ជាតិ
លោក ជា សំបាន ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីអប់រំយុវជនឱ្យស្រលាញ់ និងអភិរក្សសត្វព្រៃ
30, May 2022 , 9:30 am        
រូបភាព
លោក ជា សំបាន ប្រធានអង្គការផ្តោតលើសត្វព្រៃកម្ពុជា
លោក ជា សំបាន ប្រធានអង្គការផ្តោតលើសត្វព្រៃកម្ពុជា
សៀមរាប៖ ៧ឆ្នាំមកហើយ ដែលលោក ជា សំបាន អ្នកស្រឡាញ់សត្វព្រៃ និងធនធានធម្មជាតិមួយរូប ព្យាយាមបណ្ដុះបណ្ដាលយុវជនឱ្យចាប់អារម្មណ៍ និងដឹងពីសត្វព្រៃដែលមាននៅកម្ពុជា។ បំណងដ៏ធំរបស់បុរសម្នាក់នេះ គឺផ្ទេរចំណេះដឹងជុំវិញសត្វព្រៃ ជីវៈចម្រុះ និងការអភិរក្សធនធានធម្មជាតិមួយនេះ ទៅយុវជនជំនាន់ក្រោយៗ បន្តបេសកកម្មដែលលោកកំពុងធ្វើរាល់ថ្ងៃ។

 
ក្រុមយុវជនប្រមាណ៤០នាក់ បានទទួលការអប់រំពីសត្វព្រៃ និងធនធានធម្មជាតិ ពីអង្គការផ្តោតលើសត្វព្រៃកម្ពុជា (Fauna in Focus Cambodia) ដែលធ្វើនៅតំបន់បឹងពារាំង ខេត្តសៀមរាប។ យុវជនទាំងនោះ ខ្លះជាសិស្សថ្នាក់វិទ្យាល័យ និងខ្លះជានិស្សិតសកលវិទ្យាល័យ មកពីខេត្តសៀមរាប និងកំពង់ធំ។ នៅទីនោះ គឺលោក ជា សំបាន និងក្រុមការងារបស់លោក កំពុងបង្ហាញរូបសត្វស្លាបរាប់សិបសន្លឹក និងតំបន់ព្រៃលិចទឹក ពន្យល់ដល់ក្រុមសិស្សនិស្សិត ដែលកំពុងចោទជាសំណួរជាច្រើន។ 
 
លោក ជា សំបាន ប្រធានអង្គការផ្តោតលើសត្វព្រៃកម្ពុជា ប្រាប់ថា នេះជាសកម្មភាពអប់រំបរិស្ថាន និងសត្វស្លាប ដែលអង្គការលោកតែងធ្វើជាប្រចាំនាពេលកន្លងមក។ លោកពន្យល់ថា៖« បំណងថ្ងៃនេះ ទាញយុវជន ឱ្យបែរខ្លះមកវិស័យមួយនេះ ​ដោយសារឃើញនិស្សិតខ្លះរៀនចប់ ចាប់ជំនាញផ្សេងៗ ដោយឡែកផ្នែកអភិរក្សធនធាននេះ នៅមានតិចណាស់ ហើយសកម្មភាពយុវជនចាប់អារម្មណ៍លើធនធានធម្មជាតិនេះ ក៏មានតិចតួចដែរ បើយើងចាប់យកយុវជននៅពេលនេះ ​ក្មេងៗជំនាន់ក្រោយ នឹងរៀនតាមគ្នា ផ្លាស់ប្ដូរផ្នត់គំនិតគាត់ពេលនេះ»។
 
 
លោក ជា សំបាន បានជ្រើសការបង្រៀននៅក្រៅថ្នាក់ ដោយសារលោកយល់ថា ការបង្រៀនដោយផ្ទាល់ នៅទីតាំងដែលមានសត្វស្លាប ដូចជានៅបឹងពារាំងដែលសម្បូរសត្វស្លាបរាប់ម៉ឺនក្បាលមកតាំងទីនេះ នឹងនាំឱ្យយុវជនកាន់តែមានអារម្មណ៍ដិតជាប់នឹងមេរៀនកំពុងរៀន។ លោក ជា សំបាន បន្ត៖« បំណងបញ្ជៀសក្នុងសាលា បង្រៀនខាងក្រៅឱ្យឃើញផ្ទាល់ស្អីជាព្រៃលិចទឹក ស្អីជា​ព្រៃរងទឹកភ្លៀង​​ ហើយការពិបាកក្នុងការអភិរក្សមានអ្វីខ្លះ ការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ សហគន៍ ក្នុងការខិតខំប្រឹងប្រែងដើម្បីការពារធនធានធម្មជាតិ»។
 
សកម្មភាពកាលពីឆ្នាំទៅ អង្គការផ្តោតលើសត្វព្រៃកម្ពុជា បានជ្រើសរើសកម្មវិធីអប់រំដូចគ្នានេះទៅស្រុកអង្គរធំ ដោយផ្តោតលើតំបន់ការពារទេសភាពអង្គរ ដែលពលរដ្ឋនៅទីនោះ គួរបានដឹងពីសហគមន៍ដែលពួកគេកំពុងរស់នៅ និងចូលរួមការពារ។ សម្រាប់លោក ជា សំបាន ការអប់រំសំខាន់ដល់យុវជន មុននឹងបង្រៀនដល់ពួកគេឱ្យស្រឡាញ់ធនធានធម្មជាតិ។ លោកពន្យល់ថា៖« ចំណុចសំខាន់ដែលទាញពួកគាត់ មុនដល់ការពារ ដាំ ការរក្សាព្រៃឈើ ចាប់ផ្តើមរៀនសិន កាលណារៀនគាត់នឹងយល់ យល់ហើយនឹងស្រឡាញ់ ស្រឡាញ់នឹងការពារ»។
 
 
យុវតី ជឹង សុខវឿន គឺជាយុវជនស្ម័គ្រចិត្តនៅក្នុងអង្គការផ្តោតលើសត្វព្រៃកម្ពុជា។ សុខវឿន បានស្គាល់អង្គការនេះអំឡុងពេលនៅរៀនវិទ្យាល័យ ហើយបន្ទាប់មកបានស្ម័គ្រចិត្តជួយបណ្ដុះបណ្ដាលយុវជនឯទៀតតាមសហគមន៍ ឱ្យស្គាល់ពីធនធានសត្វព្រៃ និងធម្មជាតិនៅកម្ពុជា។ 
 
ក្រោយប្រឡូកក្នុងការងារមួយរយៈ សុខវឿន បានចាប់ផ្តើមផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯង និងយល់ថា ការងារនេះជាផ្នែកមួយកំពុងជួយថែរក្សា និងការពារធនធានជីវចម្រុះ ហើយថា យុវជនមានតួនាទីសំខាន់ណាស់លើការងារមួយនេះ។
​ 
សុខវឿន៖«យុវជនមានតួនាទីសំខាន់ក្នុងការអភិរក្ស រក្សាសម្បត្តិធម្មជាតិ ពិសេសទាក់ទងព្រៃឈើ បរិស្ថាន ដែលមានសត្វ ក៏ដូចជាជីវចម្រុះជាច្រើន យុវជនមានផ្នត់ គំនិតថ្មីៗ ដែលអាចជួយកាពារធនធានធម្មជាតិឱ្យមាននិរន្តរភាព ពីដើមយល់ដែរពីបរិស្ថាន តែមិនសូវស៊ីជម្រៅទេ ដូចជាការកាប់ ហូបសត្វព្រៃ បោះចោលសំរាម ក្រោយមកដឹងថា ព្រៃឈើសំខាន់សម្រាប់ទ្រទ្រផែនដី សំរាមប៉ះពាល់ភពផែនដី និងបានប្រាប់អ្នកជិតខាងកុំឱ្យកាប់ ហូបសាច់សត្វព្រៃ ព្រោះវាជាជីវិតមួយដែរ យើងត្រូវរក្សាសត្វទាំងនោះឱ្យក្មេងជំនា់នក្រោយបានដឹងទៀត»។ 
 
 
កម្មវិធីអប់រំយុវជនពីធនធានជីវៈចម្រុះនៅខេត្តសៀមរាបនៅពេលនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែឧសភា។ អង្គការផ្តោតលើសត្វព្រៃកម្ពុជា នាំយុវជនទៅតំបន់បឹងពារាំង ដែលជាតំបន់ផ្ទៃរងទឹកសាប និងតំបន់ភ្នំគូលែន ដែលជាតំបន់ទាក់ទាញទឹកភ្លៀង និងជាប្រភពទឹកសំខាន់សម្រាប់ខេត្តសៀមរាប។
 
ក្រៅពីខេត្តសៀមរាប អង្គការផ្តោតលើសត្វព្រៃកម្ពុជា ក៏ចុះបណ្ដុះបណ្ដាល អប់រំយុវជន នៅខេត្តមួយចំនួនទៀត មានខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តកំពង់ចាមផងដែរ។ បង្កើតនៅឆ្នាំ២០១៦ គោលដៅរបស់អង្គការនេះមានបីសំខាន់ៗ ទី១ ការអប់រំ ទី២ ការផលិតវីដេអូឯកសារពីសត្វព្រៃ និងទី៣ សារមន្ទីរសត្វព្រៃធម្មជាតិ។ យ៉ាងណាមិញ វិបត្តិជំងឺកូវីដ១៩ជាសកល បង្ខំឱ្យសកម្មភាពមួយផ្នែកនៃអង្គការនេះ ត្រូវផ្អាកមួយរយៈ ដែលសព្វថ្ងៃ នៅសល់សកម្មភាពអប់រំប៉ុណ្ណោះដែលនៅបន្ត និងរំពឹងថា សាធារណជននឹងចូលរួមគាំទ្រ តាមរយៈការផ្តល់សម្ភារ និងធនធានថវិកា៕
 

Tag:
 អង្គការផ្តោតលើសត្វព្រៃកម្ពុជា
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com