ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ជំទាស់ការដាក់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចដោយបំពានច្បាប់អន្តរជាតិ ទៅលើប្រទេសដទៃ
19, May 2022 , 11:53 am        
រូបភាព
រូបពី AKP
រូបពី AKP
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើបទអន្តរាគមន៍មួយ ទៅកាន់ «វេទិកាលើកទី២នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និង អង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេស BRICS» ដែលប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ ប្រ៊ីក សំដៅលើប្រទេស៥ គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្រ្វិកខាងត្បូង។



តាមរយៈលិខិតសុទ្ទរកថា ដែលជាបទអន្តរាគមន៍របស់ខ្លួន ហើយត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរថា៖«យើង ត្រូវបន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង ចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា។ លើសពីនេះទៅទៀត យើង មិនគួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ដូចជា គោលការណ៍ និងគៅលបំណងស្នូរ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។ 
 
សម្តេច ហ៊ុន សែន បង្ហាញការយល់ឃើញថា ក្នុងបរិបទ ដែលពិភពលោក កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុញស្មាញ គេ មិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ បើគេ ពិតជាមានបំណងចង់ដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន។ សម្តេច បន្តថា ក្នុងន័យនេះ អាស៊ាន និង BRICS ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល ចាំបាច់ត្រូវប្រឹងប្រែងទ្វេដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ 
 
មេដឹកនាំកម្ពុជា អះអាងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជា និងបណ្តាប្រទេសជាសមាជិកអាស៊ាន នឹងប្រឹងប្រែងយ៉ាងសកម្មថែមទៀត ដើម្បីកសាងអនាគតភ្លឺស្វាងជាងមុន សម្រាប់អាស៊ី និងពិភពលោក៕ 
 

Tag:
 ហ៊ុន សែន
  Brics
© រក្សាសិទ្ធិដោយ thmeythmey.com