ជាតិ
សៀមរាប នឹងមានកន្លែងកែច្នៃកាកសំណល់លូទឹកសម្អុយ ទៅជាជីសរីរាង្គ
26, May 2022 , 9:59 pm        
រូបភាព
 (រូបពី រដ្ឋបាលខេត្តសៀមរាប)
(រូបពី រដ្ឋបាលខេត្តសៀមរាប)
ភ្នំពេញ៖ គម្រោងផលិតជីសរីរាង្គ ដែលសហការជាមួយបារាំង បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅភូមិន្រ្តក​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។ គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិកាហិរញ្ញប្បទានចំនួន ១,៧លានអឺរ៉ូ ពីប្រទេសបារាំង។



រដ្ឋបាលខេត្តសៀមរាប និងតំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) បានបើកការដ្ឋានសាងសង់គម្រោងផលិតជីសរីរាង្គ ដែលស្ថិតនៅក្រុងសៀមរាប នៅថ្ងៃទី២៥ ឧសភា។ គម្រោងនេះ​ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ទៅជាជីកសិកម្មជីមមោគ ដើម្បីបំពេញតម្រូវកសិកម្មកម្ពុជា។
 
លោក​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គម្រោងផលិតជីសរីរាង្គនេះ មានសារសំខាន់ខ្លាំងសម្រាប់ខេត្តសៀមរាបក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ក្នុងក្រុង។ អភិបាលរងរូបនេះ បន្តថា គម្រោងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពកសិករ។
  

ការសម្ពោធបើកការដ្ឋានសាងសង់អគារផលិតជីសរីរាង្គ (រូបពី រដ្ឋបាលខេត្តសៀមរាប)

បើតាមលោក​ ប្រាក់​ សោភ័ណ ជីមមោគនេះ​ មានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះ នឹងធ្វើឱ្យដីមានជីវជាតិអាចឱ្យកសិករបង្កបង្កើនផលទទួលបានទន្និផលខ្ពស់។ ជាមួយគ្នានេះ ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៥ឆ្នាំទើបបានផល។
 
​ចំពោះ រចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់ និងដាំប្រភេទរុក្ខជាតិដើមត្រែង ដែលមានសមត្ថភាពផ្ទុកបាន ៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ ត្រូវបានប៉ាន់ប្រមាណថា អាចផលិតជីមមោគបាន ១០០០គូបក្នុងមួយឆ្នាំ ដោយមិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពដែលហូរចេញពីអាងចម្រោះឡើយ៕
 
 
 
 
 

Tag:
 កាកសំណល់លូទឹកសម្អុយ
  ជីសរីរាង្គ
  ជីកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com