កីឡាជាតិ
ជាតិ
អគ្គលេខាធិការកីឡារាំ៖ យើងបានឃើញចំណុចខ្លាំង និងចំណុចខ្សោយរបស់កីឡាករ-កីឡាការិនីហើយ
04, Jun 2022 , 10:59 pm        
រូបភាព
 អត្តពលិកកម្ពុជា ប្រកួតលើវិញ្ញាសា Standard Dance នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម កន្លងមកនេះ
អត្តពលិកកម្ពុជា ប្រកួតលើវិញ្ញាសា Standard Dance នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម កន្លងមកនេះ
ក្រោយពីការចូលរួមប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម សហព័ន្ធកីឡារាំកម្ពុជា បានដឹងពីលក្ខណៈពិសេស និងចំណុចខ្វះខាតរបស់អត្ដពលិកកម្ពុជា។ សហព័ន្ធ នឹងសម្រួចសមត្ថភាពកីឡាករ កីឡាការិនីបន្ថែម តាមរយៈការបង្ហាត់បង្រៀនពីគ្រូបរទេស ។



លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការកីឡារាំកម្ពុជា បានឲ្យដឹងថា អត្ដពលិកជម្រើសជាតិកម្ពុជា ធ្វើបានល្អ ហើយទទួលបានការសរសើរពីសហព័ន្ធកីឡារាំប្រចាំនៅតំបន់អាស៊ីថែមទៀត បើទោះជាមិនទទួលបានមេដាយក្តី។ តាមរយៈការប្រកួតស៊ីហ្គេមនៅវៀតណាមនេះ សហព័ន្ធកីឡារាំកម្ពុជា បានដឹងពីចំណុចខ្វះខាតរបស់អត្តពលិក ដែលត្រូវពង្រឹងបន្ថែម ដើម្បីអាចដណ្ដើមមេដាយនៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
«ចំណុចខ្លាំងរបស់ពួកគាត់ គឺគាត់ចាប់បានលឿន និងមានសមត្ថភាពមិនចាញ់កីឡាករ និងកីឡាការិនីបរទេស ប៉ុន្មានទេ បើទោះជាគាត់ហ្វឹកហាត់ត្រឹមរយៈពេលខ្លី។ ចំពោះចំណុចខ្សោយ កីឡាករ កីឡាការិនីកម្ពុជា នៅវ័យក្មេងណាស់ បើប្រៀបធៀបជាមួយបរទេស ដោយអត្ដពលិកកម្ពុជា មានអាយុ ១៦-២០ ឆ្នាំអីប៉ុណ្ណោះ ចំណែកបរទេស ភាគច្រើនមានអាយុ ២៥ទៅ៣០ឆ្នាំ។ ម្យ៉ាងវិញទៀត អត្ដពលិកកម្ពុជា មិនសូវជាមានបទពិសោធន៍ច្រើនទេ ក្នុងការប្រកួតអន្ដរជាតិ។»។ លោកស្រីអគ្គលេខាធិការរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ។


 ប្រតិភូដឹកនាំកីឡារាំកម្ពុជា ចូលរួមប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម

ដើម្បីសម្រួចសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា សហព័ន្ធកីឡារាំ គ្រោងនឹងស្នើគ្រូអន្ដរជាតិ មកបង្ហាត់បង្រៀនពួកគេ សម្រាប់ត្រៀមខ្លួនស៊ីហ្គេម ឆ្នាំ២០២៣។ ជាពិសេសទៀតនោះ សហព័ន្ធកីឡារាំកម្ពុជា គ្រោងស្នើទៅសហព័ន្ធកីឡារាំអាស៊ី សុំឲ្យជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសចិន ព្រោះទីនោះមានគ្រូកម្រិតខ្ពស់ ប្រហាក់ប្រហែលគ្នាទៅនិងគ្រូអឺរ៉ុបដែរ។ 
 
បើតាមលោកស្រី ស៊ីម៉ន សហព័ន្ធកីឡារាំអាស៊ី ក៏បានសរសើរពីការរាំរបស់កម្ពុជា មិនចាញ់បរទេសប៉ុន្មានទេ តែដោយសារកម្ពុជា មានភាពក្មេងខ្ចី និងមិនសូវមានបទពិសោធន៍ប្រកួត។ «ប្រសិនបើ អត្ដពលិកកម្ពុជា បានចូលរួមប្រកួតអន្ដរជាតិច្រើន និងញឹកញាប់ កម្ពុជា នឹងធ្វើបានកាន់តែល្អសម្រាប់ស៊ីហ្គេមឆ្នាំក្រោយ។»។ លោកស្រី ហង់ ស៊ីមន បន្ថែមបែបនេះ។ 
 
ជាមួយនិងការសម្រួចសមត្ថភាពអត្ដពលិកនេះ សហព័ន្ធកីឡារាំកម្ពុជា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏បានយកចិត្តទុកដាក់លើការថែទាំសុខភាព និងកាយសម្បទា របស់ពួកគេ តាមរយៈរបបអាហារ ដែលមានការយកចិត្តទុកដាក់ និងពិនិត្យយ៉ាងត្រឹមត្រូវ ដើម្បីឲ្យកីឡាករ និងកីឡាការិនី មានកម្លាំងគ្រប់គ្រាន់ និងសុខភាពល្អ។
 
គួរបញ្ជាក់ថា កីឡាករ និងកីឡាការិនី នឹងចាប់ប្រមូលផ្ដុំហ្វឹកហាត់សារជាថ្មី នៅថ្ងៃទី៦ មិថុនា ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា៕


 អត្តពលិកកម្ពុជា ប្រកួតលើវិញ្ញាសា Standard Dance នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម កន្លងមកនេះ

Tag:
 កីឡារាំ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com