាងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និង លោក ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា នាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
ដោយ​៖ ទេពញាណ 
 
វត្តមានគណៈប្រតិភូកម្ពុជានៅលើទឹកដីអាម៉េរិក ក្នុងខែឧសភា ឆ្នាំ២០២២នេះ បានផ្តល់ឱកាសឲ្យភាគីកម្ពុជា-ភាគីអាម៉េរិក បានជួបគ្នាដោយផ្ទាល់ និងជជែកគ្នាជាច្រើនពីទំនាក់ទំនងកម្ពុជា-អាម៉េរិក។ ក្រៅពីទំនាក់ទំនងទ្វេភាគី អាម៉េរិក ឆ្លៀតបង្ហើបពាក្យពីរ-បីម៉ាត់ ពាក់ព័ន្ធនឹងការចោទប្រកាន់លើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយប្រឆាំងដទៃទៀតនៅកម្ពុជា។



«លោក អេនតូនី ប្លីងកិន (Antony J. Blinken) រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានទទូចឲ្យកម្ពុជា ទម្លាក់បទចោទចេញពីអ្នកនយោបាយប្រឆាំង ហើយអនុញ្ញាតឲ្យពួកគេ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលនឹងមកដល់នាពេលខាងមុខ»។ ការទទូចសុំរបស់លោក អេនតូនី ប្លីងកិន ធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជា ហើយត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ពុំឃើញមានសរសេរពីការឆ្លើយតបរបស់លោក ប្រាក់ សុខុន ទៅនឹងលោក អេនតូនី ប្លីងកិន ដែលទទូចសុំឲ្យដោះលែងអ្នកនយោបាយប្រឆាំងនៅកម្ពុជានោះទេ ប៉ុន្តែ សរសេរពីការលើកឡើងជារួមរបស់លោក ប្រាក់ សុខុន អំពីការបោះឆ្នោត សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ក្រសួងការបរទេសកម្ពុជា សរសេរថា៖«ឆ្លើយតបនឹងការព្រួយបារម្ភរបស់អាម៉េរិកជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះដំណើរការនយោបាយ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។    
 
ក្រសួងការបរទេសកម្ពុជា សរសេរទៀតថា៖«ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីការបោះឆ្នោតបែបពហុបក្សយ៉ាងទៀងទាត់នៅកម្ពុជា ចាប់តាំងពីទសវត្សរ៍១៩៩០មក ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិរាប់ម៉ឺននាក់ វាយតម្លៃថា ការបោះឆ្នោតទាំងនេះ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ នៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយរាប់រយ ត្រូវបានបង្កើតឡើង ប្រព័ន្ធផ្សព្វផ្សាយសង្គម មានលក្ខណៈទូលំទូលាយ សហជីព បានដំណើរការក្នុងការការពារសិទ្ធិកម្មករ មានអង្គការសង្គមស៊ីវិលរាប់ពាន់ ដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ប្រជាជន»។

មុនជួបលោក អេនតូនី ប្លីងកិន លោក ប្រាក់ សុខុន បានជួបអ្នកស្រី វិនឌី សឺមែន (Wendy Sherman) អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក។ ក្រសួងការបរទេសអាម៉េរិក បានស្រង់ប្រសាសន៍របស់អ្នកស្រី ទៅរំលេចក្នុងសេចក្តីប្រកាសព័ត៌មានថា៖«អ្នកស្រី បង្ហាញក្តីបារម្ភអំពីសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា រួមទាំងដំណើរការកាត់ក្តីលើលោក កឹម សុខា ការរឹតត្បិតលើថ្នាក់ដឹកនាំសង្គមស៊ីវិល នៅមុនការមកដល់នៃការបោះឆ្នោតឃុំ-សង្កាត់ នៅ [ថ្ងៃទី៥] ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣»។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក៏ពុំបានសរសេរពីការឆ្លើយតបរបស់លោក ប្រាក់ សុខុន ចំពោះក្តីបារម្ភរបស់អ្នកស្រី វិនឌី សឺមែន ដែរ ជុំវិញការកាត់ក្តីលើលោក កឹម សុខា និងការរឹតត្បិតលើថ្នាក់ដឹកនាំសង្គមស៊ីវិល។ ដូចការឆ្លើយទៅកាន់លោក អេនតូនី ប្លីងកិន ដែរ លោក ប្រាក់ សុខុន បានលើកយកស្ថានការណ៍បោះឆ្នោតយ៉ាងទៀតទាត់ ដំណើរការប្រជាធិបតេយ្យ វត្តមានបណ្តាញសារព័ត៌មាន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ទៅពន្យល់ប្រាប់អ្នកស្រី វិនឌី សឺមែន។ នេះបើផ្អែកតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដដែល។  
 
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាម៉េរិក ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ សម្តេច ហ៊ុន សែន និង លោក ចូបៃ ឌិន ប្រធានាធិបតីអាម៉េរិក គឺជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសនេះ។ នៅថ្ងៃទី១៥ ខែឧសភា គណៈប្រតិភូកម្ពុជា បានមកដល់កម្ពុជាវិញ៕ 
 

Tag:
 កម្ពុជា-អាម៉េរិក
  អ្នកប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com