ជាតិ
៥ខែនេះ ខ្យល់កន្រ្តាក់ និងរន្ទះបាញ់ សម្លាប់មនុស្ស២៤នាក់
04, Jun 2022 , 3:03 pm        
រូបភាព
 (រូបពី ក្រសួងធនធានទឹក និងឧតុនិយម)
(រូបពី ក្រសួងធនធានទឹក និងឧតុនិយម)
ភ្នំពេញ៖ ខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បានសម្លាប់មនុស្ស ២៤នាក់ និងខូចខាតផ្ទះពលរដ្ឋប្រមាណ ៥២៧ខ្នង ត្រឹមរយៈពេល៥ ខែឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

 
ស្ថានភាពអាកាសធាតុ ៥ខែ ឆ្នាំ២០២២នេះ មានភាពល្អប្រសើរជាងឆ្នាំ ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកម្ដៅខ្សោយ ហើយភ្លៀងកក់ខែកើតមានច្រើនក្នុងរដូវប្រាំង កាត់បន្ថយបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ និងសម្រាប់បង្កបង្កើនផល។ 
 
ជាក់ស្ដែង រយៈពេល៥ខែនេះ ខ្យល់កន្ត្រាក់ កើតឡើងចំនួន ៧៩លើក បណ្ដាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរប្រមាណ ៥២៧ខ្នង ផ្ទះរបើកដំបូល ១៧៧៧ខ្នង មនុស្ស១៦នាក់របួស និងស្លាប់២នាក់។ ចំណែក រន្ទះបាញ់ បានសម្លាប់មនុស្ស២២ នាក់ របួស ១៧នាក់ និងងាប់គោ ក្របី ៥៣ក្បាល ថយចុះពាក់កណ្ដាល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ 
 
ទោះបី ករណីខ្យល់កន្ត្រាក់ និងរន្ទះបាញ់ថយចុះ ប៉ុន្តែ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងរដូវវស្សាដែលឈានចូលមកដល់។ ជាពិសេស បង្កើនការផ្សព្វផ្សាយដល់មូលដ្ឋាន អំពីវិធានការការពារ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ តែងកើតឡើងរៀងរាល់ឆ្នាំ។
 
ចំពោះមុខសម្រាប់ឆ្នាំនេះ បញ្ហាប្រឈមធំបំផុត គឺជំនន់ទឹកភ្លៀង ដែលកំពុងធ្លាក់ច្រើន នៅតាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា ស្ថានភាពភ្លៀងឆ្នាំនេះ នឹងអាចបង្កឱ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គលើ នឹងមានទឹកជន់ឡើងទៀតផង ទោះបីក្រសួងជំនាញព្យាករថា ទឹកទន្លេមេគង្គនៅស្ថានីយ៍ជលសាស្ត្របាសាក់ចតុមុខ មានកម្ពស់អតិបរមា ៩,៦៥ម៉ែត្រ ទាបជាងកម្រិតប្រុងប្រយ័ត្ន ១០,៥០ម៉ែត្រក៏ដោយ។
 
ជាមួយគ្នានេះ លោក គន់ គីម ទេសរដ្ឋមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវឱ្យពលរដ្ឋ និងអាជ្ញាធរដែនដីត្រៀមលក្ខណៈ និងប្រុងប្រយ័ត្នក្នុងរដូវវស្សានេះ ដើម្បីបង្កាគ្រោះមហន្តរាយដោយធម្មជាតិអាចនឹងកើតមានជាយថាហេតុ។ 
 
យោងតាម ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីខែឧសភា ដល់តុលា នឹងមានបាតុភូតធម្មជាតិចំនួន៣ ដែលអាចធ្វើឱ្យស្ថានភាពភ្លៀងធ្លាក់ច្រើន និងអូសបន្លាយរយៈពេលយូរ។ ភ្លៀង អាចនឹងធ្លាក់ក្នុងកម្រិតមធ្យម ទៅច្រើនបង្គួរនៅដើមរដូវស្សា ហើយពីបង្គួរ ទៅច្រើននៅពាក់កណ្ដាលរដូវស្សា និងមធ្យម ទៅបង្គួរនៅចុងរដូវវស្សា៕
 

Tag:
 ខ្យល់កន្រ្តាក់
  ការប្រែប្រួលអាកាសធាតុ
 មហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com