ជាតិ
សេដ្ឋកិច្ច
ចិន ជួយ ធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម
08, Jun 2022 , 11:29 pm        
រូបភាព
បឋមសិលានៃការដ្ឋានសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម
បឋមសិលានៃការដ្ឋានសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម
ភ្នំពេញ៖ រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៃខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី៨មិថុនា។ ការសាងសង់នេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា។​

 
សាធារណរដ្ឋប្រជាមានិតចិន សម្រេចជួយកម្ពុជា​ក្នុងការសាងសង់រោងជាងជួសជុលនាវា(Drydock, Slipway)  ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម។ បើតាម លោក ចៅ ភិរុណ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​សម្ភារបច្ចេកទេស​នៃក្រសួងការពារជាតិ​ ការជួយរបស់ចិននោះ គឺផ្តោតលើចំណុចសំខាន់ៗមួយចំនួន។
 
នាពិធី​បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា (Drydock, Slipway) ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃទី៨មិថុនា លោក ចៅ ភិរុណ បានបញ្ជាក់​ថា ចិននឹងរៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹកនៅមូលដ្ឋានរាម ដើម្បីធ្វើឱ្យមានលទ្ធភាពគ្រប់គ្រងពិតប្រាកដលើទីតាំងភូមិសាស្ត្រដែលមានស្រាប់ រួមទាំងធ្វើឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារបំពេញការងារគ្រប់ផ្នែក។ 
 
លើសពីនេះ ចិនក៏ជួយជួសជុលនាវាកងទ័ពជើងទឹកចាស់ៗចំនួន៨គ្រឿង ដោយយកទៅជួសជុលនៅប្រទេសចិនផ្ទាល់ និងជួយជួសជុលដុកបណ្តែត២គ្រឿង ដោយមួយគ្រឿងមានចំណុះ៦០០តោន ព្រមទាំងជួយបំពេញបន្ថែមនូវនាវាសម្រាប់បម្រើការបច្ចេកទេសមួយចំនួនទៀត ផងដែរ។ ក្នុងនោះមាននាវាអូសសណ្ដោង២គ្រឿង, នាវាដឹកស្បៀងគ្រឿងបរិក្ខារ១គ្រឿង និងត្រៀមលើកគម្រោងសម្ភារ ឧបករណ៍ផ្សេងៗទៀត តាមការខ្វះខាតជាក់ស្តែង។
 
លោក ចៅ ភិរុណ បន្តរៀបរាប់ថា តាមរយៈជំនួយឥតសំណងនោះ ចិនក៏ជួយកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យមួយកន្លែង សម្រាប់បម្រើការងារផ្ទៃក្នុងរបស់កងទ័ពជើងទឹក និងប្រជាជនដែលរស់នៅក្បែរខាងក្នុងតំបន់។ ជាមួយគ្នានេះ ចិន​នឹងជួយកសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) សម្រាប់បម្រើឱ្យការជួសជុលនាវាគ្រប់ប្រភេទដែលកងទ័ពជើងទឹកកម្ពុជា កំពុងប្រើប្រាស់។ 
 
​លោកបញ្ជាក់ថា ការកសាងរោងជាងជួសជុលនាវានេះ គឺដើម្បីកាត់បន្ថយការបញ្ជូននាវាទៅជួសជុលនៅក្រៅប្រទេស ដើម្បីបន្ថយការចំណាយថវិកាជាតិ និងលើកកម្ពស់ការបង្ហាត់បង្រៀនអ្នកឯកទេសគ្រប់ផ្នែក ទាំងគ្រឿងបំពាក់ ដែលមានលើនាវាដោយខ្លួនឯង រៀនបើកបរ ជួសជុលថែទាំ និងសិក្សាស្រាវជ្រាវ លើកកម្រិតសមត្ថភាពជាអ្នកឯកទេស អាចជួសជុល ឬរៀបតម្លើងនាវាធុនមធ្យមល្មមៗ ដោយខ្លួនឯង សិក្សាច្បាប់ទម្លាប់ វិស័យផ្ទៃសមុទ្រ សម្រាប់ជាតិ និងអន្តរជាតិដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
 
ចិន ក៏ជួយកសាងផែសំចត២កន្លែង សម្រាប់នាវាធុនស្រាល និងមធ្យម ព្រមទាំងជួយស្ដារឃ្លងដែលមានស្រាប់ ឱ្យមានលទ្ធភាពទូលំទូលាយសម្រាប់នាវាធុនមធ្យមចរាចរចេញចូលបានដោយរលូន។ ក្រៅពីនេះ ចិនក៏ផ្តល់ឯកសណ្ឋានយោធាសម្រាប់កងទ័ពជើងទឹកកម្ពុជាប្រើប្រាស់ចំនួន៧ប្រភេទ ក្នុងចំនួន៣៦ ៩០០កំប្លេ ផងដែរ។ នេះជាការរៀបរាប់បន្ថែមរបស់លោក ចៅ ភិរុណ។  
 
អគ្គនាយក​នៃអគ្គនាយកដ្ឋាន​សម្ភារបច្ចេកទេស​នៃក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា ការសាងសង់គម្រោងទាំងអស់នេះ គឺប្រើប្រាស់រយៈពេល២ឆ្នាំ ដោយប្រើ​កម្លាំងឯកទេសមកពីកងទ័ពរំដោះប្រជាជនចិន និងក្រុមហ៊ុនជំនាញនានាមកពីប្រទេសចិនតែម្តង៕ 
 

Tag:
 សមុទ្ររាម
  សម្តេច ទៀ បាញ់
© រក្សាសិទ្ធិដោយ thmeythmey.com