ជាតិ
បោះឆ្នោត
លោក គង់ រ៉ៃយ៉ា បេក្ខជនបក្សភ្លើងទៀន ត្រូវមន្រី្តរៀបចំការបោះឆ្នោតពិន័យ ៥លានរៀល
29, May 2022 , 5:30 pm        
រូបភាព
លោក គង់ រ៉ៃយ៉ា បេក្ខជនឃុំសង្កាត់របស់គណបក្សភ្លើងទៀន។ រូបពី ទំព័រហ្វេសប៊ុករបស់លោក រ៉ៃយ៉ា
លោក គង់ រ៉ៃយ៉ា បេក្ខជនឃុំសង្កាត់របស់គណបក្សភ្លើងទៀន។ រូបពី ទំព័រហ្វេសប៊ុករបស់លោក រ៉ៃយ៉ា
ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម សម្រេចពិន័យបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា ៥លានរៀល។ នេះបើតាមលិខិតសម្រេចរបស់គណកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ផ្សាយលើទំព័រហ្វេសប៊ុក ថ្ងៃទី២៩ ឧសភា។

 
តំណាងគណបក្សប្រជាជនកម្ពុជា បានប្ដឹងដកបេក្ខជន១១រូបរបស់បក្សភ្លើងទៀន ក្នុងស្រុកកងមាស ចេញពីបញ្ជីបោះឆ្នោត។ តំណាងរូបនេះ ចោទលោក គង់ រ៉ៃយ៉ា បេក្ខជនមេឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម របស់បក្សភ្លើងទៀនថា ធ្វើសកម្មភាពចែកថវិកាដល់បេក្ខជនដទៃ។ 
 
សេចក្ដីសម្រេចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានសម្រេចយ៉ាងដូច្នេះ៖ «ផាកពិន័យ លោក គង់ រ៉ៃយ៉ា ប្រាំលានរៀលគង់ ស្របតាមមាត្រា១៧១ និងមាត្រា១៨១ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់»។ 
 
យ៉ាងណាក្ដី មន្រី្តរៀបចំការបោះឆ្នោត នៅតែរក្សាឈ្មោះបេក្ខជននៃគណបក្សភ្លើងទៀនខាង ក្នុងបញ្ជីបេក្ខជនដដែល។ បើតាមមាត្រា ១៨១ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវផាកពិន័យ៥លានរៀល ទៅ១០លានរៀល រួមទាំងព្រមានជាលាយលក្ខណ៍អក្សរ ចំពោះជនណាដែលប្រើគ្រប់មធ្យោបាយ ប្រមាថជាសាធារណៈចំពោះគណបក្សនយោបាយមួយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោត ឬញុះញង់ឲ្យមានការរើសអើង នៅអំឡុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត។ 
 
ចំណែក មាត្រា១៧១ ចែងថា បើជនណារារាំង បេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយ មិនឲ្យឃោសនាបោះឆ្នោត តាមការកំណត់, ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត និងទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស នឹងត្រូវពិន័យ៥លានរៀល ទៅ២០លានរៀល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com