ជាតិ
សេដ្ឋកិច្ច
អង្គការមួយរបស់កូរ៉េខាងត្បូង ផ្តល់ជំនួយវេជ្ជសាស្ត្រតម្លៃជាង៨២ម៉ឺនដុល្លារ ដល់ព្រឹទ្ធសភាកម្ពុជា
08, Jun 2022 , 11:36 am        
រូបភាព
លោក គីម ជីនហ៊ូ តំណាងអង្គការ Global Life Sharing (ឆ្វេង) លោក Park Heung-Kyeongឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា(កណ្តាល) និងលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាកម្ពុជា (ស្តាំ) នាពិធីប្រគល់-ទទួលអំណោយផ្នែកវេជ្ជសាស្រ្ត ថ្ងៃទី០៧ខែមិថុនា ។ រូបថត ៖ ព្រឹទ្ធសភាកម្ពុជា ។
លោក គីម ជីនហ៊ូ តំណាងអង្គការ Global Life Sharing (ឆ្វេង) លោក Park Heung-Kyeongឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា(កណ្តាល) និងលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាកម្ពុជា (ស្តាំ) នាពិធីប្រគល់-ទទួលអំណោយផ្នែកវេជ្ជសាស្រ្ត ថ្ងៃទី០៧ខែមិថុនា ។ រូបថត ៖ ព្រឹទ្ធសភាកម្ពុជា ។
ដោយ ៖ ធន់ សេងហុង 
 
អង្គការចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ បានផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រ រួមមានថ្នាំពេទ្យ សម្ភារ និងបរិក្ខាពេទ្យ ដល់ព្រឹទ្ធសភាកម្ពុជា ដែលជំនួយទាំងនេះ មានតម្លៃជាង៨២ម៉ឺនដុល្លារ។

 
ជំនួយមនុស្សធម៌ផ្នែកវេជ្ជសាស្រ្ត ដែលរួមមាន ថ្នាំពេទ្យ និងគ្រឿងសម្ភារ បរិក្ខាពេទ្យ របស់អង្គការចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) ត្រូវបានប្រគល់ដល់ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៧មិថុនានេះ។ យោងតាមហ្វេសប៊ុកអ្នកនាំពាក្យព្រឹទ្ធសភា លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាកម្ពុជា ជាតំណាងភាគីផ្តល់ និងទទួលជំនួយនេះ។ 
 
លោក ជា ធីរិទ្ធ តំណាងក្រុមការងារសម្របសម្រួលជំនួយមនុស្សធម៌នេះ បានបញ្ជាក់ថា ជំនួយផ្នែកវេជ្ជសាស្រ្ត ដែលអង្គការ Global Life Sharing ផ្តល់ឱ្យព្រឹទ្ធសភានេះ គិតជាទឹកប្រាក់សរុប ៨២៦ ៥៤០ដុល្លារ។ អង្គការនេះ នឹងបន្តផ្តល់ជំនួយដល់ព្រឹទ្ធសភាកម្ពុជា នាពេលខាងមុខទៀត។ លោក ជា ធីរិទ្ធ អះអាងដូច្នេះ។
 
លោក គីម ជីនហ៊ូ តំណាងអង្គការចែករំលែកសង្គ្រោះជីវិតសកល បានគូសបញ្ជាក់ថា អង្គការមានគម្រោងចុះអនុស្សារណជាមួយព្រឹទ្ធសភាកម្ពុជា នៅដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ស្តីពីការផ្តល់ជំនួយមនុស្សធម៌បន្ថែម សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារ។ បើតាម លោក ជីនហ៊ូ អង្គការចែករំលែកសង្គ្រោះជីវិតសកល ក៏បានផ្តល់ជំនួយដូចគ្នានេះ ឱ្យប្រទេសចំនួន១០ទៀតដែរ ហើយប្រទេសអ៊ុយក្រែន ក៏ស្ថិតក្នុងចំណោមប្រទេសទាំង១០នេះដែរ។
 
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា លោក Park Heung-Kyeong ចាត់ទុកពិធីប្រគល់ និងទទួលជំនួយមនុស្សធម៌នាពេលនេះ ថាមានអត្ថន័យបំផុតនៅក្នុងឆ្នាំនេះ ហើយក៏ជាថ្ងៃគម្រប់ខួបទី២៥ឆ្នាំ នៃទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកូរ៉េ និងកម្ពុជាដែរ។ រយៈពេល២៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២ មានការកើនឡើងជាលំដាប់ ជាពិសេសវិស័យសុខាភិបាល ការអភិវឌ្ឍ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំង២ ខណៈកម្ពុជា គឺជាដៃគូដ៏សំខាន់ក្នុងការទទួលបានជំនួយចំនួន ១៥០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ។ លោក Park Heung-Kyeong បន្ថែមដូច្នេះ មុននឹងបន្តថាជំនួយទាំងអស់ រួមទាំងជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកលផង មានគោលដៅកាត់បន្ថយភាពក្រីក្រ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាពទាំងអស់គ្នា។
 
លោក ម៉ម ប៊ុននាង បានចាត់ទុកថា ជំនួយមនុស្សធម៌របស់អង្គការ Global Life Sharing ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកាចសាហាវនានាដូចជាជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺកូវីដ-១៩ជាដើម។
 
គួរបញ្ជាក់ថា Global Life Sharing ជាអង្គការដែលជួយឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជុំវិញពិភលោក៕
 
 

Tag:
 កូរ៉េខាងត្បូង ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com