ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប ប្រាប់បក្សភ្លើងទៀនថា គ្មានករណី CPP បើកវគ្គបំប៉ន ដល់មន្ត្រីការិយាល័យបោះឆ្នោតឡើយ
26, May 2022 , 4:07 pm        
រូបភាព
លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប (ខាងឆ្វេង) និង លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប (ខាងឆ្វេង) និង លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) អះអាងថា គណបក្សប្រជាជនមិនអាចកោះហៅមន្រី្តការរិយាល័យបោះឆ្នោតទៅបំពាក់បំប៉នបានឡើយ ។

 
គណបក្សភ្លើងទៀន បានដាក់លិខិតទៅ គ.ជ.ប កាលថ្ងៃទី២៤ ឧសភា ដោយស្នើឲ្យមានវិធានការទប់ស្កាត់ និងបកស្រាយ ពីករណីមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក ចាត់ប្រធានការិយាល័យបោះឆ្នោត អនុប្រធានការិយាល័យបោះឆ្នោត និងលេខាធិការការិយាល័យបោះឆ្នោត ទៅបើកវគ្គបំពាក់បំប៉ន។ 
 
ឆ្លើយតបនឹងគណបក្សភ្លើងទៀន លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប បានចេញលិខិតបកស្រាយថា គ្មានករណីដូចដែលគណបក្សភ្លើងទៀនលើកឡើងនោះទេ ព្រោះការតែងតាំងសមាសភាពគណៈកម្មការការរិយាល័យបោះឆ្នោត ទើបតែប្រឡងជ្រើសរើសសមាសភាព នៅថ្ងៃទី២៥ឧសភានេះ។ 
 
លិខិតរបស់ លោក ទេព នីថា សរសេរយ៉ាងដូច្នេះ៖ «ពុំមានករណី បើកវគ្គបំពាក់បំប៉នមន្រី្តការិយាល័យបោះឆ្នោត ដោយគណបក្សនយោបាយណាមួយ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេ ដោយហេតុថាថ្ងៃទី២២ ឧសភា ឆ្នាំ២០២២ គ.ជ.ប មិនទាន់បានជ្រើសរើស និងតែងតាំងសមាសភាពគណកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ណាមួយនៅឡើយទេ»។ 
 
ក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានពន្យល់ចំណុចនេះបន្ថែមថា លោកក៏មិនប្រាកដថាមានវគ្គបំពាក់បំប៉ននោះ ពិតមែនឬយ៉ាងនោះទេ។ ប៉ុន្តែលោកអះអាងថា ការជ្រើសរើសសមាសភាព គ.ក.ប ធ្វើឡើងនៅថ្ងៃទី២៥ ឧសភា។ ដូច្នេះ សកម្មភាពណាដែលកើតឡើងមុនថ្ងៃនេះ មិនពាក់ព័ន្ធនឹង គ.ក.ប រួមទាំង គ.ជ.ប ឡើយ។ 
 
«អ្វីដែលបក្សភ្លើងទៀន លើកឡើងមិនសមហេតុផលនោះទេ ដោយសារ គ.ជ.ប ទើបតែប្រឡងជ្រើសរើសមន្រី្តការិយាល័យបោះឆ្នោតថ្ងៃទី២៥ ឧសភា ហើយលិខិតនោះឃើញអញ្ជើញចូលរួមឲ្យទៅបណ្ដុះបណ្ដាលថ្ងៃទី២២ ឧសភា។ អ៊ីចឹង មិនមានទំនាក់ទំនងគ្នាទេ»។ នេះជាលើកឡើងរបស់ លោក ហង្ស ពុទ្ធា ៕
 

Tag:
 នយោបាយ
  គ.ជ.ប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com