ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រីបោះឆ្នោត ព្រមានបក្សភ្លើងទៀន ឲ្យឈប់ឃោសនាយកCNRPទៅភ្ជាប់ ខណៈលោក មុត ចន្ថា ថាបក្សនេះ កំពុងបោកពលរដ្ឋ
27, May 2022 , 6:02 pm        
រូបភាព
ការឃោសនារបស់គណបក្សភ្លើងទៀននាពេលកន្លងមក។
ការឃោសនារបស់គណបក្សភ្លើងទៀននាពេលកន្លងមក។
ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោត(គ.ប/សរ) ខេត្តសៀមរាប ព្រមានឲ្យបក្សភ្លើងទៀនបញ្ឈប់ស្រែកឃោសនាសកម្មភាពខ្លួន ភ្ជាប់ទៅនឹងអតីតបក្សសង្គ្រោះជាតិ។ បើនៅតែបន្តមានករណីនេះ គ.ប ខេត្តសៀមរាប នឹងចាត់វិធានការតាមច្បាប់។

 
ក្បួនឃោសនាគណបក្សភ្លើងទៀន ក្នុងសង្កាត់ស្លក្រាម កាលពីថ្ងៃទី២១ ឧសភា មានអ្នកគាំទ្របក្សភ្លើងទៀន ស្រែកឃោសនាថា៖ «ជយោ! គណបក្សសង្គ្រោះជាតិ»។ នេះបើតាមលិខិតរបស់ នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ចេញថ្ងៃទី២៥ឧសភា ដោយប្រាប់ឱ្យសកម្មជន និងអ្នកគាំទ្របក្សនេះ បញ្ឈប់ការស្រែកឃោសនា ផ្សាភ្ជាប់សកម្មភាពគណបក្សភ្លើងទៀន ទៅនឹងអតីតគណបក្សសង្គ្រោះជាតិបន្តទៀត។ 
 
«ខ្លឹមសារនេះ គឺកំពុងផ្សាភ្ជាប់សកម្មភាពគណបក្សភ្លើងទៀន នឹងអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយសាលដីកាតុលាការកំពូល»។ នេះបើតាមលោក នឹម វ៉ាន់សំ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក នឹម វ៉ាន់សំ បានបញ្ចាក់ថា ដំបូង គ.ប ខេត្តសៀមរាប ចេញត្រឹមលិខិតណែនាំ ប៉ុន្តែបើនៅតែបន្តសកម្មភាពបែបនេះទៀត ហើយមានអ្នកដាក់ពាក្យបណ្ដឹង នឹងមានចំណាត់ការតាមច្បាប់។ លោកថ្លែងយ៉ាងដូច្នេះ៖ «យើងនឹងឃ្លាំមើលបន្តទៀត(ការឃោសនា) បើឃើញមានសកម្មដូចដែលបានណែនាំកើតឡើងទៀត ដោយបូករួមជាមួយពាក្យបណ្ដឹង បើមានអ្នកដាក់មកលើករណីនេះ យើងនឹងចាត់ការតាមច្បាប់»។ 
 
លោក នឹម វ៉ាន់សំ បានចម្លងលិខិតខាងលើទៅឲ្យអភិបាលខេត្ត គ្រប់បក្សនយោបាយ និងសង្គមស៊ីវិលជាដើម។ 
 
ទន្ទឹមនឹងនេះ លោក មុត ចន្ថា ដែលជាមន្រី្តជំនិតរបស់ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានរិះគន់ថា ការយកឈ្មោះបក្សសង្គ្រោះជាតិទៅប្រើប្រាស់ គឺជានយោបាយទុច្ចរិត និងរំលោភច្បាប់។ លោកថា បក្សភ្លើងទៀន ជាអ្នករត់ចោលបក្សសង្គ្រោះជាតិ ហើយក្បត់សម្ព័ន្ធភាព។ 
 
លោក មុត ចន្ថា បានសរសេរលើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២៦យ៉ាងដូច្នេះ៖ «ការស្រែកជយឃោស! បក្សភ្លើងទៀន និង បក្សសង្រ្គោះជាតិ គឺតែមួយ គឺជាអំពើទុច្ចរិតនយោបាយ ព្រោះបក្សភ្លើងទៀនបានរត់ចោលបក្សសង្រ្គោះជាតិ និងបានក្បត់សម្ព័ន្ធភាពនយោបាយ…»។ 
 
លោក មុត ចន្ថា ចាត់ទុកទង្វើរនេះ មិនតំណាងឲ្យផលប្រយោជន៍អតីតគណបក្សសង្គ្រោះជាតិឡើយ។ 
 
យ៉ាងណាក្ដី លោក ថាច់ សេដ្ឋា អ្នកនាំពាក្យ និងជាអនុប្រធាន គណបក្សភ្លើងទៀន បានឆ្លើយតបថា សំឡេងស្រែក «ជយោ! គណបក្សសង្គ្រោះជាតិ» មិនមែនជាសារដែលគណបក្សភ្លើងទៀន រៀបចំឲ្យស្រែកក្នុងដំណើរការបោះឆ្នោតនោះទេ។ លោកថា អ្នកចូលរួមហែក្បួន គ្រាន់តែច្រឡំស្រែកតែប៉ុណ្ណោះ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃនេះ លោកបរិយាយថា៖ «បើសិនយើងរៀបចំឲ្យស្រែកបែបហ្នឹង (ជយោ! គណបក្សសង្គ្រោះជាតិ) គឺស្រែកទូទាំងប្រទេសហើយ។ នេះគ្រាន់តែគ្នា(អ្នកហែក្បួន)ភ្លាត់ ស្រែកដោយច្រឡំប៉ុណ្ណឹង…យើងអត់មានចេតនាទៅស្រែកភ្ជាប់ជាមួយសង្គ្រោះជាតិហ្នឹងទេ ដោយសារពីមុនធ្លាប់តែស្រែកអ៊ឹចឹង ពួកគាត់ចេះតែជាប់មាត់»។
 
លោក ថាច់ សេដ្ឋា បានអះអាងថា មុនពេលឃោសនាបោះឆ្នោតនេះ បក្សលោកក៏បានហាមសកម្មជន និងអ្នកគាំទ្រ កុំឱ្យធ្វើសកម្មអ្វីដែលផ្ទុយពីច្បាប់បោះឆ្នោតឡើយ៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com