ជាតិ
បោះឆ្នោត
លោក ម៉ម សូណង់ដូ៖«មិនត្រឹមតែពលរដ្ឋទេ រដ្ឋាភិបាល ក៏បក្សសំបុកឃ្មុំ រកយុត្តិធម៌ជូនដែរ»
27, May 2022 , 2:30 pm        
រូបភាព
លោក ម៉ម សូណង់ដូ ថ្លែងទៅកាន់អ្នកគាំទ្រនៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបពីវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
លោក ម៉ម សូណង់ដូ ថ្លែងទៅកាន់អ្នកគាំទ្រនៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបពីវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ដោយ៖ ទេពញាណ 

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបង្ហាញគោលជំហររបស់គណបក្សខ្លួន ក្នុងការឲ្យតម្លៃខ្ពស់លើយុត្តិធម៌។ ការបង្ហាញពីគោលជំហររបស់លោក ក្នុងការលើកកម្ពស់យុត្តិធម៌នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រ នាឱកាសដែលលោក ចុះទៅធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅសង្កាត់អូរឫស្សី ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។


 
លោក ម៉ម សូណង់ ថ្លែងថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មិនមែនជាបក្សប្រឆាំងឡើយ គឺជាគណបក្សការពារ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យវ័យ៨០ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះថា៖«មិនត្រឹមតែប្រជាពលរដ្ឋទេ រដ្ឋាភិបាល ក៏យើងរកយុត្តិធម៌ជូនដែរ»។

រកយុត្តិធម៌ជូនរដ្ឋាភិបាលយ៉ាងម៉េច? លោក បកស្រាយថា បើរដ្ឋាភិបាល ធ្វើល្អ លោក ថាល្អ បើរដ្ឋាភិបាល ធ្វើអាក្រក់ លោក ថាអាក្រក់។ លោក លើកឡើងថា បើរដ្ឋាភិបាល បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ត្រូវសរសើរ។

លោក បន្តថា បើរដ្ឋាភិបាលធ្វើអ្វី ដែលអាចទទួលយកបាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងទទួលយក ហើយបើរដ្ឋាភិបាលធ្វើអ្វី ដែលមិនអាចទទួលយកបាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងជំទាស់។ លោក សង្កេតឃើញថា កន្លងមក ទោះរដ្ឋាភិបាល បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្តី ដូចជា បញ្ហាជំងឺកូវីដ-១៩ ជាដើម ក៏ (អតីត) គណបក្សប្រឆាំង នៅតែរិះគន់ដែរ។ លោក យល់ថា បើគេធ្វើល្អ ហើយនៅតែរិះគន់គេថាអាក្រក់ទៀតនោះ លទ្ធផល គឺប្រកាប់ប្រចាក់គ្នាក្នុងសង្គម។

អ្នកនយោបាយ ដែលជាម្ចាស់កំណាព្យ «តើខ្ញុំ អាចរស់រហូតដល់ពេលណា?» រូបនេះ បានស្នើទៅប្រជាពលរដ្ឋបែបនេះថា៖«ខ្ញុំ សុំចិត្តទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំឲ្យខ្មែរយើងឈ្លោះគ្នា ប្រកាប់ប្រចាក់គ្នា ហើយកុំឲ្យចម្បាំងរាំងជល់ហ្នឹង ត្រឡប់មកវិញ យើងត្រូវមានការប្តេជ្ញាចិត្ត យើង ដើរលើផ្លូវត្រង់ ហើយកុំផ្អៀងទៅនេះទៅនោះ សុទ្ធតែខ្មែរទាំងអស់គ្នា យើង ស្អប់អ្នកណាក៏ដោយ យើង ខឹងអ្នកណាក៏ដោយ បើសិនជាយើង ឃើញសកម្មភាពរបស់គេល្អ ត្រូវយើងសរសើរគេ។ យល់ព្រមតាមទេ?»។ 
 
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់បេក្ខជន៣៩២នាក់ ឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមឃុំ-សង្កាត់ចំនួន២៣ ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១៦៥២នៅទូទាំងប្រទេស។ 
 
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានគោលនយោបាយ៧ចំណុច សម្រាប់អនុវត្តនៅឃុំ-សង្កាត់។ គោលនយោបាយទាំង៧ចំណុចនោះ រួមមាន ទី១ គោលនយោបាយស្តីពីជីវភាព ទី២ គោលនយោបាយស្តីពីសុខភាព ទី៣ គោលនយោបាយស្តីពីសុវត្ថិភាព ទី៤ គោលនយោបាយស្តីពីអភិបាលកិច្ចល្អ និងសេវាសាធារណៈ ទី៥ គោលនយោបាយស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ទី៦ គោលនយោបាយស្តីពីវេទិកាសាធារណៈ ទី៧ គោលនយោបាយស្តីពីការអប់រំ សិក្សារៀនសូត្រ សិល្បៈ និង កីឡា។ 
 
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ស្ថិតក្នុងចំណោមគណបក្សទាំង១៧ ដែលសម្រេចចិត្តចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ បច្ចុប្បន្ន គណបក្សទាំង១៧ កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភាមក និងត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕ 
 

Tag:
 ម៉ម សូណង់ដូ
  គណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ
  គោលនយោបាយ
  បោះឆ្នោតអាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com