អន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ុយក្រែន៖ អ៊ុយក្រែនកំពុងធ្វើច្បាប់កំណត់ភាសាអង់គ្លេសជាភាសាអាជីវកម្ម
07, Jun 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmyhal ។ រូបថត AFP
នាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmyhal ។ រូបថត AFP
នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal នៅថ្ងៃទី៦ ខែមិថុនា លើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែនកំពុងធ្វើការលើច្បាប់ដែលនឹងកំណត់ភាសាអង់គ្លេសជាភាសាក្នុងទំនាក់ទំនងអាជីវកម្មក្នុងប្រទេស។


«ភាសាអង់គ្លេសបច្ចុប្បន្នត្រូវបានប្រើប្រាស់ក្នុងទំនាក់ទំនងអាជីវកម្មនៅទូទាំងពិភពលោក ដូច្នេះការ​ចាត់ទុកភាសាអង់គ្លេសជាភាសាអាជីវកម្មនៅអ៊ុយក្រែននឹងជំរុញការអភិវឌ្ឍផ្នែកអាជីវកម្ម ទាក់ទាញការវិនិយោគ និងពន្លឿនការធ្វើសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន»។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal បានសរសេរបែបនេះនៅលើបណ្តាញសង្គម Telegram នៅថ្ងៃទី៦ ខែមិថុនា។ យ៉ាងណាមិញ ​លោក​មិនបានបញ្ជាក់លម្អិតពីខ្លឹមសារនៃច្បាប់នេះឡើយ។ 
 
គួរបញ្ជាក់ថា ភាសាអ៊ុយក្រែន គឺជាភាសាផ្លូវការតែមួយគត់របស់ប្រទេសនេះ។ បើតាមការស្ទង់មតិឆ្នាំ​២០១៩​ ដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុងកៀវ ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនសរុប ភាគច្រើននិយាយឬអាចនិយាយតែភាសាអ៊ុយក្រែន ខណៈពលរដ្ឋជាង៣០ភាគរយទៀត ភាគច្រើននិយាយ ឬអាចនិយាយតែភាសារុស្ស៊ីប៉ុណ្ណោះ។ 
 
កន្លងមក កម្រិតភាសាអង់គ្លេសនៅអ៊ុយក្រែន ត្រូវមើលឃើញមានភាពរីកចម្រើនផងដែរ ប៉ុន្តែកម្រិតភាសាអង់គ្លេសរបស់ពលរដ្ឋនៅអ៊ុយក្រែននៅតែតាមពីក្រោយប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតនៅឡើយ។
 
យោងតាមក្រុមហ៊ុនអប់រំអន្តរជាតិដែលមានមូលដ្ឋាននៅស៊ុយអែត EF Education First ជំនាញភាសាអង់គ្លេសនៅអ៊ុយក្រែនគឺនៅកម្រិតមធ្យមប៉ុណ្ណោះ។ ក្នុងការស្ទង់មតិប្រៀបធៀបកម្រិតភាសាអង់គ្លេសក្នុងចំណោមប្រទេស៣៥នៅអឺរ៉ុប អ៊ុយក្រែនឈរនៅចំណាត់ថ្នាក់៣០ ដែលឈរនៅក្រោយប៉ូឡូញ និងបេឡារុសទៅទៀត។
 
កន្លងមក ភាសារុស្សីបានដើរតួនាទីយ៉ាងធំក្នុងអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយនៅអ៊ុយក្រែន។ វានៅតែត្រូវបានគេនិយាយយ៉ាងទូលំទូលាយនៅក្នុងទីក្រុងជាច្រើនរួមទាំងទីក្រុងកៀវផង បើទោះបីជាការប្រើប្រាស់ភាសារុស្សីនេះ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើងក៏ដោយ។ អាជីវកម្ម និងស្ថាប័នផ្សេងទៀតក៏ត្រូវបានរដ្ឋាភិបាលទីក្រុងកៀវ តម្រូវឱ្យប្រើប្រាស់ភាសាអ៊ុយក្រែនផងដែរ៕​
 

Tag:
 អ៊ុយក្រែន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com