ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឃោសនាបោះឆ្នោត៖ គ.ជ.ប ទទួលពាក្យបណ្ដឹងចំនួន៣៥ ភាគច្រើន CPP ប្ដឹងទៅបក្សភ្លើងទៀន
28, May 2022 , 12:02 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបពី NEC
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបពី NEC
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ទទួលបានពាក្យបណ្ដឹងជុំវិញដំណើរការឃោសនាបោះឆ្នោតចំនួន៣៥។ អ្នកនាំពាក្យ គ.ជ.ប អះអាងថា បណ្ដឹងភាគច្រើន គឺជាបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា(CPP) ប្ដឹងទៅបក្សភ្លើងទៀន។

 
បណ្ដឹងចំនួន៣៥នេះ ត្រូវបានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានដោះស្រាយជាង១០បណ្ដឹងហើយ។ ចំណែក ជាង១០បណ្ដឹងទៀត កំពុងដោះស្រាយ ហើយ៥បណ្ដឹងបានបញ្ជូនទៅដោះស្រាយនៅគណកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៨ ឧសភានេះ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា បណ្ដឹងភាគច្រើនជាបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ប្ដឹងតំណាងគណបក្សភ្លើងទៀន ថា បានប្រមាថនិងមាក់ងាយលើបេក្ខជន CPP ក្នុងសកម្មភាពឃោសនាបោះឆ្នោត ដោយសកម្មភាពទាំងនេះ ខុសពីច្បាប់និងបទបញ្ជា នៃការបោះឆ្នោត។ 
 
អ្នកនាំពាក្យរូបនេះ បានពន្យល់ពីដំណើរការដោះស្រាយវិវាទយ៉ាងដូច្នេះ៖ «យើងដោះស្រាយបណ្ដឹងនោះ តាមការសម្របសម្រួលនៅថ្នាក់ឃុំសង្កាត់ ហើយដោះស្រាយមិនត្រូវគ្នា នឹងបញ្ជូនទៅថ្នាក់ខេត្ត ហើយករណីនៅតែដោះមិនចេញទៀត នឹងបញ្ជូនដល់ថ្នាក់ជាតិដើម្បីដោះស្រាយបញ្ចប់សំណុំរឿង»។ 
 
យ៉ាងណាក្ដី លោក ហង្ស ពុទ្ធ អះអាងថា គ.ជ.ប នឹងខិតខំដោះស្រាយបណ្ដឹងជុំវិញការឃោសនានេះ ទោះបីមានតិចឬច្រើន ក៏មិនរាំងស្ទះ និងជះឥទ្ធិពលដល់ការបោះឆ្នោតដែរ៕ 
 
 

Tag:
 គ.ជ.ប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com