ជាតិ
WCS និងក្រសួងយុត្តិធម៌ សេចក្ដីព្រាងគោលការណ៍ណែនាំ ដើម្បីដោះស្រាយបទល្មើសសត្វព្រៃនៅកម្ពុជា
05, Jun 2022 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សេចក្តីព្រាងគោលការណ៍ណែនាំដោះស្រាយរឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជា អាចជាផ្នែកមួយដែលជួយការពារ និងអភរិក្សជីវៈចម្រុះនៅកម្ពុជា ជាពិសេសពន្លឿននីតិវិធីក្នុងការកាត់ក្តីឱ្យប្រសើរ និងលឿនជាងមុន។ នេះជាការរំពឹងរបស់លោក សឿន សេរីរដ្ឋា ប្រធានអង្គការ WCS ប្រចាំនៅកម្ពុជា។


អង្គការWCS សហការជាមួយចៅក្រម និងព្រះរាជអាជ្ញា ដើម្បីដោះស្រាយបទល្មើសសត្វព្រៃនៅកម្ពុជា។ សេចក្តីព្រាងគោលការណ៍ណែនាំដោះស្រាយរឿងក្តីជួញដូរសត្វព្រៃនៅកម្ពុជា រៀបចំដោយ​នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌។
 
កិច្ចប្រជុំពិគ្រោះយោបល់នេះ បានរៀបចំធ្វើឡើងចំនួនពីរលើក ដោយទីមួយបានរៀបចំធ្វើនៅថ្ងៃទី ២៦-២៧ ខែឧសភា និងទីពីរ នៅថ្ងៃទី ៣០-៣១ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីចៅក្រម និងព្រះរាជអាជ្ញាចំនួន១២០រូប មកពី២៥រាជធានី-ខេត្ត។
 
លោក សឿន សេរីរដ្ឋា ប្រធានអង្គការWCSប្រចាំនៅកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា សម្រាប់ដំណើរការនៃគោលការណ៍ណែនាំសេចក្តីព្រាង ដោះស្រាយករណីជួញដូរសត្វព្រៃនៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលព្រាង នឹងអាចចេញនាពេលឆាប់ៗ។ ប្រធានអង្គការខាងលើ បន្តលើកឡើងថា គោលការណ៍ណែនាំនេះជាផ្នែកមួយជួយចូលរួមការពារជីវៈចម្រុះ និងអាចពន្លឿនដល់នីតិវិធីក្នុងការកាត់ក្តីលើករណីជួញដូរសត្វព្រៃប្រសើរជាងមុន។
  

រូបភាពដោយ អង្គការwcs

«គោលការណ៍នេះនឹងចេញ ប៉ុន្ដែមិនទាន់អាចកំណត់បាននៅឡើយទេថាចេញនៅពេលណា ដោយសារក្រសួងយុត្តិធម៌កំពុងព្រាង។ អង្គការWCS នឹងជួយផ្នែកបច្ចេកទេស ដើម្បីសហការជាមួយក្រសួងយុត្តិធម៌»។ នេះជាការពន្យល់របស់ លោក សេរីរដ្ឋា ដោយ​សង្ឃឹមថា នៅពេលគោលការណ៍ណែនាំចេញ នឹងអាចផ្តល់ជាប្រយោជន៍មួយចំនួន។
 
បើតាមប្រធានអង្គការ WCS ប្រយោជន៍ដែលទទួលបានពីសេចក្ដីព្រាងនេះ ទី១ លើកកម្ពស់ការយល់ដឹងក្នុងក្របខណ្ឌនីតិវិធី ដើម្បីដោះស្រាយសំណុំរឿងឱ្យកាន់តែប្រសើរ។ ទី២ ជួយជំរុញឱ្យអ្នកប្រព្រឹត្តិបទល្មើស ឬអ្នកជួញដូរសត្វព្រៃខ្លាចរអាជាងមុន។ ទី៣ ចូលរួមចំណែកក្នុងកិច្ចការងារថែរក្សា និងការពារធនធានធម្មជាតិនៅកម្ពុជា។ ទី៤ ជាការបង្ហាញថាក្នុងនាមកម្ពុជា ជាប្រទេសហត្ថលេខីកំពុងចូលរួមក្នុងការអនុវត្តគោលការណ៍អន្តរជាតិ និងទី៥ លើកកម្ពស់ការយល់ដឹងជាសាធារណៈពីការជួញដូរសត្វព្រៃ៕
 
 

Tag:
 អង្គការWCS
  ការជួញដូរសត្វព្រៃ
  សេចក្តីព្រាង
© រក្សាសិទ្ធិដោយ thmeythmey.com