ជាតិ
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បំផុសពលរដ្ឋឱ្យដាំម្នាស់ទឹកឃ្មុំដែលកំពុងមានទីផ្សា​រ​ល្អ
28, May 2022 , 10:34 am        
រូបភាព
 
សៀមរាប៖ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នៅស្រុកបន្ទាយស្រី កំពុងបំផុសដល់ប្រជាពលរដ្ឋនៅតំបន់នោះ ងាកមកដាំដំណាំហូបផ្លែនានា ពិសេសម្នាស់ទឹកឃ្មុំ ខណៈដែលការដាំដុះបែបធម្មជាតិនេះ ធ្វើឱ្យម្នាស់មានរសជាតិឆ្ងាញ់ និងមានទីផ្សារល្អ។

 
អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នៃអាជ្ញាធរជាតិអប្សរា លោក ស៊ុន កែវពិសី ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ននេះ គម្រោងបានដាំម្នាស់ទឹកឃ្មុំជាង២ហិកតា ដោយទទួលបានទិន្នផលល្អ។ ទីផ្សារសម្រាប់ម្នាស់នេះ គឺមានលក់នៅសួនរុក្ខជាតិអង្គរ ដែលភ្ញៀវទេសចរ អាចរកទិញបានពេលទៅកម្សាន្តនៅទីនោះ។ 
 
លោក កែវពិសី រំឭកថា នេះជាឆ្នាំទី២ហើយ ដែលគម្រោងបានដាំម្នាស់ប្រភេទនេះ ដោយឆ្នាំទី១ ដាំកន្លះហិកតាប៉ុណ្ណោះ តែដោយសារដាំបានល្អ និងមានផ្លែធំៗ ទើបពង្រីកដាំរហូតជាង២ហិកតា។ លោកពន្យល់ថា ការដាំដុះគឺប្រើជីអាចម៍មាន់ និងជីកំប៉ុស្តសុទ្ធសាធ មិនប្រើសារធាតុគីមីទេ។ ម្នាស់មួយផ្លែអាចមានទម្ងន់ពី២ ទៅ៨គីឡូក្រាមឯណោះ។ ហើយបច្ចុប្បន្នមានពលរដ្ឋ៤គ្រួសារហើយ ដែលទទួលបានកូនម្នាស់ដោយឥតគិតថ្លៃពីគម្រោង ដោយគម្រោងធានារកទីផ្សារជូនផង នៅពេលបានផល។ 
 
 
លោក កែវពិសី បន្ថែមថា៖« ក្រៅពីគម្រោងអនុវត្តន៍ យើងក៏លើកទឹកចិត្តដល់ពលរដ្ឋក្នុងភូមិដាំតាមផ្ទះដែរ ពិសេសឆ្នាំនេះ ដែលគាត់បានឃើញយើងដាំបានល្អ យើងបានចែកពូជម្នាស់ទៅគាត់ ដល់៤គ្រួសារ សរុប ១ ២០០កូន។ ហើយក្រៅពីម្នាស់នេះ យើងក៏មានដាំផ្លែឈើចម្រុះ មានខ្នុរ ស្រកានាគ ដែលដាំបង្ហាញ ប្រសិនពលរដ្ឋចាប់អារម្មណ៍ គាត់អាចដាំបាន ដែលអាចមានផ្លែឈើគ្រប់រដូវ»៕
 

Tag:
 ភូមិធម្មជាតិរុនតាឯក
  ម្នាស់ទឹកឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com