ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រីកិច្ចការនារី៖ ស្ត្រីមិនហ៊ានឈរឈ្មោះបោះឆ្នោត ព្រោះការរើសអើង និង​​ខ្វះការគាំទ្រ ​
18, May 2022 , 2:07 pm        
រូបភាព
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី។ រូបពី ក្រសួងកិច្ចការនារី
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី។ រូបពី ក្រសួងកិច្ចការនារី
ភ្នំពេញ៖ វិសមភាពស្ត្រី និងបុរស ទាំងនៅក្នុង​តួនាទីជាអ្នកសម្រេចចិត្ត និងឈរឈ្មោះបោះឆ្នោត នៅតែមានគម្លាតឆ្ងាយពីគ្នានៅឡើយ ក្នុងពេលបច្ចុប្បន្ន។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី ទទួលស្គាល់បញ្ហានេះ មុននឹងលើកឡើងពីបញ្ហាប្រឈមជាច្រើន ដែលរារាំងស្រី្ត រារែក​ក្នុងកិច្ចការនយោបាយ និងរអាក្នុងការកាន់តំណែងសម្រេចចិត្តក្នុងស្ថាប័ន។ បើតាមលោកស្រី អ៊ឹង កន្ថាផាវី ឥរិយាបថរើសអើង ទស្សនៈអវិជ្ជមានរបស់ស្រី្តខ្លួនឯងក្នុងកិច្ចការនយោបាយ និងពិសេសកង្វះការគាំទ្រពីមជ្ឈដ្ឋានជុំវិញ គឺជាកត្តាចម្បង ដែលរាំងស្ទះដល់ការបង្កើនចំនួនស្ត្រីក្នុងតួនាទីសម្រេចចិត្ត ឬស្ត្រីជាអ្នកដឹកនាំ។

ការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្រី្ត គឺជាការជួយជ្រោមជ្រែងស្រី្ត ឲ្យក្លាយជាអ្នកមានតួនាទី ក្នុងការធ្វើសេចក្ដីសម្រេច និងអភិបាលកិច្ច ស្ដីពីគោលនយោបាយ ច្បាប់ និងកម្មវិធីនានា។ ស្រី្ត អាចចូលរួមពេញលេញ ក្នុងការធ្វើសេចក្តីសម្រេច លើគោលការណ៍នានា គឺជាការឆ្លើយនឹងតម្រូវការរបស់ពលរដ្ឋ។ នេះជាការលើកឡើងរបស់រដ្ឋមន្រី្តក្រសួងកិច្ចការនារី។ 
 
ក្នុងវេទិជាតិ ស្ដីពីស្រី្តក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច នាថ្ងៃទី១៧ឧសភា​ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា បច្ចុប្បន្នឧបសគ្គនានា ក្នុងការចូលរួមផ្នែកនយោបាយ និងធ្វើសេចក្ដីសម្រេចរបស់ស្រី្ត គឺមានច្រើន ហើយកម្រិតនៃការយល់ដឹងរបស់ពួកគេ ក៏នៅមានទាប​។ ឧបសគ្គទាំងនេះ រួមមានឥរិយាបថសង្គមនៅមានការរើសអើងលើស្រី្ត កង្វះខាតការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រពីក្រុមគ្រួសារ។ 
 
​រដ្ឋមន្រី្តក្រសួងកិច្ចការនារីសង្កត់ធ្ងន់បន្ថែមថា៖ «ទស្សនៈអវិជ្ជមាន ចំពោះកិច្ចការនយោបាយ ក្នុងចំណោមស្រី្តខ្លួនឯង ដែលធ្វើឲ្យស្រី្តមិនហ៊ានឈរឈ្មោះបោះឆ្នោត ឬទទួលតួនាទី តាមការចាត់តាំង»។ កត្តាខាងលើនេះហើយ ទើបលោកស្រីសន្មតថា ទោះបីស្ត្រីមានចំនួនច្រើនជាងបុរសក៏ដោយ ក៏ស្ត្រីជាអ្នកដឹកនាំផ្នែកនយោបាយ និងកិច្ចការសាធារណៈបច្ចុប្បន្ន មិនសមាមាត្រគ្នា។ 
 
សម្រាប់លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីបង្កើន ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្ត​ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវមានការគាំទ្រ និងផ្ដល់ឱកាសឲ្យស្ត្រីចូលរួម​។ ក្រៅពីនេះ រដ្ឋាភិបាលក៏ត្រូវរួមចំណែកបង្កើតគោលនយោបាយ និងគោលការណ៍នា​នា រួមទាំង​ការ​ ការពង្រឹងសមត្ថភាពស្រ្តី ​ដើម្បីធានាថាស្ត្រីដែលមានតួនាទីជាអ្នកដឹកនាំ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំ​ពេញ​តួនាទីខ្លួន។ 
 
​ជុំវិញគោលនយោបាយគាំទ្រស្ត្រីពីសំណាក់រាជរដ្ឋាភិបាល​ រដ្ឋមន្រី្តក្រសួងកិច្ចការនារី គូសបញ្ជាក់ថា រដ្ឋាភិបាល បានជំរុញការអនុគោលនយោបាយសមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រី្ត ដោយចាត់ទុកស្រី្តជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។ ការបញ្ចូលស្រី្តនៅគ្រប់ក្រសួងស្ថាប័ន រហូតដល់ឃុំ សង្កាត់ និងភូមិ ក៏ត្រូវបានគិតគូរ និងបង្កើនបន្ថែមផងដែរ ។ 
 
​តាមរបាយការណ៍របស់ក្រសួងកិច្ចការនារី នៅ​ក្នុងឆ្នាំ២០១៧ មន្រី្តរាជការជាស្រី្តមានការកើនឡើង ៣២ភាគរយ ហើយដល់ឆ្នាំ២០២០ កើនដល់ឡើងដល់៤១ភាគរយ ខណៈស្រី្តជា​សមាជិករដ្ឋសភា បានកើនពី៧រូប នៅអាណត្តិទី១ ដល់២០រូប នៅអាណត្តិទី៦។ របាយការណ៍ដដែលឱ្យដឹងទៀតថា បច្ចុប្បន្ន រដ្ឋមន្រី្តជាស្រី្ត មាន៣រូប ក្នុងចំណោមរដ្ឋមន្រី្ត២៩រូប​ស្របពេលដែលស្រ្តីជាអភិបាលខេត្តមាន២រូប ក្នុងចំណោមរាជធានី-ខេត្តទាំង២៥។ ភាពជាតំណាងនៅថ្នាក់មូលដ្ឋាន ស្រ្តីជាមេឃុំ-ចៅសង្កាត់ ក៏បានកើនឡើងឡើងដែរ ពោលគឺក្នុងឆ្នាំ២០០២ ស្ត្រីមានត្រឹមតែ ២,៦ភាគរយប៉ុណ្ណោះ ខណៈដែលក្នុងឆ្នាំ២០១៨ ស្ត្រីជាមេឃុំ-ចៅសង្កាត់ មាន៧,៧៩ភាគរយ៕
 
 

Tag:
 ស្រី្ត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com