ជាតិ
បោះឆ្នោត៖ ពលរដ្ឋសៀមរាបថា ពិបាកសម្រេចចិត្ត​ ព្រោះខ្វះព័ត៌មានពីបេក្ខភាពមេឃុំ-ចៅសង្កាត់​​
22, May 2022 , 9:19 am        
រូបភាព
ពលរដ្ឋតម្រង់ជួរចូលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ នៅមណ្ឌលបោះឆ្នោតមួយនៅរាជធានីភ្នំពេញ។ រូបថត ៖ ញឹក ស្រីល័ក្ខ
ពលរដ្ឋតម្រង់ជួរចូលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ នៅមណ្ឌលបោះឆ្នោតមួយនៅរាជធានីភ្នំពេញ។ រូបថត ៖ ញឹក ស្រីល័ក្ខ
សៀមរាប៖ ប្រជាពលរដ្ឋនៅខេត្តសៀមរាបមួយចំនួនប្រាប់ថា ពួកគេមិនបានទទួលព័ត៌មានលម្អិតពីបេក្ខភាពឈរឈ្មោះជាមេឃុំ ឬចៅសង្កាត់ក្នុងមូលដ្ឋានពួកគេឱ្យបានទូលំទូលាយនោះទេ ដែលការណ៍នេះធ្វើឱ្យពួកគេមានការលំបាកក្នុងការសម្រេចចិត្តពេលបោះឆ្នោតនាដើមខែ មិថុនា ខាងមុខនេះ។ ពលរដ្ឋអះអាងថា ស្គាល់តែមេឃុំ ឬចៅសង្កាត់ចាស់ ហើយព័ត៌មានពីបេក្ខភាពមកពីបណ្ដាគណបក្សដទៃទៀតនោះ មិនត្រូវបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដឹងឮទូលំទូលាយទេ។

 
ដ្បិតថា ការបោះឆ្នោតនឹងឈានមកដល់នាពេលឆាប់ខាងមុខយ៉ាងណាក្ដី តែប្រជាពលរដ្ឋមិនទាន់បានជ្រោតជ្រាបពីព័ត៌មានជុំវិញនេះនៅឡើយ។ អ្នកស្រី វ៉ុន សាវី ពលរដ្ឋរស់នៅភូមិចុងឃ្នៀស ក្រុងសៀមរាប មិនទាន់ដឹងថា អ្នកស្រីនឹងបោះឆ្នោតនៅការិយាល័យណាមួយទេក្នុងមូលដ្ឋានខ្លួន។ អ្នកនេសាទវ័យ ៣៤ឆ្នាំរូបនេះ រៀបរាប់យ៉ាងដូច្នេះថា៖« ដឹងអត់សូវច្បាស់ មិនដឹងថ្ងៃបោះឆ្នោតពេលណាទេ ភូមិឃុំឱ្យទៅពិនិត្យឈ្មោះដែរ តែនៅរវល់មិនទាន់បានទៅ»។ 
 
ពេលសួរថាតើ បេក្ខភាពមកពីគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្តដើម្បីបោះឆ្នោតជូននាពេលដ៏ខ្លីខាងមុខនេះ? អ្នកស្រី វ៉ុន សាវី ប្រាប់ថា នៅមិនទាន់សម្រេចចិត្តនៅឡើយ គឺរង់ចាំថ្ងៃទៅបោះឆ្នោតតែម្ដង។ អ្នកស្រី សាវី៖« មិនដឹងគណបក្សណាខ្លះទេ ចាំមើលដល់ថ្ងៃចាំគិត បោះឆ្នោតឱ្យអ្នកណា ខ្លាចឥឡូវគិតហើយ តែថ្ងៃបោះឆ្នោតគិតផ្សេង»។
 
ចំណែកលោក សុខ សាវយុត ពលរដ្ឋរស់នៅសង្កាត់សាលាកំរើក ក្រុងសៀមរាបវិញ បានត្រៀមខ្លួនរួចស្រេចសម្រាប់ការទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា។ តែលោកមិនអស់ចិត្តសោះ ចំពោះការខំស្វែងរកព័ត៌មានពីបេក្ខភាពមេឃុំ ឬចៅសង្កាត់ មកពីគណបក្សនយោបាយថ្មីៗ ដែលចូលរួមក្នុងការបោះឆ្នោតនាអាណត្តិនេះ។ លោកប្រាប់ដូច្នេះថា៖« និយាយទៅ រឿងព័ត៌មានជុំវិញបេក្ខភាពមេឃុំថ្មីនេះ ខ្ញុំអត់ទាន់ដឹងថា អ្នកណាទេ ប៉ុន្តែក្នុងចិត្តខ្ញុំចង់ឱ្យមានបេក្ខភាពថ្មី ពីព្រោះឃើញថា កាលណាយើងមានថ្មី យើងដឹងពីកម្រិតនៃការដឹកនាំក្នុងឃុំមានការផ្លាស់ប្ដូរថ្មី យើងអត់ចង់បានចាស់ដដែលទេ ព្រោះយើងដឹងថា កម្រិតនៃការគ្រប់គ្រងឃុំកន្លងមកកម្រិតណាហើយ យើងចង់បានបេក្ខជនថ្មីដែលមានសមត្ថភាពថ្មីៗ ដើម្បីមកប្រកួតប្រជែងក្នុងការគ្រប់គ្រង»។
 
មិនមានអារម្មណ៍ស្ទាក់ស្ទើរ ឬមិនទាន់សម្រេចចិត្តច្បាស់លាស់ ដូចអ្នកស្រី វ៉ុន សាវី និងលោក សុខ សាវយុត ទេ លោក ម៉ាត់ ឡោះ ឯណេះវិញ ដឹងថាត្រូវបោះឆ្នោតឱ្យអ្នកណារួចទៅហើយ។ គឺចៅសង្កាត់ចុងឃ្នៀស ដែលកំពុងកាន់អំណាចសព្វថ្ងៃនេះហើយ ដែលលោក ម៉ាត់ ឡោះ នឹងបោះឆ្នោតជូន ព្រោះលោកចិត្តចំពោះសេវាសាធារណដែលចៅសង្កាត់រូបនេះផ្តល់ឱ្យប្រជាជនស្មើៗគ្នា ដោយមិនប្រកាន់ជាតិសាសន៍ណាមួយឡើយ។ យ៉ាងណាលោកថា ការផ្តល់សេវាសាធារណទាំងឡាយ មិនបានល្អឥតខ្ចោះទេ ហើយថាប្រជាពលរដ្ឋបានយល់ពីការបំពេញការងារទាំងនោះ ព្រោះមានបែបបទច្រើនដែលពលរដ្ឋមិនដឹង។
 
លោក ម៉ាត់ ឡោះ៖« មេភូមិឃុំនៅនេះ មិនមានអ្វីទេ តែមិនល្អទាំងអស់ទេ នៅតែមានខ្វះខាតតិចតួច តែស៊ីសងយើងអនុគ្រោះគ្នាទៅវិញទៅមក ពេលនោះវាសុខសប្បាយហើយ...ខ្ញុំពេញចិត្តខាងគណបក្សប្រជាជន ព្រោះគាត់បម្រើសេវាសាធារណបានល្អណាស់ ខុសឆ្គងអី យើងថាឱ្យ មានសិទ្ធិតវ៉ាទៅ គាត់ធ្វើឱ្យយើងពេញចិត្ត»។
 
រីឯលោក សុខ សាវយុត មិនទាន់ពេញចិត្តខ្លះលើការផ្តល់សេវាសាធារណរបស់អាជ្ញាធរនៅសង្កាត់សាលាកំរើក។ លោករៀបរាប់ថា៖« សេវាសាធារណកន្លងមក មិនទាន់ល្អប្រសើរទេ សេវាខ្លះល្អប្រសើរហើយ លិខិតស្នាមអី ឃុំសង្កាត់យកចិត្តទុកដាក់ ធ្វើភ្លាមៗដែរ តែសេវាសាធារណមួយចំនួនទៀតនៅលំបាក ដូចជាការបញ្ជាក់លិខិតកំណើត អាពាហ៍ពិពាហ៍ សម្រាប់អ្នកផ្លាស់ទីលំនៅថ្មី ហើយមករស់នៅទីនេះ [សង្កាត់សាលាកំរើក] បញ្ជាក់មិនចេញទេ គឺត្រូវវិលត្រឡប់ទៅកន្លែងដើមវិញ បញ្ហាមួយទៀត ហេដ្ឋារចនាសម្ព័ន្ធកន្លែងនៅមិនទាន់ល្អដែរ កន្លងមកសង្កាត់យកចិត្តទុកដាក់ដែរ ដោយដាក់ពាក្យសុំផ្លូវ ខែទឹកលិចអី [អាជ្ញាធរ] ជួយដែរ តែពេលខ្លះពលរដ្ឋមូលដ្ឋានខ្លួនឯងដែរ គេតម្រូវឱ្យមានថវិកាបដិភាគ ៥០ភាគរយ ពលរដ្ឋតឹងតែងដែរ ធ្វើឱ្យគម្រោងស្ទះ»។
 
ពលរដ្ឋវ័យជាង៥០ឆ្នាំរូបនេះ ចង់ឱ្យមានគណបក្សនយោបាយច្រើនចូលរួម ដើម្បីឱ្យពលរដ្ឋមានជម្រើសកាន់តែល្អ។ លោក សុខ សាវយុត៖« ការមានគណបក្សច្រើនចូលរួមជាជម្រើសដ៏ល្អសម្រាប់ពលរដ្ឋក្នុងការជ្រើសរើសចៅសង្កាត់ខ្លួនតាមបែបលទ្ធិប្រជាធិបតេយ្យ តែបើមានគណបក្សធំតែមួយ យើងពិបាកសម្រេចចិត្តវិញដោយគិតថា ទោះបីជ្រើសម៉េចព្រោះវានៅតែមួយដដែល ឧទាហរណ៍វិញថាបើអាហារវិញ យើងចង់ញុំាត្រីឆ្អើរ ត្រីងៀត ផ្អកប្រហុក តែវាអត់មានទេ វាមានតែប្រហុកមួយមុខ»។
 
កម្ពុជានឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។ មានគណបក្សនយោបាយសរុបចំនួន១៧ បានចូលរួមក្នុងការប្រកួតប្រជែងនាអាណត្តិនេះ។ អាសនៈក្រុមប្រឹក្សាសរុបទូទាំងប្រទេសមានជាង១១,០០០ សម្រាប់ឃុំសង្កាត់សរុប ១,៦៥២ នៅទូទាំងប្រទេស។ 
 
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប លោក នឹម វ៉ាន់សំ បានឱ្យដឹងថា ខេត្តសៀមរាបមានគណបក្សនយោបាយចូលរួមចំនួន ១៣ មានអាសនៈ ៦៦៨ ទូទាំង១០០ឃុំ សង្កាត់។ ក្នុងនោះមានបេក្ខជនចំនួន ៦,១១៣នាក់ ស្រី ២,០៥៩នាក់។ លោក នឹម វ៉ាន់សំ បញ្ជាក់ថា ជាទូទៅ បេក្ខភាពតាមគណបក្សនយោបាយ នឹងត្រូវប្រកាស ឬបង្ហាញ នាអំឡុងពេលឃោសនាបោះឆ្នោតដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់៕
 
 

Tag:
 បោះឆ្នោតឃុំ-សង្កាត់
  អាណត្តិទី៥
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com