ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានបក្សកាន់អំណាច៖ ភូមិ ឃុំ សង្កាត់ កាន់តែមានសុវត្ថិភាព ជីវភាពប្រជាជនកាន់តែលើកកម្ពស់
22, May 2022 , 8:59 pm        
រូបភាព
សកម្មភាព នៃការឃោសនាបោះឆ្នោតឃុំ សង្កាត់ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា តាមដងផ្លូវមួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ សម្ដេច ហ៊ុន សែន នា «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស
សកម្មភាព នៃការឃោសនាបោះឆ្នោតឃុំ សង្កាត់ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា តាមដងផ្លូវមួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ សម្ដេច ហ៊ុន សែន នា «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស
ការអនុវត្ត​គោលនយោបាយអភិវឌ្ឍឃុំ សង្កាត់ អណត្តិទី៤ ទទួលបានលទ្ធផលប្រសើរ ដែលធ្វើឲ្យភូមិ ឃុំ សង្កាត់ កាន់តែមានសុវត្ថិភាព ជីវភាពប្រជាជនកាន់តែបានលើកកម្ពស់ លទ្ធិប្រធាធិបតេយ្យចាក់ឬសជ្រៅក្នុងមូលដ្ឋាន សិទ្ធិសេរីភាពប្រជាជនត្រូវបានគោរព និងការពារគ្រប់រូប។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសារលិខិត ដែលផ្ញើជូនប្រជាជន។


ការលើកឡើងខាងលើរបស់ប្រធានបគណបក្សកាន់អំណាច ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២។ ក្នុងសារលិខិត ដែលចេញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ប្រមុខគណបក្សដឹកនាំរដ្ឋាភិបាល បន្ថែមទៀតថា ការអនុវត្តគោលនយោបាយឃុំ សង្កាត់ ក្នុងអាណត្តិទី៤ ប្រជាជនគ្រប់រូបទទួលបានផលប្រយោជន៍ទាំងក្នុងការបង្កើតមុខរបរ និងការងារ។ 
 
ក្រៅពីមុខរបរ សម្តេច បានរំលេចពីការមិនយកពន្ធលើដីកសិកម្ម ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ, ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ក្នុងឃុំ សង្កាត់, ការពង្រីកសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ, ការប្រើប្រាសទឹកស្អាត និងថាមពលអគ្គិសនី។ល។ ជាមួយគ្នានេះ សម្តេច បានបន្ថែមថា អំឡុងជំងឺរាតត្បាតជំងឺកូវីដ-១៩ ប្រជាជនគ្រប់មូលដ្ឋានទទួលបានការចាក់វ៉ាក់សាំងការពារដោយមិនគិតថ្លៃ ព្រមទាំងទទួលបានការគាំពារ និងឧបត្ថម្ភពីរដ្ឋាភិបាលទាន់ពេលវេលាផងដែរ។ 
 
គួររឭកផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥មិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយចាប់ផ្ដើមពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ គណបក្សនយោបាយទាំង១៧ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត យ៉ាងគគ្រឹកគគ្រេង តាមបណ្ដារាជធានី និងខេត្ត។ ការឃោសនាបោះឆ្នោតនេះទៀតសោត មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ មិថុនា ឆ្នាំ២០២២៕
 

Tag:
 ThmeyThmey
  គណបក្សប្រជាជនកម្ពុជា
  បោះឆ្នោតឃុំ-សង្កាត់អណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com