ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖ «បើសិនជាខ្ញុំបណ្ដោយ អ្នកគប់ខ្ញុំអាចមានគ្រោះថ្នាក់ហើយ»
17, May 2022 , 10:12 am        
រូបភាព
ភ្នំពេញ៖ ពីពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច នាព្រឹកថ្ងៃទី១៧ ឧសភា សម្ដេច ហ៊ុន សែន បាននិយាយពីពលរដ្ឋខ្មែរម្នាក់រស់នៅអាម៉េរិក ដែលបានយកស្បែកជើងគប់សម្ដេច នាអំឡុងពេលសម្ដេច ជួបពលរដ្ឋខ្មែរ នៅទីក្រុងវ៉ាស៊ីនតោន នៃដំណើរចូលកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី១២-១៣ ឧសភា។


«ភ្លាមនោះ បើសិនជាខ្ញុំបណ្ដោយ អ្នកគប់ខ្ញុំអាចមានគ្រោះថ្នាក់ហើយ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា សម្ដេចមានកម្លាំងផ្ទាល់ខ្លួន រួមទាំងកម្លាំងនៅអាម៉េរិក និងទីក្រុងភ្នំពេញ ដែលចង់តវ៉ាឱ្យអាម៉េរិក ចេញមុខដោះស្រាយលើករណីនេះ ប៉ុន្តែសម្ដេច បានហាមពួកគេមិនឱ្យធ្វើសកម្មភាពឡើយ។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្លាំងគាំទ្រសម្ដេច នៅទីក្រុងភ្នំពេញ បានរៀបចំសកម្មភាពទៅតវ៉ានៅមុខស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប៉ុន្តែសម្ដេច បានបញ្ជាឱ្យពួកគេ ផ្អាកសកម្មភាពទាំងនេះវិញ។
 
«(កម្លាំង)នៅ‍(អាម៉េរិក)ឯណោះ ក៏អត់ឱ្យធ្វើអី នៅ(ភ្នំពេញ)ឯណេះក៏អត់ឱ្យធ្វើអី»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានចោទជាសំនួរទៀតថា ៖ «តើសហរដ្ឋអាម៉េរិក ចាត់ទុកថា នេះជាសិទ្ធិបញ្ចេញមតិ ឬហិង្សា?» ។
 
ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា បើអាម៉េរិក នៅតែចាត់ទុកការគប់ស្បែកជើងមកលើសម្ដេច ជាសិទ្ធិបញ្ចេញមតិនោះ នៅលើពិភពលោកលែងមានច្បាប់ទម្លាប់ត្រឹមត្រូវទៀតហើយ ។ មិនតែប៉ុណ្ណោះសកម្មភាពគប់ស្បែកជើង នឹងកើតមានឡើងគ្រប់ទីកន្លែង រាប់ទាំងនៅកម្ពុជា ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមិនពេញចិត្តទង្វើរបែបនេះមកលើខ្លួន បាននិយាយបែបផ្លែផ្កាវិញថា ៖«បើសិនជាអាម៉េរិក ចាត់ទុករឿងនេះ (ការគប់ស្បែកជើង) វាជាសិទ្ធិបញ្ចេញមតិ ប្រហែលជារឿងនេះ នឹងកើតសឹងគ្រប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជា។ អ៊ីចឹងក្រុមអ្នកប្រឆាំង ហ៊ុន សែន ទាំងប៉ុន្មានត្រៀមត្រូវក្បាលនឹងស្បែកជើង។ រឿងនេះ មិនមែនរឿងតូចតាចទេ។ សូមសហរដ្ឋអាម៉េរិក គិតគូរឱ្យបានច្បាស់ »។

 
កាលពីថ្ងៃទី១១ ឧសភា សម្ដេច ហ៊ុន សែន បានដើរជួប និងថតរូបជាមួយពលរដ្ឋខ្មែរអាម៉េរិក និងកាណាដា ដែលមកបង្ហាញការគាំទ្រ សម្តេច នៅមុខសណ្ឋាគារ Willard Intercontinental នាទីក្រុង Washington សហរដ្ឋអាម៉េរិកនោះ ស្រាប់តែមានបុរសម្នាក់ យកស្បែកជើងគប់ទៅសម្ដេច។ ប៉ុន្តែស្បែកជើងនោះ ហោះមិនត្រូវសម្ដេច ហ៊ុន សែន ឡើយ ពោលគឺត្រូវចំដៃបុរសម្នាក់ ដែលកំពុងឈរថតរូបជាមួយសម្ដេច ទៅវិញ។
 
 
ភ្លាមៗនោះ ប៉ូលិសអាម៉េរិក ក៏ឃាត់ខ្លួនបុរសខ្មែររស់នៅអាម៉េរិក ដែលបានគប់ស្បែកជើងទៅលើសម្ដេចដែរ។ ប៉ុន្តែក្រោយឃាត់ខ្លួនហើយ ប៉ូលិសអាម៉េរិក បានបញ្ជូនបុរសម្នាក់នោះ ទៅព្រលានយន្តហោះ ដើម្បីឱ្យរូបគេធ្វើដំណើរទៅរដ្ឋកាលីហ្វ័រញ៉ាវិញ។ តែយ៉ាងណាបុរសចំណាស់ ដែលអះអាងថា ឈ្មោះ អ៊ុក ទូច នេះ មិនបានឡើងយន្តហោះឡើយ ហើយថែមទាំងដើរផ្ដល់កិច្ចសម្ភាសឱ្យអ្នកសារព័ត៌មានទៀតថា មូលហេតុខ្លួន យកស្បែកជើងគប់សម្ដេច ហ៊ុន សែន នេះ ដោយសារតែមិនពេញចិត្តការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។

ដ្បិតជួបបញ្ហាបែបនេះហើយ តែសម្ដេច ហ៊ុន សែន អះអាងថា មិនទាមទារឱ្យអាម៉េរិក ដាក់ទោសបុគ្គលគប់សម្ដេចទេ ប៉ុន្តែបើច្បាប់អាម៉េរិក មានការចែងបែបណានោះ ក៏សម្រេចតាមច្បាប់អាម៉េរិក។ មេដឹកនាំកម្ពុជារូបនេះ ក៏បានបញ្ជាមិនឱ្យក្រសួងការបរទេសកម្ពុជា និងស្ថានទូតខ្មែរប្រចាំអាម៉េរិក ធ្វើកំណត់ទូតទៅអាម៉េរិក ដើម្បីចាត់វិធានការលើអ្នកយកស្បែកជើងគប់លើសម្ដេចដែរ។
 
កាលពីខែធ្នូ ឆ្នាំ២០០៨ អតីតប្រធានាធិបតីអាម៉េរិក George W. Bush ក៏ត្រូវបានអ្នកសារព័ត៌មាន គប់២ស្បែកជើង នៅអំឡុងពេលធ្វើសន្និសីទកាសែត ក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ផងដែរ។ ដោយឡែក ប្រធានាធិបតីបារាំង Emmanuel Macron ក៏ធ្លាប់ត្រូវពលរដ្ឋទះកំផ្លៀងដែរ កាលពីខែមិថុនា ឆ្នាំ២០២១។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com