ជាតិ
បោះឆ្នោត
ភាគ២៖ គោលនយោបាយពិសេសៗរបស់បក្សទាំង១៧, ពេញចិត្តមួយណា?
01, Jun 2022 , 11:42 am        
រូបភាព

ដោយ៖ ទេពញាណ


បក្សកម្ពុជានិយម នឹងទាមទារឲ្យបង្កើតច្បាប់កំណត់ការប្រាក់ «មិនឲ្យលើស១ភាគរយក្នុង១ឆ្នាំ» ចំពោះកម្ចីកសិកម្ម


ក្នុងចំណោមគោលនយោបាយឃុំ-សង្កាត់របស់គណបក្សកម្ពុជានិយម មានគោលនយោបាយស្តីពីសេវាសេដ្ឋកិច្ច-កសិកម្មតាមភូមឃុំ។ គណបក្សនេះ មើលឃើញថា ការបញ្ចុះអត្រាការប្រាក់ឲ្យកាន់តែទាប សម្រាប់កម្ចីផ្នែកកសិកម្ម គឺជាចំណុចគន្លឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកសិកម្ម។

គោលនយោបាយស្តីពីសេវាសេដ្ឋកិច្ច-កសិកម្មតាមភូមិឃុំរបស់គណបក្សកម្ពុជានិយម បានសរសេរដូច្នេះថា៖«គណបក្សកម្ពុជានិយម នឹងទាមទារឲ្យបង្កើតច្បាប់ស្តីពីការកំណត់អត្រាការប្រាក់ ចំពោះឥណទានកសិកម្ម ពីស្ថាប័នផ្តល់ប្រាក់កម្ចីទាំងរដ្ឋនិងឯកជន មិនឲ្យលើសពី១ភាគរយ ក្នុង១ឆ្នាំឡើយ ដើម្បីជួយប្រជាកសិករឲ្យមានទុនគ្រប់គ្រាន់ ក្នុងការប្រកបរបរកសិកម្ម»។

គោលនយោបាយនេះ ចែងបន្តថា គណបក្សកម្ពុជានិយម នឹងបង្កើតសហគមន៍សន្សំប្រាក់តាមឃុំ-សង្កាត់ ដើម្បីជួយដោះស្រាយបញ្ហាបំណុលរបស់ប្រជាជន ដោយប្រាក់សន្សំនេះ ក៏អាចផ្តល់កម្ចី ដល់ប្រជាជនផងដែរ ហើយគិតអត្រាការប្រាក់ត្រឹមតែ១គាគរយប៉ុណ្ណោះ ក្នុង១ឆ្នាំ។

គណបក្សកម្ពុជានិយម បន្ថែមក្នុងគោលនយោបាយទៀតថា គណបក្សកម្ពុជានិយម នឹងបង្កើតក្រុមបច្ចេកទេសកសិកម្ម ដោយសហការជាមួយអង្គការពាក់ព័ន្ធ ដើម្បីពន្យល់ ណែនាំ បណ្តុះបណ្តាលប្រជាកសិករ ពីការថែទាំ ការព្យាបាល ការដាំដុះកសិកម្ម កសិឧស្សហកម្ម និង ការចិញ្ចឹមសត្វពាហនៈ មាន់ ទា ជ្រូក តាមរយៈការប្រើប្រាស់ថវិកាឃុំ-សង្កាត់។

គណបក្សកម្ពុជានិយម អះអាងថា សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើវិស័យសំខាន់ៗ៤ គឺ កសិកម្ម ទេសចរណ៍ សំណង់ និង ឧស្សាកម្មកាត់ដេរ។

គោលនយោបាយឃុំ-សង្កាត់របស់គណបក្សកម្ពុជា មានទាំងអស់៧ចំណុច។ គោលនយោបាយ៦ចំណុចទៀត គឺ ទី១ គោលនយោបាយស្តីពីសេវារដ្ឋបាលសាធារណៈ ទី២ គោលនយោបាយស្តីពីសេវាសន្តិសុខ ទី៤ គោលនយោបាយស្តីពីសេវាសុខាភិបាល ទី៥ គោលនយោបាយស្តីពីសេវាអប់រំ ទី៦ គោលនយោបាយស្តីពីសេវាគុណភាពជីវិត និង ទី៧ គោលនយោបាយស្តីពីឃុំ-សង្កាត់ទំនើបជឿនលឿន។ សេវាសេដ្ឋកិច្ច-កសិកម្ម គឺជាគោលនយោបាយទី៣។ គោលនយោបាយទាំង៧ចំណុចនេះ ត្រូវបានសរសេរក្នុងសៀវភៅ១ ដែលមានកម្រាស់៥៦ទំព័រ។

គណបក្សកម្ពុជានិយម ដែលមានអ្នកនយោបាយជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធាន រៀបចំបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានចំនួន៣៨ឃុំ-សង្កាត់ ក្នុងចំណោមឃុំ-សង្កាត់១៦៥២នៅទូទាំងប្រទេស៕

បក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងស្តារព្រែក ស្ទឹង បឹង អូរ ដើម្បីឲ្យសម្បូរទឹកសម្បូរត្រីឡើងវិញ


ចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រែក ស្ទឹង បឹងបួ និង អូរ ជាដើម គឺជាសម្បត្តិធម្មជាតិដ៏សំខាន់។ គណបក្ស ដែលប្រមូលផ្តុំដោយក្រុមបញ្ញវន្តមួយនេះ នឹងយកចិត្តទុកដាក់លើសម្បត្តិធម្មជាតិទាំងនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាជនតាមមូលដ្ឋាន។

ក្នុងគោលនយោបាយស៥របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរថា៖«[គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹង] ស្តារព្រែក ស្ទឹង បឹង អូរ ធម្មជាតិ និង រៀបចំឲ្យមានការអភិរក្សត្រីប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឲ្យភូមិ ឃុំ សម្បូរទឹក និងត្រីឡើងវិញ»។

គោលនយោបាយនេះ មានខ្លឹមសារទៀតថា៖«[គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹង] គ្រប់គ្រង អភិរក្ស និង ប្រើប្រាស់ធនធានធម្មជាតិ មានព្រៃឈើ បឹង ស្ទឹង អូរ ខ្សាច់ ។ល។ ប្រកបដោយតម្លាភាព សមធម៌ និងនិរន្តរភាព ដើម្បីផលប្រយោជន៍ ភូមិ ឃុំ សង្កាត់ទាំងអស់គ្នា»។

គោលនយោបាយស៥ គឺ សទី១ តំណាងឲ្យសេដ្ឋកិច្ច និងការងារ សទី២ តំណាងឲ្យសុខាភិបាល សទី៣ តំណាងឲ្យសិក្សាធិការ សទី៤ តំណាងឲ្យសង្គមកិច្ច សទី៥ តំណាងឲ្យសេវា និងសម្បត្តិសាធារណៈ។ ការគិតគូរពីព្រៃឈើ ព្រែក ស្ទឹង បឹងបួ អូរ និង សម្បត្តិធម្មជាតិដទៃទៀត គឺស្ថិតក្នុងគោលនយោបាយសទី៥។

ក្រៅពីគោលនយោបាយស៥ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅមានលក្ខណសម្បត្តិស៣ទៀត ដែលតម្រូវឲ្យមេភូមិ មេឃុំ ចៅសង្កាត់ ត្រូវមាន។ ស៣ គឺ សមត្ថភាព សកម្មភាព និង សុចរិតភាព។

ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២ មានឃុំ-សង្កាត់ចំនួន៣២ ដែលបេក្ខជនពីគណបក្សប្រជាជធិបតេយ្យមូលដ្ឋាន ឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ គណបក្សនេះ ត្រូវបានគេ សម្គាល់ថា ជាគណបក្ស ដែលប្រមូលផ្តុំដោយក្រុមបញ្ញវន្ត ហើយបច្ចុប្បន្ន មានលោក យ៉េង វីរៈ ជាប្រធាន៕

បក្សខ្មែរតែមួយ នឹងផ្តល់ «១៥ម៉ឺនរៀលក្នុង១ខែ» ដល់មនុស្សចាស់អាយុ៦០ឆ្នាំឡើង និងគ្មានទីពឹង

មិនមែនតែនៅក្នុងគោលនយោបាយរបស់គណបក្សដទៃទេ គណបក្សខ្មែរតែមួយ ដែលស្ថិតក្រោមការដឹកនាំរបស់លោកប្រធាន គុជ លី ក៏មានគោលនយោបាយគាំពារមនុស្សចាស់ជរាដែរ។ ការឧបត្ថម្ភប្រាក់ប្រចាំខែជូនមនុស្សចាស់ជរា ត្រូវបានគណបក្សខ្មែរតែមួយ ចាត់ទុកជាចំណុចអាទិភាពក្នុងការជួយ និងការគាំពារពួកគាត់។

គណបក្សខ្មែរតែមួយ សរសេរក្នុងគោលនយោបាយសម្រាប់អនុវត្តនៅឃុំ-សង្កាត់យ៉ាងដូច្នេះថា៖«មនុស្សចាស់គ្មានទីពឹង ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ មានការធានាថែទាំពីរដ្ឋបាលឃុំ-សង្កាត់ ដោយមានប្រាក់ឧបត្ថម្ភ១៥ម៉ឺនរៀល ក្នុង១នាក់ ជារៀងរាល់ខែ»។

ក្រៅពីគណបក្សខ្មែរតែមួយ គេ សង្កេតឃើញគណបក្សផ្សេងទៀត ក៏មានគោលនយោបាយជួយឧបត្ថម្ភប្រាក់ដល់ចាស់ៗដែរ។ តួយ៉ាង គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ កំណត់ក្នុងគោលនយោបាយថា បើគណបក្សខ្លួន បានឈ្នះឆ្នោតដឹកនាំឃុំ-សង្កាត់ណាមួយ មនុស្សចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើងទៅ និងគ្មានទីពឹង ក្នុងឃុំ-សង្កាត់នោះ នឹងទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀល ជារៀងរាល់ខែ។

គោលនយោបាយឃុំ-សង្កាត់របស់គណបក្សខ្មែរតែមួយ មានទាំងអស់៧ចំណុច។ គោលនយោបាយ៦ចំណុចទៀត គឺ គោលនយោបាយស្តីពីសេវាសាធារណៈ គោលនយោបាយស្តីពីការគ្រប់គ្រងដីធ្លី គោលនយោបាយស្តីពីកសិកម្ម គោលនយោបាយស្តីពីមណ្ឌលសុខភាព គោលនយោបាយស្តីពីសន្តិសុខ និង គោលនយោបាយស្តីពីយុវជនខ្មែរជំនាន់ថ្មី។

ប្រធានដំបូងរបស់គណបក្សខ្មែរតែមួយ គឺលោក កែម រិទ្ធិសិត ដែលជាប្អូនប្រុសរបស់លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាវិភាគនយោបាយដ៏ល្បីល្បាញ។ ក្រោយមក លោក គុជ លី ឡើងធ្វើជាប្រធានជំនួសលោក កែម រិទ្ធិសិត។ ក្នុងចំណោមឃុំ-សង្កាត់ទាំង១៦៥២នៅទូទាំងប្រទេស គណបក្សខ្មែរតែមួយ បានដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន៣០៕

លោក ម៉ម សូណង់ដូ៖«មិនត្រឹមតែពលរដ្ឋទេ រដ្ឋាភិបាល ក៏បក្សសំបុកឃ្មុំ រកយុត្តិធម៌ជូនដែរ»

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានបង្ហាញគោលជំហររបស់គណបក្សខ្លួន ក្នុងការឲ្យតម្លៃខ្ពស់លើយុត្តិធម៌។ ការបង្ហាញពីគោលជំហររបស់លោក ក្នុងការលើកកម្ពស់យុត្តិធម៌នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រ នាឱកាសដែលលោក ចុះទៅធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅសង្កាត់អូរឫស្សី ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

លោក ម៉ម សូណង់ ថ្លែងថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មិនមែនជាបក្សប្រឆាំងឡើយ គឺជាគណបក្សការពារ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យវ័យ៨០ឆ្នាំរូបនេះ បញ្ជាក់ដូច្នេះថា៖«មិនត្រឹមតែប្រជាពលរដ្ឋទេ រដ្ឋាភិបាល ក៏យើងរកយុត្តិធម៌ជូនដែរ»។

រកយុត្តិធម៌ជូនរដ្ឋាភិបាលយ៉ាងម៉េច? លោក បកស្រាយថា បើរដ្ឋាភិបាល ធ្វើល្អ លោក ថាល្អ បើរដ្ឋាភិបាល ធ្វើអាក្រក់ លោក ថាអាក្រក់។ លោក លើកឡើងថា បើរដ្ឋាភិបាល បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ត្រូវសរសើរ។

លោក បន្តថា បើរដ្ឋាភិបាលធ្វើអ្វី ដែលអាចទទួលយកបាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងទទួលយក ហើយបើរដ្ឋាភិបាលធ្វើអ្វី ដែលមិនអាចទទួលយកបាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងជំទាស់។ លោក សង្កេតឃើញថា កន្លងមក ទោះរដ្ឋាភិបាល បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្តី ដូចជា បញ្ហាជំងឺកូវីដ-១៩ ជាដើម ក៏ (អតីត) គណបក្សប្រឆាំង នៅតែរិះគន់ដែរ។ លោក យល់ថា បើគេធ្វើល្អ ហើយនៅតែរិះគន់គេថាអាក្រក់ទៀតនោះ លទ្ធផល គឺប្រកាប់ប្រចាក់គ្នាក្នុងសង្គម។

អ្នកនយោបាយ ដែលជាម្ចាស់កំណាព្យ «តើខ្ញុំ អាចរស់រហូតដល់ពេលណា?» រូបនេះ បានស្នើទៅប្រជាពលរដ្ឋបែបនេះថា៖«ខ្ញុំ សុំចិត្តទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំឲ្យខ្មែរយើងឈ្លោះគ្នា ប្រកាប់ប្រចាក់គ្នា ហើយកុំឲ្យចម្បាំងរាំងជល់ហ្នឹង ត្រឡប់មកវិញ យើងត្រូវមានការប្តេជ្ញាចិត្ត យើង ដើរលើផ្លូវត្រង់ ហើយកុំផ្អៀងទៅនេះទៅនោះ សុទ្ធតែខ្មែរទាំងអស់គ្នា យើង ស្អប់អ្នកណាក៏ដោយ យើង ខឹងអ្នកណាក៏ដោយ បើសិនជាយើង ឃើញសកម្មភាពរបស់គេល្អ ត្រូវយើងសរសើរគេ។ យល់ព្រមតាមទេ?»។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានគោលនយោបាយ៧ចំណុច សម្រាប់អនុវត្តនៅឃុំ-សង្កាត់។ គោលនយោបាយទាំង៧ចំណុចនោះ រួមមាន ទី១ គោលនយោបាយស្តីពីជីវភាព ទី២ គោលនយោបាយស្តីពីសុខភាព ទី៣ គោលនយោបាយស្តីពីសុវត្ថិភាព ទី៤ គោលនយោបាយស្តីពីអភិបាលកិច្ចល្អ និងសេវាសាធារណៈ ទី៥ គោលនយោបាយស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ទី៦ គោលនយោបាយស្តីពីវេទិកាសាធារណៈ ទី៧ គោលនយោបាយស្តីពីការអប់រំ សិក្សារៀនសូត្រ សិល្បៈ និង កីឡា។

បេក្ខជនរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមឃុំ-សង្កាត់ចំនួន២៣ ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២៕

បក្សជនជាតិដើម ផ្តោតលើការអភិវឌ្ឍឃុំ-សង្កាត់តាមព្រំដែន

គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលកើតចេញពីក្រុមប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅកម្ពុជា មើលឃើញពីសារសំខាន់នៃការអភិវឌ្ឍឃុំ-សង្កាត់តាមព្រំដែន។ ដូច្នេះហើយ ទើបគណបក្សនេះ បានសរសេរចេញជាគោលនយោបាយ១ថា គណបក្សខ្លួន នឹងអភិវឌ្ឍឃុំ-សង្កាត់តាមព្រំដែន និងត្រូវសហប្រតិបត្តិការជាមួយប្រទេសជិតខាង។

គោលនយោបាយស្តីពីការអភិវឌ្ឍឃុំ-សង្កាត់តាមព្រំដែន គឺជាគោលនយោបាយទី៣ ក្នុងចំណោមគោលនយោបាយទាំង៦របស់គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា សម្រាប់យកទៅអនុវត្តនៅឃុំ-សង្កាត់។ គោលនយោបាយ៥ទៀត រួមមាន ទី១ ថែរក្សាអត្តសញ្ញាណជនជាតិដើមមិនឲ្យបាត់បង់ ទី២ ផ្តល់សេវាសាធារណៈឲ្យទាន់ពេលវេលា និងមិនគិតកម្រៃពីប្រជាពលរដ្ឋ ទី៤ ការពារធនធានធម្មជាតិ មិនអនុញ្ញាត្តឲ្យមានការបំផ្លាញពីជនខិលខូច ព្រមទាំងអនុវត្តច្បាប់ឲ្យស្មើភាពគ្នា ទី៥ បញ្ឈប់ការរើសអើងអ្នកនយោបាយគ្រប់រូបភាព ទី៦ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។

គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០១៧មក មានលោក ប្លាង ស៊ីន ជាប្រធាន។ គណបក្សនេះ បានដាក់បេក្ខជន២០២នាក់ ឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមឃុំ-សង្កាត់ចំនួន១៩ ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២នៅទូទាំងប្រទេស៕

បក្សឯកភាពជាតិខ្មែរ នឹងបង្កើតអាជ្ញាកណ្តាលជួយដោះស្រាយទំនាស់ក្រៅតុលាការ ជូនពលរដ្ឋនៅមូលដ្ឋាន

បើមានឱកាសបានឈ្នះឆ្នោតដឹកនាំឃុំ-សង្កាត់ណាមួយ គណបក្សឯកភាពជាតិខ្មែរ នឹងបង្កើតយន្តការជួយដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់នោះ ជាជាងជ្រើសរើសយកការឡើងទៅតុលាការ។ គណបក្សនេះ បានសរសេរពីយន្តការនេះ ចូលទៅក្នុងគោលនយោបាយរបស់ខ្លួន។

គណបក្សឯកភាពជាតិខ្មែរ បានតាក់តែងក្នុងគោលនយោបាយដូច្នេះថា៖«គណបក្សឯកភាពជាតិខ្មែរ នឹងបង្កើតក្រុមអាជ្ញាកណ្តាល ដើម្បីដោះស្រាយទំនាស់នានានៅក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវយុត្តិធម៌ សុចរិតភាព និងមិនប្រកាន់និន្នាការនយោបាយ»។

ការបង្កើតក្រុមអាជ្ញាកណ្តាលនេះ គឺជាគោលនយោបាយ ដែលស្ថិតក្នុងលេខរៀងទី២ ក្នុងចំណោមគោលនយោបាយទាំង៩ចំណុចរបស់គណបក្សឯកភាពជាតិ សម្រាប់យកទៅអនុវត្តនៅឃុំ-សង្កាត់។

គោលនយោបាយទី១៖ បម្រើសេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋឲ្យឆាប់រហ័ស មានតម្លាភាព គ្មានការរើសអើង និងគ្មានអំពើពុករលួយ។

គោលនយោបាយទី៣៖ ទប់ស្កាត់រាល់ការដាំដុះ ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់សារជាតិញៀនផ្សេងៗ។

គោលនយោបាយទី៤៖ សហការជាមួយអ្នកវិនិយោគ អង្គការសង្គមស៊ីវិល ដើម្បីបង្កើតការងារ និងដោះស្រាយវិបត្តិសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ។

គោលនយោបាយទី៥៖ ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។

គោលនយោបាយទី៦៖ បង្កើតសេវាសង្គ្រោះបន្ទាន់នៅតាមមណ្ឌលសុខភាព និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។

គោលនយោបាយទី៧៖ ជំរុញ លើកទឹកចិត្ត គាំទ្រកម្មវិធីបណ្តុះបណ្តាលវិស័យនានា និងការអប់រំផ្នែកគុណធម៌ សីលធម៌ សុជីវធម៌។

គោលនយោបាយទី៨៖ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប និងការគោរពសិទ្ធិមនុស្ស។

គោលនយោបាយទី៩៖ ទទួលយកមតិរិះគន់ពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រយោជន៍ដល់ការអភិវឌ្ឍ និងសុខសន្តិភាពជូនជាតិមាតុភូមិ។

គណបក្សឯកភាពជាតិខ្មែរ ដែលមានលោក អ៊ុន ជឹម ជាប្រធាន បានរៀបចំបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមឃុំ-សង្កាត់ចំនួន១៤ ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២នៅទូទាំងប្រទេសកម្ពុជា៕

បក្សរស្មីខេមរា កំណត់ឲ្យពេទ្យនៅមូលដ្ឋានប្រចាំការ២៤ម៉ោង ហើយព្យាបាលពលរដ្ឋដោយមិនយកប្រាក់

ការផ្តល់សេវាសុខភាពសាធារណៈ គឺជាគោលនយោបាយ១ របស់គណបក្សរស្មីខេមរា។ ក្រុមគ្រូទេព្យ ត្រូវមានវត្តមានតាមមន្ទីរពេទ្យ២៤ម៉ោងលើ២៤ម៉ោង ការព្យាបាលដោយមិនយកប្រាក់ និងការរៀបចំឲ្យមានរថយន្តសម្រាប់ដឹកប្រជាពលរដ្ឋទៅមន្ទីរពេទ្យ ជាអាទិ៍ សុទ្ធសឹងតែជាចំណុចសំខាន់ៗក្នុងគោលនយោបាយរបស់គណបក្សនេះ។

គណបក្សរស្មីខេរមរា បានចែងក្នុងគោលនយោបាយស្តីពីសេវាសុខភាពសាធារណៈយ៉ាងដូច្នេះថា៖«មណ្ឌលសុខភាពនៅតាមមូលដ្ឋាន តម្រូវឲ្យមានគ្រូពេទ្យប្រចាំការ២៤ម៉ោង មានថ្នាំគ្រប់គ្រាន់ មានរថយន្តយ៉ាងតិច៣គ្រឿងនៅក្នុងមណ្ឌលសុខភាពនីមួយៗ សម្រាប់ដឹកអ្នកជំងឺ រាល់អ្នកជំងឺដែលទៅព្យាបាល ឬទៅពិនិត្យសុខភាព មិនតម្រូវឲ្យយកថ្លៃសេវាឡើយ ជាពិសេស មនុស្សចាស់ជរា កុមារ និង ស្ត្រីមានផ្ទៃពោះដែលត្រូវសម្រាលកូន គឺហាមមិនឲ្យយកថ្លៃសេវាជាដាច់ខាត»។

គោលនយោបាយស្តីពីសេវាសុខភាពសាធារណៈ គឺជាគោលនយោបាយទី៣ ក្នុងចំណោមគោនយោបាយទាំង៦របស់គណបក្សរស្មីខេមរា សម្រាប់យកទៅអនុវត្តនៅឃុំ-សង្កាត់។

គោលនយោបាយទី១ ស្តីពីប្រជាពលរដ្ឋជាម្ចាស់អំណាច ចែងថា គណបក្សរស្មីខេមរា ជាអ្នកបម្រើប្រជាពលរដ្ឋ ធ្វើតាមឆន្ទៈប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជាម្ចាស់អំណាច។

គោលនយោបាយទី២ ស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ចែងថា កសាងវត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្លូវលំ ផ្លូវថ្នល់បន្ថែម ជួសជុលសមិទ្ធផលចាស់ៗដែលខូចខាតឲ្យប្រែក្លាយទៅជាសភាពល្អដូចដើមវិញ ព្រមទាំងរៀបចំប្រព័ន្ធលូ ជីកប្រឡាយបង្ហៀរទឹកតាមស្រែចម្ការ ដើម្បីងាយស្រួលស្រោចស្រពស្រែចម្ការ។

គោលនយោបាយទី៤ ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ចែងថា ហាមដាច់ខាតមិនឲ្យមានល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម និង ក្មេងទំនើង។

គោលនយោបាយទី៥ ស្តីពីកិច្ចការងារសាធារណៈ ចែងថា មន្ត្រី មានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋឲ្យរហ័សទាន់ចិត្ត មិនពុករលួយ មិនរើសអើង និង មិនប្រកាន់បក្ខពួក។

គោលនយោបាយទី៦ ស្តីពីការលើកកម្ពស់ស្ត្រី និងកុមារ ចែងថា កុមារ ទទួលបានការគាំពារពីមាតាបិតានិងរាជរដ្ឋាភិបាល បញ្ចៀសការរំលោភបំពាន ការជួញដូរ ការជិះជាន់កម្លាំងពលកម្មគ្រប់រូបភាព ហើយស្ត្រី មានសិទ្ធិស្មើនឹងបុរស ដោយរាល់ការងារសង្គម ការងារនយោបាយ ស្ត្រី ត្រូវមានសិទ្ធិអាទិភាពមុនបុរស។

គណបក្សរស្មីខេមរា មានលោក ស៊ិន សុភាព ជាប្រធាន ហើយលោក ហែម ប្រសើរ និង លោក សុន សុភី ជាអនុប្រធាន។ ក្នុងចំណោមឃុំ-សង្កាត់ទាំង១៦៥២ គណបក្សនេះ មានបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន៦៕

បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មាន «សេចក្តីប្តេជ្ញា៨យ៉ាង» ជូនពលរដ្ឋ

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានគោលនយោបាយ៨ចំណុច ដើម្បីកែប្រែឃុំ-សង្កាត់ ឲ្យកាន់តែល្អប្រសើរ ដោយគោលនយោបាយទាំង៨ចំណុចនោះ សុទ្ធតែភ្ជាប់ជាមួយពាក្យ «ប្តេជ្ញា» នៅខាងមុខ។

គោលនយោបាយទី១ គឺប្តេជ្ញាបំបាត់ការរើសអើង។ គោលនយោបាយទី២ គឺប្តេជ្ញាបំបាត់អំពើពុករលួយ។ គោលនយោបាយទី៣ គឺប្តេជ្ញាគាំទ្រគម្រោងនៃកញ្ចប់ថវិកាជាតិ សម្រាប់អភិវឌ្ឍនៅមូលដ្ឋាន។ គោលនយោបាយទី៤ គឺប្តេជ្ញាបង្កើតទីផ្សារក្នុងសហគមន៍ និងធានាតម្លៃកសិផល។ គោលនយោបាយទី៥ គឺប្តេជ្ញាលើកកម្ពស់ស្រ្តី ក្នុងការបញ្ចេញមតិ។ គោលនយោបាយ៦ គឺប្តេជ្ញាកោះប្រជុំ និងផ្តល់របាយការណ៍ស្តីពីការអភិវឌ្ឍ រួមទាំងដំណោះស្រាយប្រចាំខែ។ គោលនយោបាយទី៧ គឺប្តេជ្ញាកំណត់ឲ្យច្បាស់អំពីសម្បត្តិរដ្ឋ ដីរដ្ឋ និង ផែនការយុទ្ធសាស្រ្តរបស់រដ្ឋ។ គោលនយោបាយ៨ គឺប្តេជ្ញាទទួលខុសត្រូវខ្ពស់ចំពោះការចុះហត្ថលេខាលើឯកសារការងាររដ្ឋបាល។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សរសេរក្នុងគោលនយោបាយរបស់ខ្លួនដូច្នេះថា៖«គោលនយោបាយទាំង៨ចំណុចនេះ មានសារសំខាន់ណស់ ដើម្បីកែប្រែមូលដ្ឋាន ដែលបងប្អូនជនរួមជាតិភាគច្រើន ជួបប្រទះនូវទង្វើអយុត្តិធម៌ ហើយសង្ឃឹមថា អាចនឹងមានគោលនយោបាយណាមួយ សម្រាប់ជួយកែប្រែចំណុចអវិជ្ជមានក្នុងឃុំ-សង្កាត់របស់បងប្អូនបាន»។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលស្ថិតក្រោមដឹកនាំរបស់លោក ហួន ច័ន្ទថុន ជាប្រធាន និងលោក ហួន រដ្ឋា ជាអនុប្រធាន បានដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន៤ ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១៦៥២ នៅទូទាំងប្រទេស៕

ចប់

Tag:
 គោលនយោបាយ
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com