ជាតិ
រដ្ឋមន្រី្តកិច្ចការនារី៖ បង្កើនភាពអង់អាចដល់ស្រី្ត នឹងជួយពង្រីកសិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច
29, May 2022 , 10:00 pm        
រូបភាព
លោកស្រី កន្ថាផាវី  រដ្ឋមន្រី្តក្រសួងកិច្ចការនារី។ រូបពី ក្រសួងកិច្ចការនារី
លោកស្រី កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី។ រូបពី ក្រសួងកិច្ចការនារី
ភ្នំពេញ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី អះអាងថា ការជួយបង្កើនភាពអង់អាចដល់ស្រ្តី គឺជួយពង្រឹងកាលានុវត្តភាពសម្រាប់ស្រ្តីគ្រប់រូប ក្នុងការអនុវត្តសិទ្ធិអំណាច ទេព្យកោសល និងសេដ្ឋកិច្ច។

 
ស្រី្ត មានសិទ្ធិអំណាចលើផ្នែកសេដ្ឋកិច្ចកាន់់​តែប្រសើរ នឹងជះឥទ្ធិពលវិជ្ជមាន ដល់ការអនុវត្តសិទ្ធិផ្សេងៗទៀត ពិសេសសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចក្នុងគ្រួសារ។ ចំណុចនេះដែរ នឹងជួយការពារពីភាពងាយរងគ្រោះនៃអំពើហិង្សា និងការកើនឡើងនូវសុខុមាលភាព ក្នុងគ្រួសារ។ នេះជាការលើកឡើងរបស់លោកស្រី កន្ថាផាវី ក្នុងជំនួបជាមួយ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ស្ដីពីការពង្រឹងភាពអង់អាចផែ្នកសេដ្ឋកិច្ចដល់ក្រុមស្រ្តីងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
 
ក្នុងកិច្ចពិភាក្សាកាលថ្ងៃទី២៦ឧសភា រដ្ឋមន្រី្តក្រសួងកិច្ចការនារី បានលើកឡើងពីកម្មវិធី Access ដែលគាំទ្រថវិកាពីស្ថានទូតអូស្រ្តាលី។ កម្មវិធីនេះជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ក្រសួងនិងមន្ទីរកិច្ចការនារី ដែលប្រើប្រាស់វិធានការនិងមធ្យោបាយផ្នែកសេដ្ឋកិច្ច ដើម្បីគាំទ្រដល់ស្រ្តីរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
 
រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានលើកឡើងថា៖ «ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី គឺជាយុទ្ធសាស្រ្តដែលផ្តោតលើការពង្រីកបរិយាកាសនិងកាលានុវត្តភាពសម្រាប់ស្រ្តីនិងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ជម្រើស សក្តានុពល និងទេព្យកោសលរបស់ខ្លួន នៅក្នុងសកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ»។ 
 
ស្រ្តីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចផ្លូវការ និងលេចធ្លោកាន់តែច្រើន មិនត្រឹមតែបានជួយលើកកម្ពស់សុខមាលភាពផ្ទាល់ខ្លួននិងគ្រួសារនោះទេ គឺថែមទាំងជំរុញកំណើនសេដ្ឋកិច្ចទៀតផង។ លើសពីនេះ ពួកគេនឹងដើរតួរជាគំរូដល់ស្រ្តីនិងក្មេងស្រីដ៏ទៃទៀត។ នេះបើតាមការលើកឡើងបន្ថែមរបស់ លោកស្រី កន្ថាផាវី៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com