កីឡាជាតិ
ជាតិ
ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា៖ ពេលវេលា កាន់តែខើច យើងកាន់តែប្រឹងប្រែង
05, Jun 2022 , 9:59 am        
រូបភាព
លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា រូបពីសហព័ន្ឌកីឡាឃីកប៊ុកស៊ីង
លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា រូបពីសហព័ន្ឌកីឡាឃីកប៊ុកស៊ីង
សហព័ន្ធកីឡាឃីកប៊ុកស៊ីងកម្ពុជា កំពុងមមាញឹកសម្រួចសមត្ថភាពកីឡាករ កីឡាការិនី មុនពេលស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើ់ជាម្ចាស់ផ្ទះ។


សហព័ន្ធកីឡាឃីកប៊ុកស៊ីងកម្ពុជា បានរៀបចំផែនការសម្រាប់អត្ដពលិកកម្ពុជា ដើម្បីហ្វឹកហាត់ជាប្រចាំ។ លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ជាក់ថា ការថែមម៉ោងហ្វឹកហាត់ ត្រូវបានដាក់ក្នុងផែនការណ៍អនុវត្ត ដើម្បីធ្វើជាម្ចាស់ផ្ទះ។ ប្រធានសហព័ន្ធរូបនេះ ប្រាប់ថា៖«ពេលវេលាកាន់តែខើច យើងកាន់តែប្រឹងប្រែង ពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ និងកីឡាការិនី។»។
 
ក្រៅពីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីនោះ សហព័ន្ធកីឡាឃីកប៊ុកស៊ីង ក៏យកចិត្តទុកដាក់ពីសុខមាលភាពអត្តពលិក ជាពិសេសរបបអាហាររបស់ពួកគេផងដែរ។
 
លោក ហេង សុខឃន បន្ថែមថា៖«សម្រាប់ក្បួនកីឡា ត្រូវការសាច់ច្រើន និងបន្លែច្រើន តែត្រូវកាត់បន្ថយបាយ ដែលជាបញ្ហានាំឲ្យឡើងគីឡូ។ សាច់ស ត្រូវណែនាំឲ្យបរិភោគ និងមិនឲ្យបរិភោគសាច់ក្រហម។ សាច់ស ដូចជាសាច់មាន់ មិនឡើងគីឡូ និងអាស៊ីតទេ តែសាច់ក្រហមដូចជាសាច់គោ ដែលនាំឲ្យឡើងអាស៊ីត។ ប្រភេទសាច់ស និងបន្លែ ជាប្រភេទអាហារល្អបំផុតសម្រាប់កីឡាករ។ ម្យ៉ាងវិញទៀត ប្រភេទសាច់ក្រហមត្រូវការពេលវេលាយូរ យ៉ាងហោចណាស់ ៦ទៅ៧ម៉ោង ដើម្បីរំលាយអស់ ដែលជាហេតុប៉ះពាល់ដល់ក្រពះ និងឡើងជាតិអាស៊ីត។»។ 
 
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា សល់ពេលមួយឆ្នាំទៀតប៉ុណ្ណោះ ។ ដូច្នេះទាំងសហព័ន្ធ មន្ដ្រីបច្ចេកទេស និងក្រសួងពាក់ព័ន្ធ មមាញឺកក្នុងការងារៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ជាពិសេសតម្រង់ទិសដល់កីឡាករផងដែរ។
 
ការប្រកួតស៊ីហ្គេមលើកទី៣១នៅវៀតណាម សហព័ន្ធ បានបញ្ជូនអត្តពលិក៩រូប ចូលរួមប្រកួតក្នុងប្រភេទវិញ្ញាសាឃីកប៊ុកស៊ីង។ ក្នុងចំណោម៩នាក់នោះ អត្តពលិកកម្ពុជា៥រូបឈ្នះ បានមេដាយ៥គ្រឿង ក្នុងនោះ ទូច រ៉ាឆាន់ ឈ្នះមេដាយមាស ១គ្រឿង និងអត្ដពលិកផ្សេងទៀត បានមេដាយប្រាក់៣ និងសំរិទ្ធ១៕
 

Tag:
 ឃីកប៊ុកស៊ីង
  ស៊ីហ្គេម
  កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com