អន្តរជាតិ
លោកម៉ាក្រុងប្រាប់លោកហ្សេលេនស្គី៖ បារាំង នឹងបង្កើនជំនួយអាវុធទៅអ៊ុយក្រែន
18, May 2022 , 2:29 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ រូបភាព៖ AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៧ ខែឧសភា បានលើកឡើងថា ជំនួយយោធា និងមនុស្សធម៌ពីក្រុងប៉ារីសទៅក្រុងកៀវ នឹងបង្កើន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ការប្តេជ្ញាផ្តល់ជំនួយយោធាជាថ្មីនេះ ធ្វើឡើងស្របពេលរុស្ស៊ីបានផ្តោតប្រតិបត្តិនៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន។

 
ជិតរយៈពេល ៣ខែហើយ រុស្ស៊ីនៅតែបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។ ក្នុងថ្ងៃទី១៧ ខែឧសភា ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ទាហានអ៊ុយក្រែនប្រមាណ២៦៥នាក់នៅរោងចក្រដែកក្នុងក្រុង Mariupol  បានទម្លាក់អាវុធហើយ បន្ទាប់ពីតស៊ូជាមួយកម្លាំងប្រយុទ្ធរបស់ខ្លួនអស់ជាច្រើនថ្ងៃ ខណៈក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា ទាហានទាំងនោះ បានជម្លៀសទៅតំបន់រុស្ស៊ីគ្រប់គ្រង។ 
 
នៅថ្ងៃទី១៧ ខែឧសភា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជជែកតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយបានសន្យាផ្តល់ជំនួយយោធា រួមទាំងជំនួយមនុស្សធម៌បន្ថែមទៀត។ នេះជាជំនួបតាមទូរស័ព្ទលើកទី១ រវាងលោក ម៉ាក្រុង និងលោក ហ្សេលេនស្គី ក្រោយលោក ម៉ាក្រុង ចូលកាន់តំណែងអាណត្តិទី២។
 
«លោក បានបញ្ជាក់ថា ការដឹកជញ្ជូនអាវុធរបស់បារាំង នឹងបន្ត ហើយអាចត្រូវបានបង្កើនក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ»។ វិមាន Elysee បានចេញសេចក្តីថ្លែងការណ៍មួយបែបនេះ នៅថ្ងៃទី១៧ ខែឧសភា ដោយបន្ថែមថា បារាំង ក៏នឹងបញ្ជូនជំនួយមនុស្សធម៌ទៅជាមួយផង។ 
 
មុនការសន្យារបស់លោកម៉ាក្រុងខាងលើមួយសប្តាហ៍ បារាំង បានបញ្ជូនរថយន្តសម្រាប់សេវាសង្រ្គោះបន្ទាន់ចំនួន១៣គ្រឿង។ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន បារាំងបានបញ្ជូនជំនួយមនុស្សធម៌ប្រមាណ ៨០០តោន។ 
 
សេចក្តីថ្លែងការណ៍ដដែល បានបង្ហាញពីកិច្ចសន្ទនារវាងប្រធានាធិបតីបារាំង និងអ៊ុយក្រែន ជុំវិញការធានាសន្តិសុខ ការចូលជាសមាជិកសហភាពអឺរ៉ុប និងសហគមន៍នយោបាយថ្មី។ បើតាមលោកម៉ាក្រុង រដ្ឋាភិបាលក្រុងប៉ារីស អាចផ្តល់ឱ្យអ៊ុយក្រែននូវផ្នែកមួយនៃការដោះស្រាយប្រកបដោយអន្តរជាតិ និងគោរពបូរណភាពដែនដី។ 
 
ពាក់ព័ន្ធនីតិវិធីចូលជាសមាជិកសហភាពអឺរ៉ុបវិញ លោក ម៉ាក្រុង បានបញ្ជាក់ថា ពាក្យស្នើសុំរបស់អ៊ុយក្រែន ដែលបានដាក់កាលពីចុងខែមីនា នឹងត្រួតពិនិត្យដោយសមាជិកសហភាពអឹរ៉ុបនៅក្នុងខែមិថុនាខាងមុខ។ ក្រៅពីចូលជាសមាជិកសហភាពអឺរ៉ុប លោកម៉ាក្រុង បានប្រាប់លោក ហ្សេលេនស្គីថា សហគមន៍នយោបាយថ្មី អាចនឹងងាយស្រួលក្នុងការរួមបញ្ចូលអ៊ុយក្រែនផង។ សហគមន៍នយោបាយថ្មីនេះ ត្រូវបានប្រមុខរដ្ឋបារាំង នៅថ្ងៃទី៩ ខែឧសភា ស្នើឡើង ដើម្បីអនុញ្ញាតឱ្យប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប (EU) ចូលរួម។ 
 
ចំណែក ប្រធានាធិបតីអ៊ុយក្រែនវិញ បានសរសេរលើបណ្តាញសង្គម Twitter ថា លោកបានជជែកជាមួយមេដឹកនាំបារាំង ជុំវិញកញ្ចប់ទណ្ឌកម្មទី៦ របស់សហភាពអឺរ៉ុបលើរុស្ស៊ី និងការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនដែលកំពុងជាប់គាំងទៅក្រៅប្រទេសផង។ មេដឹកនាំអ៊ុយក្រែន បានចាត់ទុកកិច្ចសន្ទនាជាមួយមេដឹកនាំបារាំង ប្រកបដោយខ្លឹមសារ។ 
 
កន្លងមក លោកម៉ាក្រុង ជាមេដឹកនាំអឺរ៉ុបមួយនេះ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ក៏ដូចជាចរចាដោយផ្ទាល់ជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីឱ្យបញ្ឈប់ប្រតិបត្តិការយោធាពិសេស។ ក្រៅពីចរចា បារាំង ក៏បានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ីផង៕ 
 

Tag:
 បារាំង
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com