ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី៖ គួរទម្លាក់បទចោទចេញពីលោក កឹម សុខា ហើយឈប់បើកសវនាការពីពេលនេះទៅ
25, May 2022 , 4:09 pm        
រូបភាព
លោក កឹម សុខា និយាយទៅកាន់ប្រជាពលរដ្ឋ ដែលទៅសួរសុខទុក្ខលោក ដល់គេហដ្ឋាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។ រូបពីគណនីហ្វេសប៊ុក Yim Sinorn
លោក កឹម សុខា និយាយទៅកាន់ប្រជាពលរដ្ឋ ដែលទៅសួរសុខទុក្ខលោក ដល់គេហដ្ឋាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។ រូបពីគណនីហ្វេសប៊ុក Yim Sinorn
ដោយ៖ ទេពញាណ 
 
ក្រុមមេធាវី យល់ថា តុលាការ គួរតែដកបទចោទចេញពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដ្បិត ពីដើមទី រហូតមកដល់ពេលនេះ ក្រុមមេធាវី ពុំបានឃើញពុំបានឮតុលាការ និងរដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ឲ្យជាក់លាក់ថា លោក កឹម សុខា ជាកូនក្តី ពិតជាស៊ុំគ្រលុំជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ។



ក្រោយចេញពីសវនាការលើកទី៤១ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា បានបរិយាយទៅកាន់ក្រុមអ្នកកាសែតនៅមុខតុលាការភ្នំពេញថា រដ្ឋាភិបាលកម្ពុជាក្តី តុលាការកម្ពុជាក្តី រដ្ឋបរទេស មានមហាអំណាចអាម៉េរិក និងសហភាពអឺរ៉ុបក្តី សុទ្ធតែមិនចោទប្រកាន់លោក កឹម សុខា ថា បានប្រព្រឹត្តអំពើគប់គិតគ្នាជាសម្ងាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោកមេធាវី បន្តថា ក្នុងសវនាការ លោក កឹម សុខា ជាសាមីខ្លួន ក៏តែងបកស្រាយដែរថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។   
 
លោក ចាន់ ចេន មានប្រសាសន៍ថា៖«ភាគីពាក់ព័ន្ធ បានបង្ហាញអស់ហើយ ដូច្នេះ តុលាការ គួរតែទម្លាក់បទចោទប្រកាន់លើកូនក្តីយើងខ្ញុំ ហើយឈប់បើកសវនាការ ចាប់ពីពេលនេះតទៅ។ នេះជាការយល់ឃើញរបស់មេធាវី»។ 
 
នៅលើទឹកដីអាម៉េរិក នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋនៅទីនោះថា រដ្ឋាភិបាលកម្ពុជា ពិតជាមិនបានចោទប្រកាន់អាម៉េរិកមែនថា គប់គិតជាមួយលោក កឹម សុខា តែបញ្ហានៅត្រង់ថា លោក កឹម សុខា ជាអ្នកនិយាយខ្លួនឯង ដូច្នេះ លោក កឹម សុខា និង អាម៉េរិក ត្រូវដោះស្រាយជាមួយគ្នា។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបកស្រាយបន្ថែមពីក្រោយប្រសាសន៍របស់សម្តេច ហ៊ុន សែន តាមរយៈសំណេរលើទំព័រហ្វេសប៊ុកថា អ្វីដែលសម្តេច បានលើកឡើងនៅអាម៉េរិក គឺគ្រាន់តែចង់បញ្ជាក់ឲ្យសាធារណជនបានដឹងថា កន្លងមក ទាំងរាជរដ្ឋាភិបាលក្តី ទាំងតុលាការក្តី មិនបានចោទប្រកាន់អាម៉េរិក ឬរដ្ឋបរទេសណាមួយក្នុងសំណុំរឿងលោក កឹម សុខា នោះទេ ប៉ុន្តែលោក កឹម សុខា ខ្លួនឯង ដែលនិយាយភ្ជាប់អាម៉េរិក និងរដ្ឋបរទេស ចូលទៅក្នុងសំណុំរឿងនេះ។ លោក បន្តថា បើរដ្ឋបរទេសណា មិនសុខចិត្តនឹងលោក កឹម សុខា គឺត្រូវតវ៉ាជាមួយលោក។ 
 
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។ បទចោទនេះ សំដៅថា លោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សវនាការលើលោក ដំណើរការទៅបាន៤១លើកហើយ ហើយតុលាការ នឹងបន្តសវនាការនេះលើកក្រោយៗទៀត នៅរៀងរាល់ព្រឹកថ្ងៃពុធ៕  
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com