ជាតិ
ក្រសួង កំហិតម្ចាស់សហគ្រាសនិងរោងចក្រ ធ្វើអធិការកិច្ចតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ឲ្យបាន២ដងក្នុងមួយឆ្នាំ
30, May 2022 , 10:59 pm        
រូបភាព
កម្មកររោងចក្រសម្រាកពីម៉ោងបំពេញការងារនាពេលកន្លងមក។
កម្មកររោងចក្រសម្រាកពីម៉ោងបំពេញការងារនាពេលកន្លងមក។
 
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យបណ្ដាសហគ្រាស និងរោងចក្រទាំងអស់ ប្រកាសស្នើសុំធ្វើបែបបទអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ឲ្យបាន២ដងក្នុងមួយឆ្នាំ ។ បើពុំនោះទេ ក្រសួងនឹងពិន័យឬផ្ដន្ទាទោសតាមច្បាប់។

 
ម្ចាស់សហគ្រាស និងរោងចក្រ ត្រូវមានកាតព្វកិច្ចធ្វើស្វ័យប្រកាសអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម២ដងក្នុងមួយឆ្នាំ។ លើកទី១ មុនដំណាច់ខែមិថុនា ហើយលើកទី២ មុនដំណាច់ខែធ្នូ ជារៀងរាល់ឆ្នាំ។ នេះបើតាមសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងការងារចេញថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២។ 
 
ក្រសួងការងារ បានដាក់លក្ខខណ្ឌ៣១ចំណុច សម្រាប់ដាក់កំហិតដល់ម្ចាស់សហគ្រាសនិងរោងចក្រ អនុវត្ត។ ករណីម្ចាស់សហគ្រាស និងរោងចក្រ ល្មើសនឹងចំណុចអាទិភាពណាមួយ នឹងត្រូវទទួលរងការផាកពិន័យភាមៗ តាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ 
 
ម្ចាស់រោងចក្រ និងសហគ្រាស ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងឲ្យបានត្រឹមត្រូវ ហើយបិទផ្សាយដល់បុគ្គលិក។ ជាពិសេសត្រូវផ្ដល់ប្រាក់ឈ្នួល ប្រាក់អតីតភាពការងារ ប្រាក់បន្ថែមម៉ោងឲ្យបានត្រឹមត្រូវ មិនរើសអើងកម្មករ និងផ្ដល់ប្រាក់ឈ្នួលចំពោះអ្នកមានវិជ្ជាជីវៈស្មើគ្នា។ នយោជក ត្រូវធានាមិនឲ្យមានការបៀតបៀនផ្លូវភេទនៅកន្លែងការងារ ផ្ដល់ពេលលំហែមាតុភាព ហើយមិនត្រូវបញ្ឈប់កម្មករមានផ្ទៃពោះ ឬសម្រាលកូន និងមិនត្រូវប្រើប្រាស់កម្លាំងពលកម្ម ចំពោះក្មេងមិនទាន់គ្រប់អាយុឡើយ ។ នេះបើតាមលិខិតដាក់កំហិតរបស់ក្រសួង ដែលជម្រាបទៅម្ចាស់រោងចក្រ និងសហគ្រាស។ 
 
ចំពោះ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារវិញ ក្រសួងបានតម្រូវឲ្យរៀបចំផ្ដល់ឲ្យមានប្រអប់សង្គ្រោះ បន្ទប់រុំរបួស រៀបចំកន្លែងឲ្យមានខ្យល់ចេញចូល អនាម័យ ធានាសុវត្ថិភាព និងរៀបចំវិធានការការពារទុកជាមុន នៅពេលមានហេតុការណ៍កើតដោយយថាហេតុណាមួយជាដើម។ រីឯ លក្ខខណ្ឌនៃរបបសន្តិសុខសង្គម នយោជកត្រូវចរៀបចំបញ្ជីការោងចក្រ សហគ្រាស និងបញ្ជីកាកម្មករនៅបេឡាជាតិសន្តិសុខសង្គម រួមទាំងបង់ភាគទានដល់កម្មករ នៅផ្នែកហានិភ័យការងារផងដែរ។ ចំណែកលក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ មិនត្រូវបង្ខំឲ្យកម្មករចូលរួម ឬមិនចូលរួមក្នុងសហជីព និងវិវាទការងារផងដែរ។ 
 
ទន្ទឹមនឹងនេះ ក្រសួងបានសង្កត់ធ្ងន់ថា៖ «ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសមិនបានធ្វើរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារ តាមកាលកំណត់ និងមិនព្រមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ត្រូវទទួលពិន័យ ឬផ្ដន្ទាទោសតាមច្បាប់ និងចាត់វិធានការតាមផ្លូវច្បាប់ក្រសួង»។ 
 
ក្រសួងការងារក៏រំលឹកដល់នយោជកដែរ ត្រូវជំរុញឲ្យកម្មករចាក់វ៉ាក់សាំងកូវីដ-១៩ និងបំពេញព័ត៌មានទាំងនេះ ចូលក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មអធិការកិច្ច។ ក្រុមការងារអធិការកិច្ចការងារ នឹងចុះធ្វើអធិការកិច្ចពិសេស ដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិត៕ 
 
 

Tag:
 អធិការកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com