ជាតិ
សង្គមជាតិ
កម្ពុជា និងវៀតណាម នឹងសម្រេចបន្ទាត់ព្រំដែន ៦ភាគរយទៀត នៅមណ្ឌលគិរី រតនគិរី ស្វាយរៀង តាកែវ និងត្បូងឃ្មុំ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការងារព្រំដែន ។ រូបពីហ្វេសប៊ុកលោកស្រី
×
ដោយ ៖ ធន់ សេងហុង
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីព្រំដែនទ្វេភាគី ៦ភាគរយបន្ថែមទៀត នៅក្នុងអំឡុងឆ្នាំ២០២២នេះ។
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា បានបញ្ជាក់ថា បន្ទាត់ព្រំដែនដែលភាគីទាំងពីរសម្រេចបាន៦ភាគរយបន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ ។
លោកស្រី កុយ ពិសី បានប្រាប់សារព័ត៌មានថ្មីៗនាថ្ងៃទី២៩ខែឧសភា ថា ៖ «ការសម្រេចបន្ទាត់ព្រំដែន ៦ភាគរយនេះ គឺកម្ពុជាកំពុងរង់ចាំតែភាគីវៀតណាមឆ្លើយតប ដើម្បីរៀបចំពីធីចុះហត្ថលេខាប៉ុណ្ណោះ»។
លោកស្រី កុយ ពិសី បានបន្តថា បន្ទាត់ព្រំដែនសម្រេចបានជាបន្តបន្ទាប់នេះ ជាផ្នែកមួយរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលល្អ សម្រាប់ការធ្វើដំណើរ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមព្រំដែនផងដែរ ។
កាលពីថ្ងៃទី១២ ឧសភា សម្ដេច ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅអាម៉េរិក និងកាណាដា នៅទីក្រុងវ៉ាស៊ីនតោនថា កម្ពុជា និងវៀតណាម បានសម្រេចបន្ទាត់ព្រំដែនបាន ៦ភាគរយបន្ថែមទៀត ដែលស្មើនឹង៩០ភាគរយ ។ បើតាមប្រមុខរដ្ឋាភិបាល ក្រុមការងារព្រំដែនកម្ពុជា និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីព្រំដែនទ្វេភាគី ៦ភាគរយបន្ថែមទៀត នៅក្នុងអំឡុងឆ្នាំ២០២២នេះ។
ការសម្រេចបាននេះធ្វើឡើងក្រោយសន្ធិសញ្ញាបំពេញបន្ថែម ដែលរដ្ឋាភិបាលកម្ពុជា-វៀតណាម ចុះហត្ថលេខានៅឆ្នាំ២០១៩នេះ គឺទទួលស្គាល់បង្គោលព្រំដែនដែលភាគីទាំងពីរ បានបោះរួចរាល់ចំនួន ៨៤ភាគរយ ។
© រក្សាសិទ្ធិដោយ thmeythmey.com