ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា នឹងចេញទៅបោះឆ្នោត​ដែរទេ?
01, Jun 2022 , 9:29 am        
រូបភាព
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាន់តែជិតមកដល់ ខណៈគណបក្សនយោបាយកំពុងសម្រុកឃោសនា។ ពលរដ្ឋនឹងត្រូវចេញទៅបោះឆ្នោត នៅថ្ងៃទី៥ មិថុនា។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ តើអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងចេញទៅមុខបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដូចអាណត្តិមុនទៀតដែរ?

 
មែនទែនទៅ លោក កឹម សុខា កំពុងដំណើរការរឿងក្តីពីបទ«គប់គិតជាមួយបរទេស» ។ ប៉ុន្តែមិនមែនមានន័យថា មេបក្សប្រឆាំងរូបនេះ គ្មានសិទ្ធិទៅបោះឆ្នោតនោះទេ ព្រោះតុលាការមិនទាន់មានសេចក្តីសម្រេច ឬចេញសាលក្រមកាត់ទោសឡើយ។ ដូច្នេះបានន័យថា លោក កឹម សុខា មិនទាន់ក្លាយជាទណ្ឌិត ហើយក៏នៅមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែធ្វើសកម្មភាពនយោបាយ។
 
ប៉ុន្តែចម្ងល់នោះ ត្រង់ថា តើលោក កឹម សុខា នឹងចេញទៅមុខបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដូចអាណត្តិទី៤ នាឆ្នាំ២០១៧ទៀតទេ? លោក ចាន់ ចេន មេធាវីលោក កឹម សុខា ក៏មិនទាន់ដឹងថា កូនក្តីខ្លួន នឹងសម្រេចចិត្តទៅបោះឆ្នោតឡើយ។ លោកគ្រាន់តែពន្យល់ថា លោក កឹម សុខា តែងតែមានបំណងចង់ចូលរួមក្នុងឆាកនយោបាយ និងចង់ធ្វើសកម្មភាពបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងជាតិ តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៣១ ឧសភានេះ ប្រធានក្រុមមេធាវីលោក កឹម សុខា រូបនេះ បាននិយាយថា៖ « គាត់(កឹម សុខា)ការសម្រេចបែបណាចំពោះការបោះឆ្នោត គាត់ទៅបោះឬមិនទៅ ខ្ញុំអត់បានជ្រាបពីគោលបំណងរបស់គាត់ទេបាទ»។ 
 
ចំណែកលោកស្រី ម៉េង សុភារី ដែលជាមេធាវីលោក កឹម សុខា មួយរូបទៀត ក៏មិនទាន់ដឹងពីដំណើររបស់អតីតប្រធានគណបក្សសង្គ្រោះជាតិនេះដែរ ។ ជុំវិញការបោះឆ្នោតនេះ លោកស្រី មិនបានសួរនាំ លោក កឹម សុខា ទេ។ 
 
ប៉ុន្តែបើតាមមេធាវីរូបនេះ លោក កឹម សុខា ដូចជាគ្មានជំនឿចិត្តលើគណបក្សនយោបាយណាមួយឡើយ ។ លោកស្រីថ្លែងយ៉ាងដូច្នេះ៖ «កន្លងមកគាត់(កឹម សុខា)ធ្លាប់បានមានប្រសាសន៍ថា គាត់អត់មានគាំទ្រគណបក្សនយោបាយណាទេ ក្នុងបោះឆ្នោតហ្នឹង»។ 
 
ពាក់ព័ន្ធនឹងរឿងនេះដែរ សារព័ត៌មានថ្មីៗ មិនអាចសាកសួរព័ត៌មានបន្ថែមពីលោក មុត ចន្ថា ដែលជាមន្រី្តជិតស្និទលោក កឹម សុខា បានឡើយ។ 
 
កន្លងមកលោក កឹម សុខា ចង់បានការបញ្ចប់សំណុំរឿងនៅតុលាការ ដើម្បីទទួលបានសិទ្ធិនយោបាយឡើងវិញ និងរៀបចំកម្លាំងប្រកួតប្រជែងក្នុងការបោះឆ្នោត។ នេះជាឆន្ទៈរបស់អ្នកនយោបាយរូបនេះ ដែលក្រុមមេធាវីរបស់លោក បានពាំនាំសារទាំងនោះមកប្រាប់ក្រុមអ្នកសារព័ត៌មាន ។ 
 
កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ លោក កឹម សុខា ដែលស្នាក់នៅខណ្ឌទួលគោក បានទៅការិយាបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤៕ 
 
 

Tag:
 នយោបាយ
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com