ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សដែលចង់ឃោសនាបោះឆ្នោតក្នុងផ្សារ ត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន មុន៣ថ្ងៃ
18, May 2022 , 6:59 pm        
រូបភាព
រូបភាពពី គណះកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប
រូបភាពពី គណះកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ គណបក្សនយោបាយ ដែលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ មានបំណងធ្វើសកម្មភាពឃោសនា និងចែកខិត្តប័ណ្ណនៅក្នុងផ្សារនោះ ត្រូវស្នើសុំទៅអ្នកគ្រប់គ្រងផ្សារ និងជូនដំណឺងទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ឱ្យបាន៣ថ្ងៃមុន។

 
គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការធ្វើសកម្មភាពឃោសនាបោះឆ្នោតក្នុងផ្សារ ត្រូវកម្រិតមនុស្សត្រឹមតែ ១០នាក់ប៉ុណ្ណោះ ហើយត្រូវយកចិត្តទុកដាក់គោរព និងរក្សាសន្តិសុខ សង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសមិនត្រូវប្រើឧបករណ៍បំពងសំឡេងឡើយ។ បើតាមគ.ជ.ប គណបក្សនយោបាយ ដែលមានចង់ឃោសនានៅក្នុងផ្សារនោះ ត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងផ្សារ ឱ្យបានមុន៣ថ្ងៃ។
 
គណៈកម្មាធិការរៀបចំការបោះឆ្នោត បានចេញសេចក្តីណែនាំថា៖«ការផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទអំពីសារនយោបាយ ឬ/និងគោលនយោបាយគណបក្ស អាចធ្វើបាននៅក្រៅបរិវេណផ្សារ»។
 
គ.ជ.ប ក៏បានណែនាំឱ្យគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ត្រូវសហការនិងសម្របសម្រួលជាមួយអាជ្ញាធរដែនដី អ្នកគ្រប់គ្រងផ្សារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើសកម្មភាពរបស់គណបក្សនយោបាយឃោសនានេះ។
 
ចំណែកគណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាឆ្លងកាត់ឃុំ-សង្កាត់ពីរ ឬច្រើន ដែលមានព្រំប្រទល់ជាប់គ្នា ដើម្បីធ្វើដំណើរឆ្លងទៅកាន់ឃុំ-សង្កាត់ ឫទីកន្លែង ដែលគណបក្សមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដើម្បីបន្តការឃោសនា សាមីគណបក្សត្រូវជូនដំណឹងទៅ គឃ.សប ឱ្យបានយ៉ាងតិចមុន៣ថ្ងៃ។
 
«ក្នុងការធ្វើដំណើរឆ្លងកាត់ ដូចករណីខាងលើ សាមីគណបក្សត្រូវបិទឧបករណ៍រំពងសំឡេង និងមិនត្រូវធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។ នៅពេលទទួលបានការជូនដំណឹងពីគណបក្សនយោបាយ គឃ.សប ត្រូវរាយការណ៍ជាបន្ទាន់ទៅ គធ.ខប ដើម្បីសុំកិច្ចអន្តរាគមន៍សម្របសម្រួល និងចាត់វិធានការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ​ សាធារណៈ»។ នេះបើតាមគ.ជ.ប ដែលបានបន្ថែមថា ការហែរក្បួនឃោសនា ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ធ្វើបានតែពីរដងប៉ុណ្ណោះនៅក្នុងឃុំ-សង្កាត់ ដែលគណបក្សនយោបាយមានបេក្ខជនឈរឈ្មោះ។ 
 
គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការកំណត់ពីទីសាធារណ​ប្រើប្រាស់ សម្រាប់ការឃោសនាបោះឆ្នោះ​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយត្រូវយកចិត្តទុកដាក់ចំពោះកត្តាភូមិសាស្រ្ត សេដ្ឋកិច្ច និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋ។ នេះបើតាមគ.ជ.ប៕
 
 
 
 

Tag:
 គ.ជ.ប
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com