ជាតិ
សេដ្ឋកិច្ច
APOPO ផ្ដល់ជំនួយជាង ២៨ម៉ឺនដុល្លារ ដល់CMAC អនុវត្តគម្រោងបោសសម្អាតមីននៅព្រះវិហារ
27, May 2022 , 6:59 pm        
រូបភាព
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងអង្គការ APOPO និង CMAC នៅថ្ងៃទី២៦ខែឧសភា ។ រូបថត ៖ CMAC ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាងអង្គការ APOPO និង CMAC នៅថ្ងៃទី២៦ខែឧសភា ។ រូបថត ៖ CMAC ។
ដោយ ៖ ធន់ សេងហុង 
 
អង្គការ APOPO ថវិកាជាង ២៨ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅខេត្តព្រះវិហារ។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Michael Heiman ប្រធានអង្គការAPOPO បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះ។


ការបោសសម្អាត គ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនេះ នឹងប្រតិបត្តិការដោយក្រុមកណ្តុរហិតមីន និងក្រុមសុនខស្រាវជ្រាវបច្ចេកទេស នៅខេត្តព្រះវិហារ។ នេះបើយោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នាថ្ងៃទី២៦ខែឧសភា។
 
តាមរយៈកិច្ចព្រៀមព្រៀងនេះ នឹងប្រើប្រាស់កញ្ចប់ថវិកាចំនួន ២៨៤.៤២២ដុល្លារ ដែលជាផ្នែកមួយនៃគម្រោងរយៈពេល៥ឆ្នាំ របស់មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បែលហ្ស៊ិក ផ្តល់ឱ្យកម្ពុជា ។ ផែនការនេះមានគោលដៅរំដោះផ្ទៃដីដែលរងផលប៉ះពាល់ក្នុងស្រុកចំនួន៤ ឱ្យអស់ពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ត្រឹមចុងឆ្នាំ២០២៣។
 
គម្រោងនេះមានគោលបំណងស្ទាបស្ទង់ បោសសម្អាត និងរំដោះដី លើទំហំផ្ទៃដីចំនួន១៦គីឡូម៉ែត្រការ៉េ ដើម្បីជាប្រយោជន៍ដីកសិកម្ម សម្រាប់កសិករខ្នាតតូច និងនិរន្តរភាពខ្សែសង្វាក់ស្បៀង ក្នុងខេត្តព្រះវិហារ ។ 
 
គម្រោងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ មានរយៈពេល១៩ខែ គិតចាប់ពីខែឧសភាឆ្នាំ២០២២ ដល់ខែធ្នូឆ្នាំ២០២៣ ដោយអនុវត្តរួមគ្នានៃក្រុមកណ្តុរហិតមីន ក្រុមសុនខស្រាវជ្រាវបច្ចេកទេស អ្នកដោះមីនដោយដៃ និងម៉ាស៊ីនកាត់ស្មៅទំនើប។ ក្រុមការងារក៏នឹងអនុវត្តកិច្ចខិតខំប្រឹងប្រែងអប់រំដល់ពលរដ្ឋនៅតំបន់ទាំងនោះ ព្រមទាំងផ្តល់ជំនួយដល់ជនរងគ្រោះ ដែលបង្កពីគ្រាប់មីនផងដែរ ។
 
តាមរយៈគម្រោងដែលគាំទ្រថវិកាដោយប្រទេសបែលហ្ស៉ិករយៈពេល៥ឆ្នាំនេះ កម្លាំងស៊ីម៉ាក់ប្តេជ្ញារំដោះផ្ទៃដីចម្ការមីនឱ្យបានចំនួន ៤លានម៉ែត្រការ៉េ  ដោយដាក់ពង្រាយកម្លាំងជំនាញប្រមាណ៣០នាក់ ទៅតាមបណ្តាតំបន់ដែលមានហានិភ័យខ្ពស់៕
 

Tag:
 CMAC APOPO
© រក្សាសិទ្ធិដោយ thmeythmey.com