ជាតិ
លោក ជា សុផារ៉ា ចង់ឱ្យពលរដ្ឋខ្មែរស្គាល់ឈ្មោះរុក្ខជាតិជុំវិញខ្លួន ដូចស្គាល់ឈ្មោះយីហោម៉ាកល្បីៗដែរ
21, May 2022 , 1:59 pm        
រូបភាព
សៀមរាប៖ ពីខេត្តសៀមរាប រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានណែនាំឱ្យមន្រ្តីបំផុសការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ​ ឱ្យស្គាល់ឈ្មោះរុក្ខជាតិនានា ដែលនៅជុំវិញខ្លួន ដ្បិតថារុក្ខជាតិទាំងនោះ មានគុណប្រយោជន៍ច្រើនដល់មនុស្ស តែមនុស្សហាក់មិនស្គាល់វាទៅវិញ។ លោក ជា សុផារ៉ា ចង់ឱ្យពលរដ្ឋខ្មែរ ស្គាល់ពីឈ្មោះរុក្ខជាតិទាំងនោះ ដូចស្គាល់ម៉ាកយីហោផលិតផលល្បីៗនៅលើសកលលោក ដូចជាម៉ាក LV ជាដើម។

 
«បើស្គាល់ម៉ាក ប៊ីយូនី ហើម៉េស អិលវី ក៏ម្យ៉ាងដែរ ក៏ប៉ុន្តែវាគួរឱ្យសោកស្ដាយ ដែលយើងអត់ស្គាល់រុក្ខជាតិដែលនៅជាប់ផ្ទះ ក្បែរភូមិ ហើយនៅតាមដងផ្លូវ យើងអត់ស្គាល់ មិនថាអន់ទេ តែការខ្វះខាតនេះមិនគួរឱ្យមាន»។ នេះជាការលើកឡើងរបស់លោក ជា សុផារ៉ា ទៅកាន់អ្នកចូលរួមប្រមាណ៥០០នាក់ ក្នុងពិធីសម្ពោធសួនរុក្ខជាតិអង្គរ នាព្រឹកថ្ងៃទី១៩ ខែឧសភា ក្នុងរមណីយដ្ឋានអង្គរ។ 
 
សម្រាប់លោករដ្ឋមន្រ្តី ជា សុផារ៉ា រុក្ខជាតិមានគុណប្រយោជន៍លើសលប់ដែលផ្តល់មកឱ្យមនុស្ស ដូចជាកាន់បន្ថយការប្រែប្រួលអាកាសធាតុ តែបែរជាមនុស្សអត់ស្គាល់ឈ្មោះ និងគុណតម្លៃរបស់វាទៅវិញ។ ការណ៍នេះហើយ ដែលលោករដ្ឋមន្រ្តីយល់ថា បណ្ដាលឱ្យមនុស្សមួយចំនួនធំ កាប់បំផ្លាញរុក្ខជាតិទាំងនោះដោយមិនខ្វះពីអ្វីទាំងអស់។ 


 
ជាមួយគ្នានេះ លោក ជា សុផារ៉ា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងកែលម្អសួនរុក្ខជាតិអង្គរនេះឡើង ដែលពីដើមមានទំហំត្រឹម២ហិកតាប៉ុណ្ណោះ រហូតមានផ្ទៃដីដល់ ១៥ហិកតា។ ដ្បិតថា ១៥ហិកតាសម្រាប់លោករដ្ឋមន្រ្តីមិនទាន់ធំណាស់ណាក៏ពិតមែន តែវាក៏បានចូលរួមមួយផ្នែកសម្រាប់បរិស្ថានផងដែរ ហើយរំពឹងថា សួននេះពង្រីកផ្ទៃដីបន្ថែមទៀតនាពេលអនាគត។ 
 
ក្នុងពិធីដែលមានការនិមន្តចូលរួមពីព្រះសង្ឃដែរនោះ លោក ជា សុផារ៉ា ក៏ជំរុញ និងលើកទឹកចិត្តដល់ព្រះសង្ឃតាមវត្តអារាមក្នុងខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេស បង្កើនការដាំកូនឈើក្នុងបរិវេណវត្តអារាមផងដែរ។ លោកបញ្ជាក់ថា នឹងរៀបចំលិខិតជាផ្លូវការ ប្រគេនដល់ថ្នាក់ដឹកនាំសង្ឃ ដើម្បីបំផុសចលនានេះ។ 
 
ក្រៅពីនេះ លោកក៏បានរំឭកពីការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបកន្លងមក ដែលលោកខំរៀបចំ និងការពារដើមឈើធំៗស្ទើរទាំងអស់មិនឱ្យកាប់ចេញទេ ព្រោះថាដើមឈើទាំងនោះពិតជាមានតម្លៃវិសេសវិសាល ពិសេសក្នុងខេត្តបេតិកភណ្ឌមួយនេះ។
 


យោងតាមរបាយការណ៍ដែលអានដោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា សួនរុក្ខជាតិអង្គរ បង្កើតឡើងដំបូងនៅឆ្នាំ២០០៥ ក្រោមឈ្មោះថា សួនគ្រឿងទេស។ ពីឆ្នាំ២០១០មក មានការកែលម្អផ្នែកប្រព័ន្ធទឹក ហើយនៅឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមពីលោក ជា សុផារ៉ា សួននេះបានពង្រីកពីផ្ទៃដី២ហិកតា ដល់១៥ហិកតា និងបានកែលម្អឡើងវិញ ស្ទើរទាំងស្រុង។ សួននេះចែកជា៥ផ្នែក មានសួនឱសថ និងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ និងសួនព្រៃឈើ សត្វព្រៃអង្គរ។ ក្រៅពីរុក្ខជាតិ ៥០០ប្រភេទ សួននេះក៏មានការរៀបចំជាកូនភ្នំតូចៗ និងទឹកធ្លាក់ ព្រមទាំងសត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួនទៀតផងដែរ។ 
 
សម្រាប់លោកស្រី ភឿង សកុណា សួនរុក្ខជាតិអង្គរនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក្នុងគោលដៅពង្រីកបន្ថែមទេសភាពបៃតង និងជំរុញគោលដៅទេសចរណ៍ក្នុងស្រុក ដោយរួមចំណែកស្ដារវិស័យទេសចរណ៍ ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។ 
 
សូមបញ្ជាក់ថា សួនរុក្ខជាតិអង្គរ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវទៅប្រាសាទអង្គរ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រោយពិធីសម្ពោធនេះរួច អាជ្ញាធរជាតិអប្សរា ប្រកាសថា ឱ្យសាធារណជនអាចចូលទស្សនាដោយឥតគិតថ្លៃផងដែរ៕
 
 
 
 
 

Tag:
 សួនរុក្ខជាតិអង្គរ
  ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com