ជាតិ
ពីនេះ ពីនោះ
សហគមន៍ទេសចរណ៍សម្រស់កោះហាន បង្កើតការងារដល់ស្ត្រីក្នុងមូលដ្ឋាន
04, Jun 2022 , 4:29 pm        
រូបភាព
សហគមន៍អេកូទេសចរណ៍ បង្កើតឱកាសការងារដល់ស្ត្រី។
សហគមន៍អេកូទេសចរណ៍ បង្កើតឱកាសការងារដល់ស្ត្រី។
ស្ទឹងត្រែង៖ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន​ ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ស្ថិតនៅតាមដងទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង។ ការបង្កើតសហគមន៍ទេសចរណ៍នេះឡើង បានចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ និងផ្ដល់ឱកាសការងារដល់ស្ត្រី និងស្ត្រីមេម៉ាយ តាមរយៈការងារជាអ្នកប្រតិបត្តិករទេសចរណ៍។


 
តទៅនេះសូមអញ្ជើញលោក អ្នកនាង ទស្សនា វីដេអូដូចតទៅ៖
 
សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ជាទីទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សហគមន៍ទេសចរណ៍នេះ មានចម្ងាយប្រមាណ២២គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង និងជាផ្នែកមួយនៃតំបន់រ៉ាមសារទន្លេមេគង្គផងដែរ។
 
សម្រស់កោះហាន មានសក្តានុពលជាច្រើនរួមមាន ឆ្នេរខ្សាច់សក្បុសធំល្វឹងល្វើយនារដូវប្រាំង ព្រៃលិចទឹក សត្វស្លាប ផ្ទាំងថ្មកំបោរមាត់ច្រាំងទន្លេ និងទឹកទន្លេថ្លាវ៉ង់ ដែលរំលេចសម្រស់ទាក់ទាញ។ នៅទីនេះក៏មានបម្រើសេវាកម្ម ផ្ទះស្នាក់ ជិះទូកកម្សាន្តតាមដងទន្លេ ការបោះតង់ ជាពិសេសទេសចរក៏អាចជួលកង់ជិះកម្សាន្តក្នុងសហគមន៍ និងបានភ្លក់ម្ហូបតំបន់ផងដែរ។
សហគមន៍អេកូទេសចរណ៍ ដែលបង្កើតនៅឆ្នាំ២០១៦មួយនេះ បានផ្ដល់ការងារ និងប្រាក់ចំណូលដល់ពលរដ្ឋមូលដ្ឋានជាច្រើន តាមរយៈសេវាកម្មដឹកភ្ញៀវ នាំភ្ញៀវ និងម្ហូបអាហារ។ ការងារនៅក្នុងសហគមន៍របស់​ពលរដ្ឋទាំងនេះ ជាការងារបន្ថែមលើការងារស្រែចម្ការ ដាំបន្លែ ចិញ្ចឹមសត្វ និងរបរនេសាទ។
 
គិតត្រឹមឆ្នាំ២០២១ សហគមន៍អេកូទេសចរណ៍មួយនេះ មានសមាជិកចំនួន២៨នាក់ ស្រី១៤នាក់ និងគណៈកម្មាការចំនួន១១ ស្រី៥នាក់។ ក្នុងឆ្នាំ២០២១ សហគមន៍មួយនេះ ទទួលបានទេសចរណ៍ចំនួន១០៦៦នាក់ ដែលអាចរកប្រាកចំណូលបាន ៤ ០១៥,៥០ ដុល្លារអាម៉េរិក។
 
តាមរយៈការបង្កើតសហគមន៍មួយនេះ បានចូលរួមលើកស្ទួយជីវភាពស្ត្រីក្នុងសហគមន៍ថែមទៀតផង។ មុនការបង្កើតសហគមន៍ទេសចរណ៍ អ្នកស្រី ប៉ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន អះអាងថា ស្ត្រីភាគច្រើនពឹងផ្អែកលើចំណូលស្វាមីខ្លួនប៉ុណ្ណោះ ខណៈស្ត្រីមេម៉ាយមួយចំនួន កង្វះមុខរបរ។
 
ថ្នាក់ដឹកនាំស្ត្រីវ័យ ៥២ឆ្នាំរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្តបន្ថែមដូច្នេះ៖ «ពីមុនមកគាត់(ស្ត្រី) ពឹងអាស្រ័យទៅលើចម្រឹងគ្រួសារ គឺស្វាមីគាត់។ តាំងពីមានអេកូទេសចរណ៍មកនេះ ពួកគាត់មានការរីកចម្រើនច្រើន សំខាន់បំផុតគឺទំនាក់ទំនង ការយល់ដឹង និងស្គាល់តម្លៃខ្លួនគាត់»។
 
បន្ទាប់ពីបង្កើតសហគមន៍នេះឡើង អ្នកស្រី កត់សម្គាល់ឃើញពីភាពផ្លាស់ប្ដូរជាវិជ្ជមាន ទៅលើស្ត្រី ដែលបានចូលរួមនឹងសហគមន៍។ ពួកគាត់លែងមានភាពខ្មាសអៀន ក្នុងការទំនាក់ទំនង ជាមួយមជ្ឈដ្ឋានខាងក្រៅ ជាពិសេសទទួលបានចំណេះដឹងផ្នែកបដិសណ្ឋារកិច្ច និងការយល់ដឹងលើការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ។
 
អ្នកស្រី យ៉ាន ឡា ជាចុងភៅមួយរូប ក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។ មុនពេលចូលរួមជាមួយសហគមន៍ អ្នកស្រី ជាកសិករស្រែចម្ការ និងជាស្ត្រីមេផ្ទះដូចស្ត្រីឯទៀតក្នុងមូលលដ្ឋានខ្លួន។ ក្រៅពីរបរស្រែចម្ការ ការចូលរួមជាអ្នកផ្ដល់​សេវាម្ហូបអាហារនេះ បានផ្ដល់ចំណូលបន្ថែមសម្រាប់គ្រួសារស្ត្រីវ័យ៤០ឆ្នាំរូបនេះ។
 
បើទោះជាការងារជាអ្នកផ្ដល់សេវាអាហារមិនទទួលបានប្រាក់ចំណូលច្រើនក៏ពិតមែន ប៉ុន្តែអ្នកស្រី សប្បាយចិត្ត ដោយសារអាចចូលរួម ការពារ និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍។ អ្នកស្រីរៀបរាប់ ទាំងសប្បាយចិត្តដូច្នេះ៖ «សប្បាយចិត្តតើ! សប្បាយទាំងអស់គ្នា ហើយពេលដែលជួបភ្ញៀវមកធ្វើម្ហូប ពេលភ្ញៀវមកលេងកម្សាន្ត តាមព្រៃលិចទឹកអីសប្បាយដែរតើ។ ហើយខ្ញុំចង់ឱ្យភ្ញៀវមកលេងគ្រប់ៗគ្នា មករាល់ថ្ងៃ និងចង់ឱ្យអេកូទេសចរណ៍នេះរីកចម្រើនទៅមុខ»។
 
គួរជម្រាបផងដែរថា សហគមន៍មួយនេះ ទេសចរអាចទៅទស្សនាទីតាំងមួយចំនួន រួមមាន ព្រៃអ្នកតា, ក្បាលកោះស្នែង, ក្បាលកោះទន្លេមួយ, ភ្នំត្រងើល, អន្លង់ថ្មកំបោរ, កន្ទុយកោះហាន និងក្បាលកោះហាន។ ជាមួយគ្នានេះ នៅទីនេះ ក៏មានបម្រើនូវសេវាកម្មម្ហូបអាហារ ផ្ទះស្នាក់ នាំភ្ញៀវ ជួលទូក ជួលតង់ កង់ និងកៃយ៉ាក់ផងដែរ៕
 
 
 

Tag:
 សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com