ជាតិ
បោះឆ្នោត
បក្សខ្មែរស្រឡាញ់ជាតិ ចង់បង្កើនថវិកាឃុំ-សង្កាត់នីមួយៗដល់ «៨០ម៉ឺនដុល្លារ» ដែលច្រើនជាងបច្ចុប្បន្ន៥-៦ដង
26, May 2022 , 10:59 pm        
រូបភាព
លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងក្នុងពិធីជួបជុំជាមួយបេក្ខជនរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំនៃឃុំចំនួន៣ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាឱកាសដែលលោក ចុះទៅធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សខ្មែរស្រឡាញ់ជាតិ
លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងក្នុងពិធីជួបជុំជាមួយបេក្ខជនរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំនៃឃុំចំនួន៣ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាឱកាសដែលលោក ចុះទៅធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សខ្មែរស្រឡាញ់ជាតិ
ដោយ៖ ទេពញាណ 
 
ការធ្វើវិមជ្ឈការ ឬផ្ទេរសិទ្ធិអំណាច តួនាទី និងថវិកា ទៅថ្នាក់ឃុំ-សង្កាត់ គឺជាគោលនយោបាយ១របស់គណបក្សខ្មែរស្រឡាញ់ជាតិ។ ការធ្វើវិមជ្ឈការក្នុងគោលនយោបាយរបស់គណបក្សនេះ មាន២ចំណុចសំខាន់ៗ គឺវិមជ្ឈការសិទ្ធិអំណាច និង វិមជ្ឈការថវិកា។



គណបក្សខ្មែរស្រឡាញ់ជាតិ សរសេរក្នុងគោលនយោបាយស្តីពីការធ្វើវិមជ្ឈការយ៉ាងដូច្នេះថា៖«វិមជ្ឈការអំណាច គឺប្រគល់សិទ្ធិអំណាចធ្វើសេចក្តីសម្រេចចិត្តក្នុងការអភិវឌ្ឍឃុំ-សង្កាត់។ វិមជ្ឈការថវិកា គឺផ្តល់ថវិកាយ៉ាងតិច៨០ម៉ឺនដុល្លារ សម្រាប់ឃុំ-សង្កាត់នីមួយៗ ក្នុង១ឆ្នាំ [ដែលថវិកាសម្រាប់ឃុំ-សង្កាត់ទូទាំងប្រទេស] ស្មើនឹងប្រមាណ២០ភាគរយនៃថវិកាជាតិ [...]»។ 
 
បើប្រៀបធៀបនឹងថវិកាបច្ចុប្បន្ន ដែលឃុំ-សង្កាត់នីមួយៗ ទទួលបានក្នុង១ឆ្នាំ ថវិកា ដែលគណបក្សខ្មែរស្រឡាញ់ជាតិ សន្យាផ្តល់ឲ្យឃុំ-សង្កាត់នីមួយៗក្នុង១ឆ្នាំ មានទំហំច្រើនជាងដល់ទៅ៥-៦ដល់ឯណោះ។ យោងតាមឯកសារពីក្រសួងមហាផ្ទៃ ឃុំ-សង្កាត់នីមួយៗ ទទួលបានថវិកាប្រមាណ១២,៧ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២២នេះ។  
 
យ៉ាងណា គណបក្សខ្មែរស្រឡាញ់ជាតិ មិនទាន់អាចអនុវត្តគោលនយោបាយខ្លួន ដោយផ្តល់ថវិកា៨០ម៉ឺនដុល្លារ ទៅឃុំ-សង្កាត់នីមួយៗបានឡើយ បើទោះគណបក្សនេះ ទទួលបានអាសនៈតាមឃុំ-សង្កាត់ច្រើនប៉ុនណាក៏ដោយ ពីព្រោះអ្នក ដែលមានសិទ្ធិអនុម័តទំហំថវិកាសម្រាប់ឃុំ-សង្កាត់ គឺរដ្ឋាភិបាល ហើយត្រូវឆ្លងកាត់ការអនុម័តយល់ព្រមពីអង្គនីតិបញ្ញត្តិថែមទៀត។ 
 
លុះត្រាតែឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ទើបគណបក្សខ្មែរស្រឡាញ់ជាតិ អាចអនុម័តទំហំថវិកា សម្រាប់ឃុំ-សង្កាត់នីមួយៗ តាមការចង់បានរបស់ខ្លួន។ សម្រាប់បច្ចុប្បន្ន ឬពេលបានអាសនៈនៅឃុំ-សង្កាត់ គណបក្សខ្មែរស្រឡាញជាតិ អាចត្រឹមស្នើសុំទៅរដ្ឋាភិបាលប៉ុណ្ណោះ ដើម្បីឲ្យដំឡើងថវិកាដល់៨០ម៉ឺនដុល្លារ សម្រាប់ឃុំ-សង្កាត់នីមួយៗ។ 
 
គោលនយោបាយរបស់គណបក្សខ្មែរស្រឡាញ់ជាតិ មិនមែនមានតែ១ហ្នឹងទេ គឺមានសរុប៥ចំណុច សម្រាប់យកទៅអនុវត្តនៅឃុំ-សង្កាត់ ពេលបានអាសនៈតាមឃុំ-សង្កាត់។ គោលនយោបាយ៤ទៀត គឺ គោលនយោបាយស្តីពីការពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ គោលនយោបាយស្តីពីសេវាសាធារណៈ គោលនយោបាយស្តីពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អភិវឌ្ឍន៍ និង បរិស្ថាន និង គោលនយោបាយស្តីពីសន្តិសុខ។ 

បន្ថែមពីនេះ គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសកាន់គោលជំហរ៥ចំណុចទៀត រួមមាន ទី១ បន្តស្មារតីសង្គ្រោះជាតិ ទី២ បង្កើតវប្បធម៌នយោបាយថ្មី ទី៣ បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ទី៤ ផ្សះផ្សាជាតិ ទី៥ តស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
 
គណបក្សខ្មែរស្រឡាញ់ជាតិ កើតចេញពីក្រុមមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិ។ គណបក្សនេះ ដឹកនាំដោយលោក ជីវ កក្តា ជាប្រធាន ដោយមានអនុប្រធាន២រូប គឺលោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន។ គណបក្សនេះ បានសម្រេចចិត្តចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ជាមួយគេឯងដែរ។
 
ទាំងគណបក្សខ្មែរស្រឡាញ់ជាតិ ទាំងគណបក្សដទៃទៀត កំពុងប្រើប្រាស់គោលនយោបាយរបស់ខ្លួន ដើម្បីឃោសនារកសំឡេងឆ្នោត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត១៤ថ្ងៃនេះ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ ថ្ងៃបោះឆ្នោត គឺថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕  
 

Tag:
 គណបក្សខ្មែរស្រឡាញ់ជាតិ
  គោលនយោបាយ
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com