ជាតិ
ការអប់រំបេតិកភណ្ឌចាប់ផ្តើមសារជាថ្មី ក្រោយខកខាន២ឆ្នាំដោយសារកូវីដ-១៩
21, May 2022 , 10:59 pm        
រូបភាព
ការបណ្ដុះបណ្ដាលកម្មវិធីអប់រំបេតិកភណ្ឌនៅសង្កាត់ក្របីរៀល។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
ការបណ្ដុះបណ្ដាលកម្មវិធីអប់រំបេតិកភណ្ឌនៅសង្កាត់ក្របីរៀល។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ កម្មវិធីអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការសារជាថ្មី ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។

 
កម្មវិធីអប់រំបេតិកភណ្ឌនេះ ត្រូវបានរៀបចំធ្វើនៅសាលាបឋម​សិក្សា និងអនុវិទ្យាល័យក្របីរៀល ក្រុងសៀមរាប។ ក្នុងពិធីជាផ្លូវការ ការចាប់ផ្តើមបង្រៀនសម្រាប់ឆ្នាំ២០២២ នាចុងសប្ដាហ៍កន្លងទៅ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ​ និងបុរាណវិទ្យាបង្ការ និងជាអនុប្រធានកម្មវិធីអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កម្មវិធីនេះ អនុវត្តន៍លើសិស្សថ្នាក់ទី៥ និងទី៦ ដែលមានចំនួនសរុបជិត២០០នាក់។ សម្រាប់លោក សុខរិទ្ធី កម្មវិធីនេះពិតជាមានសារសំខាន់ណាស់ ដល់ក្មេងៗជំនាន់ក្រោយ គួរសិក្សាស្វែងយល់ពីតម្លៃបេតិកភណ្ឌ និងយល់ពីភារកិច្ចរបស់ខ្លួន ដើម្បីការពារមរតកទាំងនោះ។ 
 
ដ្បិតថា សកម្មភាពលួច គាស់ ជីកកកាយយកវត្ថុបុរាណ ស្ទើរតែលែងមានទៅហើយនៅក្នុងរមណីយដ្ឋានអង្គរ តែមិនប្រាកដថា តម្លៃនៃមរតកបេតិកភណ្ឌនៅតែថែរក្សាឱ្យល្អប្រសើរនោះទេ។ លោក សុខរិទ្ធី ពន្យល់យ៉ាងដូច្នេះថា៖« មេរៀនដែលយើងដាក់បង្រៀន ខុសគ្នាបន្តិចបន្តួចតាមតំបន់នីមួយៗ ដូចករណីបន្ទាយឆ្មារ [បន្ទាយមានជ័យ]  ទាក់ទងជីកគស់ផ្នូរបុរាណ នៅកោះកេរ [ព្រះវិហារ] ទាក់ទងនឹងលួចដាប់ចម្លាក់ផ្សេងៗទៅ ហើយករណីអង្គរនៅបញ្ហារឿងសាងសង់ ដែលយើងត្រូវការការពន្យល់ ដូច្នេះសារដែលយើងចង់បង្ហាញ ដំបូងអ្វីជារាជធានី ប្រាសាទដែលយើងឃើញសព្វថ្ងៃ វាគ្រាន់តែជាចំណុចតូចមួយនៃរាជធានីដែលមនុស្សរស់នៅ សព្វថ្ងៃយើងឃើញតែប្រាសាទ កន្លែងសាសនា ប៉ុន្តែកន្លែងមនុស្សរស់នៅដែលគេគិតថា មានមនុស្សជិត១លាននាក់ តើពួកគេនៅទីណា មិនមែនរស់នៅក្នុងប្រាសាទទេ...វាច្រើនជាងប្រជាជនសព្វថ្ងៃទូទាំងខេត្តសៀមរាប»។
 
ការណ៍នេះហើយ ដែលមន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះបញ្ជាក់ថា ដែលកន្លងមកអាជ្ញាធរបានប្រឹងប្រែងការពារបុរាណដ្ឋាននានាដែលនៅមានស្លាកស្នាម ដូចជាភូមិឋាន និងត្រពាំងជាដើម។ល។ 
 
មេរៀនសំខាន់ៗសម្រាប់កម្មវិធីអប់រំបេតិកភណ្ឌរួមមាន ប្រវត្តិសាស្រ្ដ ការជួសជុលប្រាសាទ បរិស្ថាន ធម្មជាតិ វប្បធម៌ ការប្រើប្រាស់ដីធ្លី ការការពារទេសភាពវប្បធម៌ និងការសាងសង់សំណង់ខុសច្បាប់ជាដើម។ការបណ្ដុះបណ្ដាលនេះមាន ៣កម្រិត ទី១សម្រាប់សិស្សថ្នាក់បឋម ទី២ សិស្សអនុវិទ្យាល័យ និងទី៣ សិស្សថ្នាក់វិទ្យាល័យ ដែលសិក្សារយៈពេល ៦ខែ។ នៅរមណីយដ្ឋានអង្គរ កម្មវិធីនេះរៀបចំនៅសង្កាត់នគរធំ ស្រុកប្រាសាទបាគង និងឆ្នាំ២០២២នេះ ចូលមកដល់សង្កាត់ក្របីរៀល។
 
គួរបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌ កើតឡើងដំបូងតាមរយៈគម្រោងស្រាវជ្រាវបណ្ដាញគមនាគមន៍ចក្រភពខ្មែរ ដែលជាគម្រោងកិច្ចសហការអន្តរជាតិរវាងកម្ពុជា និងប្រទេសថៃ ដែលចាប់ផ្តើមពីឆ្នាំ២០០៥។ ក្រោយស្រាវជ្រាវចប់ នៅឆ្នាំ២០០៦ និង២០០៧ ស្ថាប័ននៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតកម្មវិធីអប់រំនេះឡើង ក្នុងន័យផ្សព្វផ្សាយលទ្ធផលនៃគម្រោងសិក្សានេះដល់សិស្សានុសិស្សនៃប្រទេសរៀងខ្លួនបានដឹង ដើម្បីឱ្យយុវជនជំនាន់ក្រោយសិក្សារៀនសូត្របន្ថែម។ នៅកម្ពុជា គម្រោងនេះដើមឡើយអនុវត្តន៍ដោយអង្គការគាំពារកេរមរតក បន្ទាប់មកដូរឈ្មោះជាអង្គការមរតកខ្មែរ ដោយអនុវត្តដំបូងគេនៅខេត្តឧត្តរមានជ័យ ហើយខាងថៃ គឺនៅខេត្តបុរីរាម ប្រទេសថៃ។ ក្រោយមកកម្មវិធីនេះ បានពង្រីកខ្លួនដល់តំបន់បន្ទាយឆ្មារ កោះកេរ តំបន់ប្រាសាទសម្បូរព្រៃគុក និងតំបន់អង្គរ។ ហើយបច្ចុប្បន្នក្នុងតំបន់អង្គរ គឺអនុវត្តន៍ដោយផ្ទាល់ដោយអាជ្ញាធរជាតិអប្សរា៕
 
 
 
 
 

Tag:
 កម្មវិធីអប់រំបេតិកភណ្ឌ
  ក្របីរៀល
© រក្សាសិទ្ធិដោយ thmeythmey.com