ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
មន្រ្តីគ.ជ.ប៖ ជាការខុសច្បាប់ ចំពោះការអំពាវនាវមិនឲ្យអ្នកគាំទ្រទៅបោះឆ្នោតនៅឃុំ-សង្កាត់ដែលបក្សខ្លួនមិនឈរឈ្មោះ
31, May 2022 , 8:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ផ្តល់បទសម្ភាសដល់អ្នកកាសែតនាពេលកន្លងមក។ រូបពីគ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ផ្តល់បទសម្ភាសដល់អ្នកកាសែតនាពេលកន្លងមក។ រូបពីគ.ជ.ប
ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្រ្តីសង្គមស៊ីវិល ដែលធ្វើការផ្នែកការបោះឆ្នោត អះអាងដូចគ្នាថា ការអំពាវនាវរបស់គណបក្ស មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅឃុំ-សង្កាត់ណាមួយ ក្នុងករណីឃុំ-សង្កាត់នោះ មិនមានបេក្ខជនពីគណបក្សខ្លួនឈរឈ្មោះ គឺជាអំពើផ្ទុយនឹងច្បាប់ រួមទាំងរដ្ឋធម្មនុញ្ញផងដែរ។ មន្រ្តីគ.ជ.ប ស្នើឲ្យគណបក្សទាំងនោះ កែតម្រូវពាក្យរបស់ខ្លួនឡើងវិញ។

 
មានប្រធានគណបក្ស២ បានអំពាវនាវក្នុងន័យស្ទើរដូចគ្នាទាំងស្រុង ដែលត្រូវបានអ្នកជំនាញក្នុងគ.ជ.ប និងអ្នកជំនាញពីសង្គមស៊ីវិល ចាត់ទុកថា មិនស្របនឹងច្បាប់ ព្រោះមានលក្ខណៈរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ ប្រធានគណបក្ស១ បានអំពាវនាវដោយផ្ទាល់មាត់ កុំឲ្យអ្នកគាំនៅទូទាំងប្រទេស បោះឆ្នោតឲ្យគណបក្សណាទាំងអស់ បើឃុំ-សង្កាត់ណាមួយ គ្មានបេក្ខជនពីគណបក្សរបស់ខ្លួនឈរឈ្មោះ។ ការអំពាវនាវនេះ ធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រប្រមាណ៣០នាក់ ក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ឧសភា ឆ្នាំ២០២២។ ក្រោយមក១ថ្ងៃ គឺនៅថ្ងៃទី២៧ ខែឧសភា ស្រាប់តែមានប្រធានគណបក្ស១ផ្សេងទៀត ចេញលិខិតផ្លូវការ អំពាវនាវកុំឲ្យអ្នកគាំទ្រទៅបោះឆ្នោតនៅឃុំ-សង្កាត់ណា ដែលគណបក្សខ្លួន មិនបានដាក់បេក្ខជនឈរឈ្មោះ។
 
បើពិនិត្យមើល គេ នឹងសង្កេតឃើញថា ការអំពាវនាវរបស់ប្រធានគណបក្សទាំង២ ខុសគ្នាតែ១ពាក្យប៉ុណ្ណោះ។ ខុសនៅត្រង់ថា ប្រធានគណបក្ស១ ប្រើពាក្យ «កុំបោះឆ្នោតឲ្យ» គណបក្សណាទាំងអស់ បើគ្មានបេក្ខជនពីគណបក្សខ្លួនឈរឈ្មោះ ឯប្រធានគណបក្ស១ទៀត ប្រើពាក្យ «មិនឲ្យទៅបោះឆ្នោត» តែម្តង បើគ្មានបេក្ខជនពីគណបក្សខ្លួនឈរឈ្មោះ។
 
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បកស្រាយថា ការអំពាវនាវខាងលើ គឺជាការរារាំងដល់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ លោក លើកឡើងថា ការអំពាវនាវបែបនេះ អាចប្រឈមនឹងបណ្តឹង។ លោកស្នើឲ្យមានការកែសម្រួលឡើងវិញចំពោះពាក្យពេចន៍ក្នុងការអំពាវនាវរបស់ប្រធានគណបក្សខាងលើ។
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ អ្នកនាំពាក្យគ.ជ.ប រូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «គ.ជ.ប សូមអំពាវនាវសុំឲ្យមានការពិនិត្យឡើងវិញនូវសំណេររបស់ខ្លួន បើសំណេររបស់អ្នកឆ្លុះបញ្ចាំងថាខុសច្បាប់ហើយ អ៊ីចឹង ភាគីនៃគណបក្សនយោបាយបញ្ចេញទស្សនៈតាមបែបខុសច្បាប់ ត្រូវកែសម្រួល ដើម្បីលាងនូវអ្វីដែលជាការផ្សព្វផ្សាយខុសឆ្គងចំពោះបងប្អូនប្រជាពលរដ្ឋ»។
 
លោក សំ គន្ធាមី នាយក​ប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី  និងត្រឹមត្រូវនៅកម្ពុជា (​អង្គការ​និចហ្វិក) យល់ថា ការអំពាវនាវរបស់ប្រធានគណបក្សទាំង២ គឺមិនត្រឹមត្រូវឡើយ ខណៈគណបក្សនយោបាយនោះ មានបេក្ខជនឈរឈ្មោះតាមឃុំ-សង្កាត់តិចតួច។ លោក បន្តថា ទាំង គ.ជ.ប សង្គមស៊ីវិល រដ្ឋាភិបាល ព្រះមហាក្សត្រ និងច្បាប់ សុទ្ធតែអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។
 
«សេចក្ដីថ្លែងការណ៍របស់គណបក្សហ្នឹង បានចេញជាសាធារណៈ ហើយ គ.ជ.ប ឃើញខុសឆ្គងអ៊ីចឹង អាចចេញសេចក្ដីណែនាំឬព្រមាន ព្រោះសេចក្ដីអំពាវនាវហ្នឹងវាអត់សមស្រប»។ នេះជាប្រសាសន៍របស់លោក សំ គន្ធាមី ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
 
លោក កន សាវាង្ស អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​ នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយសេរី ​និង​យុត្តិធម៌​នៅកម្ពុជា (​ខុមហ្រ្វែល) ក៏កំពុងតាមដានដែរ ដោយមិនទាន់វិនិច្ឆ័យថា ខុសឬត្រូវឡើយ។ លោក និយាយថា ចំពោះករណីខាងលើ ខុសឬត្រូវ គឺជាការសម្រេចរបស់ គ.ជ.ប ព្រោះរឿងរ៉ាវកន្លងមក មានការបកស្រាយខុសៗគ្នា។ 
 
ចំពោះស្ថានភាពណាដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតធ្ងន់ធ្ងរ ឬខុសនឹងនីតិវិធីច្បាប់ គ.ជ.ប មិនចាំបាច់រង់ចាំមានពាក្យបណ្ដឹងពីភាគីពាក់ព័ន្ធឡើយ គឺ គ.ជ.ប ដែលជាអាជ្ញាធរត្រូវមានចំណាត់ការដោយខ្លួនឯង។ ប៉ុន្តែ បើករណីណាដែលប៉ះពាល់ដល់ផលប្រយោជន៍គណបក្សដទៃ គណបក្សនោះមានសិទ្ធិក្នុងការដាក់ពាក្យបណ្ដឹង។ នេះជាមតិរបស់លោក កន សាវាង្ស ដដែល។
 
ទន្ទឹមនឹងនេះ លោកមើលឃើញថា ចំណុច២ខុសគ្នា គឺ គណបក្សទាំងនោះអំពាវនាវចំពោះសមាជិកនិងអ្នកគាំទ្រ ហើយច្បាប់ចែងមិនឲ្យរារាំងពលរដ្ឋ។ លោក បន្ថែមថា លើសពីនេះ គ.ជ.ប កន្លងមក ធ្លាប់បកស្រាយករណីស្រដៀងនេះដែរ គឺការចែកថវិកា ដោយ គ.ជ.ប លើកឡើងថា ការចែកដល់សមាជិកគណបក្សខ្លួនឯង សម្រាប់ដំណើរការគាំទ្រ គឺមិនខុសឡើយ។
 
មន្ត្រីខុមហ្រ្វែលរូបនេះ អធិប្បាយជាមួយសារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«ខ្ញុំ មិនហ៊ានបកស្រាយអ្វីលើសហ្នឹងឡើយ...។ កាលពីឆ្នាំ២០១៨ ក៏មានករណីស្រដៀងគ្នាដែរ ការអំពាវនាវកុំឲ្យទៅបោះឆ្នោត ដេកផ្ទះឈ្នះឯង ហើយក៏ត្រូវតុលាការចាត់ចំណាត់ការ។ ច្បាប់មាត្រា១៧១ [ចែង] ទាក់ទងការរារាំងពលរដ្ឋ មានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។ អ៊ីចឹង សួរថា បេក្ខជនទាំងអស់របស់បក្សហ្នឹងជាពលរដ្ឋអ្នកបោះឆ្នោតឬទេ? ហើយពួកគាត់មានបំណងទៅឬមិនទៅ?»។
 
បើតាមប្រសាសន៍របស់លោក ហង្ស ពុទ្ធា មិនថាអំពាវនាវប្រជាពលរដ្ឋទូទៅ ឬអំពាវនាវត្រឹមអ្នកគាំទ្រខ្លួននោះទេ ឲ្យតែស្ថិតក្នុងន័យថា មិនឲ្យទៅបោះឆ្នោត គឺមិនស្របច្បាប់។ លោក បញ្ជាក់បែបនេះថា៖«អ្នកគាំទ្ររបស់គាត់ នៅតែជាប្រជាពលរដ្ឋដដែល»។
 
ការអំពាវនាវរបស់ប្រធានគណបក្សទាំង២ ដែលត្រូវបានមន្រ្តីគ.ជ.ប និងមន្រ្តីសង្គមស៊ីល ចាត់ទុកថាមិនស្របច្បាប់ ធ្វើឡើងក្នុងអំឡុងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ ការឃោសនារកសំឡេងឆ្នោត មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ហើយការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕
 
 

Tag:
 បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com