ជាតិ
អាជ្ញាធរខេត្តសៀមរាបមិនឱ្យលក់គ្រឿងស្រវឹង២ថ្ងៃពេលបោះឆ្នោត
03, Jun 2022 , 10:59 pm        
រូបភាព
ក្លឹបកម្សាន្តពេលរាត្រីមួយកន្លែងក្នុងតំបន់ផាប់ស្រ្ទីតក្រុងសៀមរាប ថតនៅចុងខែធ្នូ ឆ្នាំ២០២១។ រូបភាព៖ អ៊ីសា រ៉ហានី
ក្លឹបកម្សាន្តពេលរាត្រីមួយកន្លែងក្នុងតំបន់ផាប់ស្រ្ទីតក្រុងសៀមរាប ថតនៅចុងខែធ្នូ ឆ្នាំ២០២១។ រូបភាព៖ អ៊ីសា រ៉ហានី
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងមិនឱ្យលក់  និងផ្អាកការពិសារគ្រឿងស្រវឹងចំនួន២ថ្ងៃ ក្នុងអំឡុងពេលបោះឆ្នោតខាងមុខនេះ។

 
ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងការលក់គ្រឿងស្រវឹង ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល។ល។ ត្រូវផ្អាកអាជីវកម្មខ្លួនជាបណ្ដោះអាសន្នរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែមិថុនា។ តាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២ ខែមិថុនា របស់រដ្ឋបាលខេត្តសៀមរាប បម្រាមនេះធ្វើឡើងក្នុងបំណងដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។ 
 
ក្រៅពីនេះ រដ្ឋបាលខេត្តក៏ជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ សម្រួល និងបង្កភាពងាយស្រួលដល់និយោជករបស់ខ្លួន ឱ្យទៅបោះឆ្នោតបានគ្រប់ៗគ្នា ស្របតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។ អាជ្ញាធរ ស្នើឱ្យស្នងការនគរបាលខេត្ត ដាក់បញ្ជាតាមដែនសមត្ថកិច្ចខ្លួន ដើម្បីអនុវត្តន៍កិច្ចការខាងលើនេះ ឱ្យបានល្អ និងអប់រំ ចាត់កម្លាំងថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយផងដែរ។
 
ជាមួយគ្នានេះដែរ នៅថ្ងៃទី២ ខែមិថុនា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំស្ដីពីការរៀបចំផែនការពារតាមការិយាល័យបោះឆ្នោតទាំង ១៥០៨ គឺស្មើនឹង ៨៤៧មណ្ឌល ទូទាំងខេត្តសៀមរាប។ ស្នងការខេត្តសៀមរាប លោក តេង ច័ន្ទណាត បញ្ជាក់ថា កម្លាំងជាង៣ពាន់នាក់ នឹងត្រូវដាក់ពង្រាយតាមការិយាល័យបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យខាងមុខនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com